លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្លិប Feyenoord
2025-02-24 13:30:50
ក្លិបហូឡង់ Feyenoord បានបញ្ជាក់ថា លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ដែលជាការវិលត្រឡប់ទៅកាន់ក្លិបដែលលោកបានចាប់ផ្តើម និងបញ្ចប់អាជីពលេងជាកីឡាករ។
បុរសសញ្ជាតិហូឡង់វ័យ ៤១ ឆ្នាំ បានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ហើយនឹងត្រូវបានចូលរួមដោយជំនួយការគ្រូបង្វឹក Rene Hake ដែលបានធ្វើការរយៈពេលខ្លីក្រោមការដឹកនាំរបស់លោក Erik ten Hag នៅ Man UTD មុនពេលរូបលោកត្រូវបានបណ្តេញចេញពីកីឡដ្ឋាន Old Trafford។
លោក Van Persie បានប្រាប់គេហទំព័ររបស់ក្លិបថា “អ្នករាល់គ្នាដឹងថាចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹង Feyenoord គឺពិសេស។ ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង ដើម្បីធ្វើការជាមួយក្រុមកីឡាករនៅទីនេះ ដើម្បីស្វែងរកភាពជោគជ័យជាមួយគ្នា។"
សម្រាប់ថ្នាក់ដឹកនាំរបស់ក្លិប Feyenoord លោក Dennis te Kloese បាននិយាយថា លោក Van Persie សមនឹងទម្រង់គ្រូបង្វឹកដែលពួកគេកំពុងស្វែងរក។
លោក Te Kloese បាននិយាយថា “យើងពិតជារីករាយណាស់ដែលជាមួយវត្តមានរបស់លោក Robin van Persie នាមជាគ្រូបង្វឹកថ្មីរបស់ Feyenoord ។ លោក Robin ស្គាល់ក្លិបបានយ៉ាងល្អមិនគួរអោយជឿ ហើយដឹងច្បាស់ពីអ្វីដែលត្រូវការដើម្បីសម្រេចបានលទ្ធផល។ ជាមួយនឹងបទពិសោធន៍អន្តរជាតិដ៏ធំធេងលោក Robin អាចជួយកីឡាករអភិវឌ្ឍបន្ថែមទៀតនៅទីនេះ។ លើសពីនេះទៅទៀត ចក្ខុវិស័យបាល់ទាត់របស់គាត់សមឥតខ្ចោះជាមួយនឹងអ្វីដែលយើងមាននៅក្នុងចិត្តនៅ Feyenoord ។”
លោក Robin Van Persie បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់អាជីពនៅក្នុងឆ្នាំ ២០០១ ជាមួយ Feyenoord នេះដោយស៊ុតបញ្ចូលទីបាន ៤៦ គ្រាប់ពីការបង្ហាញខ្លួន ១២៣ ប្រកួត ក្នុងការចូលលេងចំនួន ២លើក គឺចាប់ពីឆ្នាំ ២០០១-២០០៤ និង ២០១៧-២០១៩។ លោក Robin Van Persie ក៏ធ្លាប់លេងអោយក្លិបធំៗដទៃទៀតដូចជា Arsenal, Manchester United និង Fenerbahce ។
លោក Van Persie បានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Heerenveen ក្នុងនាមជាគ្រូបង្វឹកនៅដើមរដូវកាលនេះ។ យ៉ាងណា Feyenoord បានទិញផ្តាច់កុងត្រារបស់លោក Van Persie ដើម្បីនាំយករូបលោកមកចូលរួម ៕