លោក Xavi ត្រូវបានផ្សារភ្ជាប់ការទៅជំនួសតំណែងលោក Ruben Amorim នៅ Man UTD
2025-02-26 14:37:25
លោក Xavi អតីតគ្រូបង្វឹក Barcelona ត្រូវបានផ្សារភ្ជាប់ទៅនឹងការទៅជំនួសតំណែងគ្រូបង្វឹកលោក Ruben Amorim នៅ Man UTD។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Caught Offside។
ដំណឹងបានលេចឮឡើងក្រោយមានការរាយការណ៍អោយដឹងថា Man UTD ចាប់ផ្តើមអស់ភាពអត់ធ្មត់ និងបានបង្វែរចំណាប់អារម្មណ៍ចង់បានគ្រូបង្វឹកថ្មី មកជំនួសតំណែងលោក Ruben Amorim បន្ទាប់ពីមិនសូវទទួលបានលទ្ធផលល្អ ស្របពេលក្រុមបានធ្លាក់ទៅលេខ ១៥ ក្នុងតារាងលីគកំពូលអង់គ្លេស។
ចាប់តាំងពីចូលកាន់តំណែងនៅខែវិច្ឆិកា ឆ្នាំ២០២៤ លោក Amorim បានជួយក្រុមយកឈ្នះការប្រកួតធំៗដូចជាឈ្នះលើក្រុម Man City ក្នុងក្របខណ្ឌ Premier League ឈ្នះក្រុម Arsenal នៅ FA Cup ជុំទី៣ ប៉ុន្តែពួកគេបែរជាចាញ់ក្រុមមានកម្រិតក្រោមខ្លួនជារឿយៗ និងជាពិសេសការចាញ់នៅទឹកដី Old Trafford ដែលនាំអោយកើតមានចម្ងល់ទៅលើប្រព័ន្ធលេងរបស់ក្រុម។
ពេលមកដល់ក្លិបដំបូង បុរសវ័យ៤០ឆ្នាំបានអះអាងថា នឹងប្រើប្រាស់ប្រព័ន្ធលេងដែលទទួលជោគជ័យនៅ Sporting និងចង់ជួយក្រុមគេចចេញពីបញ្ហាធ្លាក់ទម្រង់លេងអោយបាន។ ប៉ុន្តែក្រោយរងបរាជ័យជាបន្តបន្ទាប់ បុរសជនជាតិព័រទុយហ្កាល់ ក៏បានរងការរិះគន់ជាខ្លាំង។ ទន្ទឹមនឹងនេះកីឡាករក្រុម Man UTD មួយចំនួនមិនបញ្ជាក់ឈ្មោះ បានជួបបញ្ហាទៅនឹងប្រព័ន្ធលេងរបស់លោក Amorim។
បែបនេះហើយបានធ្វើអោយក្រុមប្រឹក្សារបស់ក្លិបបិសាចក្រហមកំពុងពិចារណាថា តើលោក Ruben Amorim ជាជម្រើសត្រឹមត្រូវក្នុងការមកដោះស្រាយបញ្ហារបស់ក្រុមឬយ៉ាងណា។ ឥឡូវមានការរាយការណ៍ថា Man UTD មានបំណងផ្លាស់ប្តូរគ្រូបង្វឹកទៀតហើយ នៅដំណាច់រដូវកាលនេះ ដោយលោក Xavi អតីតគ្រូបង្វឹក Barcelona ត្រូវបានផ្សារភ្ជាប់ទៅកាន់កីឡដ្ឋាន Old Trafford ។
មែនទែនទៅ មានការបង្ហើបថា លោក Xavi ត្រូវបាន Man UTD ចង់នាំយកទៅតាំងពីបញ្ចប់តំណែងលោក Eric Ten Hag មកម្ល៉េះ ប៉ុន្តែ បុរសវ័យ៤៥ឆ្នាំ បានបដិសេធដោយលើកហេតុផលថា មិនចង់ដឹកនាំក្រុមនៅពាក់កណ្តាលរដូវកាលទេ គឺចង់ចាប់ផ្តើមការងារក្រោយចប់រដូវកាល។ រីឯ Man UTD ចង់ ដោះស្រាយបញ្ហាដែលកំពុងកើតមានភ្លាមៗ ទើបសម្រេចនាំយកលោក Ruben Amorim មកកាន់តំណែង។
ទោះយ៉ាងណា របាយការណ៍ដែលបានចុះផ្សាយ ហាក់បីជាផ្ទុយទៅនឹងព័ត៌មានកន្លងមកដែលថា ក្លិបនៅតែទុកចិត្តទៅលើលោក Ruben Amorim បើទោះបីជាក្រុមបានធ្លាក់ទម្រង់លេងខ្លាំងក៏ដោយ៕