NEWS

គ្រូ Liverpool សរសើរកូនក្រុមក្រោយយកឈ្នះ Man City ដល់ក្នុងទឹកដី

2025-02-24 13:33:42
លោក Arne Slot គ្រូបង្វឹក Liverpool បានលើកសរសើរមិនដាច់ពីមាត់ទៅលើការលេងល្អរបស់កូនក្រុមខ្លួនក្រោយពីពួកគេអាចស៊ុតបាល់បញ្ចូលទីដើម្បីយកឈ្នះលើ Man City ដល់ក្នុងកីឡដ្ឋាន Etihad ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ស្ថិតិនៃការប្រកួតនេះ Man City អាចគ្រប់គ្រងទីលានបាន៦៦ភាគរយ ឱកាសស៊ុត១៦ដង ខណៈ Liverpool មានឱកាសស៊ុតតែ៨ដង។ ទោះយ៉ាងណា Liverpool បង្ហាញការលេងល្អជាង ហើយអាចរកគ្រាប់បាល់នាំមុខ២គ្រាប់មុននៅក្នុងវគ្គទី១ ដោយ Mohamed Salah ធ្វើបាននៅនាទី១៤ និង Dominik Szoboszlai ធ្វើបាននៅនាទី៣៧។ នៅក្នុងវគ្គទី២វិញ Liverpool ស្ទើរតែរកបាន១គ្រាប់ទៀតដោយ Curtis Jones ស៊ុតនៅនាទិ៥៦ តែត្រូវបាន VAR បដិសេធវិញ។ សម្រាប់ក្រុមម្ចាស់ផ្ទះ Man City មិនអាចរកគ្រាប់ពីសំណាញ់ទីក្រុមគូប្រជែងបានទេ ខណៈលទ្ធផល Man City ០ Liverpool ២ បន្តដល់ចប់ការប្រកួត។ ជាមួយនជ័យជំនះនេះត្រូវបានគ្រូបង្វឹក Liverpool លោក Arne Slot យល់ថា ជាជោគជ័យដ៏ធំមួយ ដែលក្រុមអាចធ្វើបាន គឺការស៊ុតបញ្ចូលទីក្នុងទឹកដីក្រុមជើងខ្លាំងដូចជា Man City ដែលធ្វើអោយភាពក្លៀវក្លានិងការប្រជែងជើងឯក Premier League របស់ក្រុមកាន់តែមានភាពរលូនឡើងបន្ថែមទៀត។ លោក Arne Slot បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ប្រសិនបើអ្នកលេងនៅកីឡដ្ឋាន Etihad ហើយឈ្នះនៅទីនោះទៀត វាតែងតែជាការឈ្នះដ៏ធំ ព្រោះអ្នកលេងជាមួយក្រុមខ្លាំងដូចជាក្រុមរបស់លោក Pep Guardiola វាស្ទើរតែមិនអាចមានបាល់ច្រើនជាងក្រុមរបស់គាត់នោះទេ។ ដូច្នេះ យើងដឹងថាយើងត្រូវតែការពារអោយបានច្រើន ហើយនោះជាអ្វីដែលយើងធ្វើបានយ៉ាងល្អ ហើយបន្ទាប់មកពេលវេលាដ៏ល្អមួយចំនួនក្នុងការវាយបកបាននាំអោយពួកយើងឈ្នះការប្រកួត។ វាជារឿងដ៏រីករាយសម្រាប់ពួកយើង។” ឆ្លងកាត់២៧ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រុម Liverpool ឈ្នះ១៩ ស្មើ ៧ ចាញ់ ១ មាន ៦៤ពិន្ទុ បង្កើនការនាំមុខលើក្រុមលេខ២ Arsenal ដល់ទៅ ១១ពិន្ទុ។ រីឯក្រុមការពារជើងឯក Man City វិញនៅលេខ៤ មាន ៤៤ពិន្ទុ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport