NEWS

គ្រូ Crystal Palace សរសើរកូនក្រុមក្រោយយកឈ្នះ Aston Villa នៅ Premier League យប់មិញ

2025-02-26 14:36:06
លោក Oliver Glasner គ្រូបង្វឹកក្រុម Crystal Palace បានលើកសរសើរមិនដាច់ពីមាត់ទៅលើកូនក្រុមរបស់ខ្លួន ក្រោយពីពួកគេបានយកឈ្នះក្រុម Aston Villa នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Selhurst Park កីឡាករ Ismaïla Sarr ជាអ្នករកគ្រាប់បើកឆាកនាំមុខអោយក្រុមម្ចាស់ផ្ទះ Crystal Palace នៅនាទី២៩។ រីឯក្រុមភ្ញៀវ Aston Villa មានឱកាសរកគ្រាប់បាល់បានដែរ ដោយ Morgan Rogers នៅនាទី៤២ តែត្រូវបាន VAR បដិសេធវិញ។ ដូច្នេះវគ្គទី១មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះ។ យ៉ាងណា Aston Villa នៅតែអាចរកគ្រាប់បាល់បានដដែល នៅក្នុងការប្រកួតវគ្គទី២នាទី ៥២ ដែលធ្វើបានដោយ Morgan Rogers។ ក្រោយពីត្រូវបានគូប្រកួតតាមស្មើរួចនោះ ស្រាប់តែក្រុម Crystal Palace ហាក់ក្តោបក្តាប់ស្ថានការណ៍បានល្អ និងធ្វើការវាយសម្រុករហូតរកបាន៣គ្រាប់ផ្ទួនៗបន្ថែមទៀត ដោយ Jean-Philippe Mateta នៅនាទី ៥៩ Ismaila Sarr នៅនាទី៧១ និង Eddie Nketiah នៅនាទី៩០+១ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Crystal Palace ៤ Aston Villa ១។ ការធ្វើបានល្អរបស់កូនក្រុមបានធ្វើអោយគ្រូបង្វឹកក្រុម Crystal Palace លោក Oliver Glasner មានការពេញចិត្ត និងថា កីឡាករបានបង្ហាញពីអ្វីដែលលោកចង់បាននៅលើទីលាន។ គ្រូបង្វឹកជនជាតិអូទ្រីស បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ គ្រប់គ្នាមានភាពរីករាយណាស់ រួមទាំងរូបខ្ញុំផងដែរ។ យើងដឹងថា យើងអាចមានការប្រកួតដ៏ល្អ ហើយនេះជាអ្វីដែលកូនក្រុមរបស់ខ្ញុំបង្ហាញមកខ្ញុំថា ពួកគេអាចធ្វើវាបាន។ ខ្ញុំគិតថាយើងទាំងអស់គ្នាទទួលបានរង្វាន់ ហើយកីឡាករទទួលបានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ដែលរង្វាន់នោះគឺជាភាពជោគជ័យហ្នឹងហើយ។” សម្រាប់៣ពិន្ទុនេះ ធ្វើអោយ Crystal Palace នៅឈរលេខ១២ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន ៣៦ពិន្ទុ។ រីឯ Aston Villa នៅលេខ១០ មាន ៤២ពិន្ទុ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport