NEWS

ផាកពិន័យ Arsenal ករណីបរាជ័យគ្រប់គ្រងអាកប្បកិរិយាកីឡាករ

2025-02-18 13:50:58
ក្រុម Arsenal ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ផាកពិន័យជាទឹកប្រាក់ប្រមាណ ៦៥០០០ ផោន សម្រាប់ការបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយាកីឡាកររបស់ពួកគេ។ ជាការពិត អំឡុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៣ កាលពីចុងខែមករា Arsenal បានយកឈ្នះ Wolverhampton ដោយលទ្ធផល ១-០ នាកីឡដ្ឋាន Molineux Stadium។ ក្នុងការប្រកួតនោះ ខ្សែបម្រើ Myles Lewis-Skelly របស់ Arsenal ត្រូវបានពិន័យកាតក្រហម នៅនាទី៤៣ ដោយសារការបង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Matt Doherty ខណៈការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលលោក Michael Oliver ក៏បានធ្វើឡើងក្រោយ VAR គាំទ្រថា Myles Lewis-Skelly ពិតជាបង្កកំហុសពិតមែន។ យ៉ាងណាមិញ ក្រោយពីការសម្រេចចិត្តបណ្តេញកីឡាករវ័យ១៨ឆ្នាំចេញពីទីលាន ស្រាប់តែក្រុមកីឡាករ Arsenal បាននាំគ្នាមកចោមរោមតវ៉ាជាមួយអាជ្ញាកណ្តាលវ័យ៣៩ឆ្នាំ ទាំងមិនសមរម្យ ដែលទង្វើនេះធ្វើអោយ FA ចោទប្រកាន់ក្រុមកាំភ្លើងធំតែម្តង ពីបទមិនអាចគ្រប់គ្រងកីឡាកររបស់ពួកគេបាន។ ចំពោះ Arsenal វិញ បានទទួលស្គាល់កំហុសនៃការមិនអាចគ្រប់គ្រងកីឡាករនេះ នៅមុនពេលគណៈកម្មការនិយតកម្មឯករាជ្យមួយបានដាក់ទណ្ឌកម្មលើពួកគេ ប៉ុន្តែក្លិបក៏នឹងធ្វើការដាក់បណ្តឹងឧទ្ធរណ៍ ប្តឹងតវ៉ាប្រឆាំងនិងកាតក្រហម និង ការពិន័យ៣ប្រកួតលើកីឡាករ Myles Lewis-Skelly វិញដែរ។ ដោយឡែក មន្ត្រីអាជ្ញាកណ្តាលលោក Michael Oliver ក្រោយការកាត់សេចក្តីការប្រកួតរវាង Arsenal ទល់នឹង Wolverhampton ហើយនោះ រូបលោកនិងក្រុមគ្រួសារក៏ត្រូវបានរងការគម្រាមកំហែង ពីជនអនាមិកជាច្រើន។ បញ្ហានេះ បានធ្វើអោយស្ថាប័នអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL ក្របខណ្ឌ Premier League និងមន្ត្រីប៉ូលីសអង់គ្លេស បើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកជនបង្កហេតុមកកាត់ទោសតាមច្បាប់៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport