NEWS

Newcastle United រកឃើញគោលដៅថ្មីបើ ខ្សែប្រយុទ្ធ Alexander Isak ត្រូវចាកចេញ

2025-02-26 14:27:30
ក្លិប Newcastle United បានរកឃើញគោលដៅក្នុងការនាំយកកីឡាករមកថ្មីបើសិនជាខ្សែប្រយុទ្ធ Alexander Isak ត្រូវចាកចេញ ។ កន្លងទៅ Alexander Isak ត្រូវបានរាយការណ៍ថា អាចនឹងចាកចេញពី Newcastle United បើក្លិបមិនទទួលបានកៅអីទៅ UEFA Champions League នៅរដូវកាលក្រោយ។ កិច្ចព្រមព្រៀងផ្ទាល់មាត់រវាងកីឡាករស៊ុយអែត និងក្លិប Newcastle United បានធ្វើឡើង ដោយកីឡាករចង់បានឱកាសលេងនៅពានរង្វាន់កំពូលអឺរ៉ុប ដែលជាការដាក់សំពាធដ៏ពិបាកមួយសម្រាប់ក្លិបរហស្សនាមសារិការព្រៃ។ លក្ខខណ្ឌរបស់កីឡាករវ័យ២៥ឆ្នាំ កើតឡើងចំពេលដែលរូបគេត្រូវបានដឹងថាបានទទួលការចាប់អារម្មណ៍ពីក្លិបអេស្ប៉ាញ Barcelona ដែលជាក្លិបតែងតែមានកៅអីលេងពានរង្វាន់អឺរ៉ុប។ សម្រាប់ Barcelona ការចាប់អារម្មណ៍ទៅលើ Isak ដ្បិតក្លិបចង់ស្វែងរកកីឡាករវ័យក្មេង អាចជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Robert Lewandowski ដែលកាន់តែមានវ័យជ្រេទៅហើយ។ ទោះយ៉ាងណា របាយការណ៍ចុងក្រោយបានអោយដឹងថា Newcastle United បានសម្លឹងឃើញកីឡាករមួយរូបហើយ មកជំនួស Alexander Isak បើរូបគេត្រូវចាកចេញពិតមែននោះ នោះគឺខ្សែប្រយុទ្ធ Hugo Ekitike របស់ក្លិបអាល្លឺម៉ង់ Eintracht Frankfurt។ Hugo Ekitike ធ្លាប់ជាគោលដៅរបស់ Newcastle United តាំងពីរូបគេត្រៀមចាកចេញពីក្លិបបារាំង Reims ប៉ុន្តែបានសម្រេចជ្រើសរើសចូលរួមជាមួយ Paris Saint-Germain ទៅវិញ ក្នុងឆ្នាំ២០២៣ មុនបន្តទៅចូលរួម Eintracht Frankfurt នៅឆ្នាំ២០២៤។ យ៉ាងណា កីឡាករវ័យ២២ឆ្នាំ នៅតែស្ថិតនៅក្នុងគោលដៅរបស់ Newcastle United ដដែល ហើយចំណាប់អារម្មណ៍នេះកាន់តែកើនឡើង ក្រោយពី Alexander Isak បានដាក់លក្ខខណ្ឌជាមួយក្លិបរួចមកនោះ។ បែបនេះក្តី Newcastle United ក៏នឹងមិនអាចនាំយក Hugo Ekitike បានដោយងាយស្រួលដែរ ដ្បិត Eintracht Frankfurt បានដាក់តម្លៃកីឡាកររបស់ខ្លួនយ៉ាងខ្ពស់ ៨០លានអឺរ៉ូ ហើយរូបគេក៏កំពុងទទួលបានការចាប់អារម្មណ៍ ពីក្លិបធំៗមួយចំនួនដូចជា Manchester United, Arsenal, West Ham, Chelsea និង Liverpool ផងដែរ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport