លោក Jose Mourinho ត្រូវចោទប្រកាន់ពីការរើសអើងជាតិសាសន៍
2025-02-26 14:25:01
គ្រូបង្វឹក Fenerbahçe លោក Jose Mourinho ត្រូវបានចោទប្រកាន់ពីការបញ្ចេញមតិមានលក្ខណៈរើសអើងជាតិសាសន៍នៅក្រោយការប្រកួតទល់នឹង Galatasaray។
ក្នុងជំនួបដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ រវាង Galatasaray និង Fenerbahçe នៃការប្រកួតលីគកំពូលរបស់ទួរគីកាលពីពេលថ្មីៗនេះ លោក Jose Mourinho គ្រូបង្វឹកក្រុមភ្ញៀវ Fenerbahçe ត្រូវបានគេរាយការណ៍ថា បានបំពានច្បាប់រើសអើងពូជសាសន៍។
វាមិនទាន់ច្បាស់ថា តើ Galatasaray នឹងចោទប្រកាន់ លោក Jose Mourinho ក្នុងការបញ្ចេញមតិមួយណាទេ ប៉ុន្តែពួកគេប្រហែលជាសំដៅទៅលើ សំដីដែលលោកនិយាយថា កីឡាករបម្រុងរបស់ Galatasaray ហក់លោតដូចជាស្វា។
ក្រុមម្ចាស់ផ្ទះ Galatasaray នឹងរៀបចំសំណុំរឿងនេះបញ្ជូនទៅកាន់ UEFA និងសហព័ន្ធបាល់ទាត់របស់ ទួរគី ដើម្បីដោះស្រាយបន្តស្ដីពីការរើសអើងពូជសាសន៍របស់បុរសជនជាតិព័រទុយហ្កាល់វ័យ ៦២ឆ្នាំ។
ក្នុងច្បាប់បាល់ទាត់គេបានចែងយ៉ាងច្បាស់ស្ដីពីការហាមមិនអោយប្រមាថ ឬមើលងាយដល់ជាតិសាសន៍ដទៃ ដែលត្រូវបានគេរាប់បញ្ចូលថា ជាការរើសអើងពូជសាសន៍។
នេះមិនមែនជាលើកទី១ទេ ដែល លោក Jose Mourinho អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham Hotspur ត្រូវបានចោទប្រកាន់បែបនេះ ដោយកន្លងមកលោកក៏ធ្លាប់ត្រូវបានពិន័យ និងព្យួរសម្រាប់ការអត្ថាធិប្បាយរិះគន់របស់លោកអំពីមន្ត្រីរៀបចំការប្រកួតរបស់ទួរគីផងដែរ៕