គ្រូ Celtic ចង់អោយកូនក្រុមបង្កើនភាពក្លាហានវាយបកយកឈ្នះ Bayern Munich វិញនៅ UEFA Champions League
2025-02-18 13:57:17
គ្រូបង្វឹក Celtic លោក Brendan Rodgers បាននិយាយថា លោកចង់អោយកូនក្រុមបង្កើនភាពក្លាហានដើម្បីវាយបកយកឈ្នះ Bayern Munich វិញពេលពួកគេត្រូវជួបគ្នាសាជាថ្មីនៅក្នុងការប្រកួត UEFA Champions League វគ្គ Playoff ជើងទី២។
កាលពីការប្រកួតជើងទី១ ដែលធ្វើឡើងនាទឹកដីខ្លួនឯង Celtic Park ក្រុម Celtic បានចាញ់ក្រុម Bayern Munich ២-១។ លទ្ធផលនេះបានធ្វើអោយ Celtic ស្ថិតក្នុងភាពប្រផុតប្រផើយការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ Playoff នេះ។
មែនទែនទៅ Celtic កំពុងសម្លឹងឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពានអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ ។ ប៉ុន្តែវាជារឿងពិបាកមួយសម្រាប់ក្រុមស្កុតឡេននេះដ្បិត ពួកគេមិនដែលទទួលបានជ័យជំនះក្រៅដីទល់នឹងក្រុមរបស់អាល្លឺម៉ង់ដែរ ហើយក៏មិនដែលបានឈានទៅវគ្គបន្តនៅពានរង្វាន់អឺរ៉ុបដែរបន្ទាប់ពីចាញ់ជើងទី១ក្នុងផ្ទះរបស់ខ្លួនរួច។
បែបនេះក្តី គ្រូបង្វឹក លោក Brendan Rodgers បានលើកទឹកចិត្តកូនក្រុម អោយមានភាពក្លាហាន និង ប្រឹងប្រែងកាន់តែខ្លាំងដើម្បីអាចយកឈ្នះ Bayern Munich បើទោះជាពួកគេនឹងត្រូវលេងក្រោមសម្ពាធដ៏ធំក្តី។
គ្រូបង្វឹកវ័យ៥២ឆ្នាំ បានអោយដឹងដូច្នេះ “ អ្នកដឹងទេ នៅពេលដែលអ្នកលេងការប្រកួត២ជើង វាជារឿងសំខាន់ដែលអ្នកចូលមកក្នុងជើងទី២ ហើយអ្នកមានឱកាសធ្វើរឿងអស្ចារ្យបាន។ ដូច្នេះហើយ យើងត្រូវតែឆ្លាត ក្នុងការប្រកួត។ យើងមានកីឡាករដែលអាចរកគ្រាប់បាល់បាន។ ខ្ញុំគិតថាសម្រាប់ក្រុមរបស់យើង មានការការពារបានល្អ។ ដូច្នេះហើយ យើងដឹងថាយើងអាចការពារបាននៅកម្រិតនេះ ហើយបន្ទាប់មកយើងគ្រាន់តែមានភាពក្លាហាន ដើម្បីចូលទៅលេងការប្រកួតរបស់យើង ហើយនោះនឹងក្លាយជាគន្លឹះសម្រាប់ពួកយើងក្នុងការវាយបកឈ្នះគូប្រកួតវិញ។”
សូមបញ្ជាក់ថា ការប្រកួត UEFA Champions League វគ្គ Playoff ជើងទី២រវាង Celtic និង Bayern Munich នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Allianz Arena ដែលជាការប្រកួតកាត់ក្តីស្វែងរកក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៕