NEWS

Man UTD ប្រកាសការខាតបង់ប្រាក់ចំណូលប្រមាណ៦,២ លានផោន

2025-02-20 12:57:33
ក្លិប Man UTD បានរាយការណ៍ពីការខាតបង់ចំណូលចំនួន ៦,២ លានផោន នៅក្នុងត្រីមាសទី២ដែលរងផលប៉ះពាល់ដោយសារការទទួលបានប្រាក់ចំណូលទាប ខណៈដែលក្លិបបានលេងត្រឹមពានរង្វាន់ UEFA Europa League ដែលមិនសូវទទួលបានប្រាក់រង្វាន់ច្រើន ជំនួសអោយការប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។ ក្លិបបិសាចក្រហមបានប្រកាសថាប្រាក់ចំណូលបានធ្លាក់ចុះមកត្រឹមចំនួន១៩៨,៧លានផោនសម្រាប់រយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤ ដោយធ្លាក់ចុះមកពីចំនួន ២២៥,៨លានផោន សម្រាប់រយៈពេលដូចគ្នាកាលពី ១២ ខែមុន។ សរុបមក ក្លិប Man UTD ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៣,១លានផោន ដែលជាការធ្លាក់ចុះពី ២៧,៥ លានផោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ បន្ទាប់ពីចំណាយ ១៤,៥ លានផោនលើការបណ្តេញគ្រូបង្វឹកលោក Erik ten Hag និងក្រុមបុគ្គលិកគ្រូបង្វឹករបស់លោករួមទាំងការចំណាយលើការជួល និងបណ្តេញអតីតនាយកកីឡា លោក Dan Ashworth ក្នុងរយៈពេល ៥ខែ ដែលចំណាយអស់ ៤,១ លានផោន។ សេចក្តីប្រកាសរបស់ ក្លិប Man UTD ចំពេលដែលក្លិបបានធ្វើការកាត់បុគ្គលិកបន្ថែមជិត២០០នាក់ រួមទាំងជាការឆ្លើយតបទៅនឹងការរិះគន់របស់អ្នកគាំទ្រអំពីការដំឡើងថ្លៃសំបុត្រដល់ ៦៦ផោន ក្នុងមួយប្រកួត មិនលើកលែងទាំងអ្នកគាំទ្រចូលនិវត្តន៍ ឬ កុមារនោះឡើយ។ ការសម្រេចចិត្តនេះក៏ត្រូវបានក្លិប Man UTD អះអាងថា ជាការធ្វើឡើងយ៉ាងលំបាក ហើយក្លិបមិនចង់ប្រឈមនឹងការបំពានច្បាប់ប្រាក់ចំណេញនិងនិរន្តរភាពរបស់ Premier League ។ ទោះជាយ៉ាងណាក៏ដោយ ក្លិប Man UTD បានព្យាករណ៍ថាប្រាក់ចំណេញស្នូលប្រចាំឆ្នាំដែលត្រូវបានកែសម្រួលពី ១៤៥ លានផោនទៅ ១៦០ លានផោន នឹងនៅតែរក្សាការព្យាករណ៍ ពេញមួយឆ្នាំមិនផ្លាស់ប្តូរ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport