កីឡាករ Real Madrid ៤ រូប ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធករណី ចែកចាយវីដេអូអាសអាភាស
2025-02-18 13:52:17
ខ្សែការពារ Raul Asencio របស់ Real Madrid កំពុងត្រូវបានស៊ើបអង្កេតជាមួយកីឡាករ ៣នាក់ផ្សេងទៀតទាក់ទងនឹងការចោទប្រកាន់ក្នុងការចែកចាយវីដេអូអាសអាភាស ហើយមួយក្នុងចំណោមនោះត្រូវបានគេរាយការណ៍ថាមានពាក់ព័ន្ធនឹងអនីតិជន។
តុលាការអេស្ប៉ាញបានច្រានចោលសំណើសុំទម្លាក់ការស៊ើបអង្កេតលើ Raul Asencio ដែលមានន័យថា រូបគេអាចត្រូវបានកាត់ទោស និងនាំយកទៅតុលាការ ប្រសិនបើរកឃើញថា មានកំហុស ។
ករណីនេះ បានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ២០២៣ ដោយឃើញមាន Raul Asencio និងកីឡាករ Real Madrid ៣ នាក់ផ្សេងទៀតដូចជា Ferran Ruiz Juan Rodriguez និង Andres Garcia ត្រូវបានចោទប្រកាន់ពីបទចែករម្លែកវីដេអូរសើបតាមរយៈ WhatsApp ។ ប៉ូលិសបានបង្ហាញថា នារីម្នាក់ក្នុងចំណោមអ្នកថតវីដេអូនោះមានអាយុក្រោម១៦ឆ្នាំ ។
អាជ្ញាធរបានចាប់ខ្លួន Ruiz, Rodriguez និង Garcia ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយដំបូងកំណត់អត្តសញ្ញាណ Asencio ជាសាក្សីប៉ុណ្ណោះ។ យ៉ាងណា ស្ថានភាពរបស់កីឡាករវ័យ២២ឆ្នាំ ក្រោយមកបានផ្លាស់ប្តូរទៅជាជនសង្ស័យ និងជំរុញអោយមានការស៊ើបអង្កេតបន្ថែមទៀត៕