NEWS

គ្រូ Chelsea ថា ខ្លួនរីករាយបំផុតក្រោយយកឈ្នះ Southampton ឡើងឈរលេខ៤វិញ

2025-02-26 14:39:16
ជំនួបក្របខណ្ឌ Premier League រវាងក្រុម Chelsea និងក្រុម Southampton ដែលធ្វើឡើងនាកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ បានបញ្ចប់ទៅដោយក្រុម Chelsea បានយកឈ្នះក្រុម Southampton ដោយលទ្ធផល ៤-០។ ស្ថិតិនៃការប្រកួតគឺ ក្រុមម្ចាស់ផ្ទះ Chelsea បានគ្រប់គ្រងបាល់ដល់ទៅ ៦០ភាគរយ មានឱកាសស៊ុត ១៩ដង ខណៈក្រុមភ្ញៀវ Southampton មានឱកាសស៊ុតតែ៧ដង។ នៅក្នុងវគ្គទី១ នេះដែរ ក្រុម Chelsea បានរកគ្រាប់នាំមុខដល់ទៅ៣គ្រាប់ ដែលគ្រាប់ទី១ធ្វើបានដោយ Christopher Nkunku នៅនាទី២៤ មុនពេល Pedro Neto ធ្វើបានគ្រាប់ទី២នៅនាទី៣៦ ហើយ Levi Colwill រកបានគ្រាប់ទី៣នៅនាទី៤៤។ នៅក្នុងវគ្គទី២ Chelsea នៅតែមានប្រៀបលើគូប្រកួតរបស់ខ្លួនដដែល ហើយនាទី៧៨ Marc Cucurella ក៏បានរកគ្រាប់ទី៤ ដែលជាគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះ។ ជាមួយជ័យជំនះនេះ បានធ្វើអោយ Chelsea វិលទៅកាន់ ចំណាត់ថ្នាក់លេខ៤ នៃតារាងពិន្ទុក្របខណ្ឌ Premier League វិញ ដែលបានបង្កជាក្តីរីករាយយ៉ាងខ្លាំង ដល់គ្រូបង្វឹកលោក Enzo Maresca។ លោក Enzo Maresca បានអះអាងថា កូនក្រុមខ្លួនធ្វើបានយ៉ាងល្អ និង ឈ្នះការប្រកួតដ៏សំខាន់។ ថ្លែងអោយដឹងក្រោយចប់ការប្រកួត គ្រូបង្វឹកវ័យ៤៥ឆ្នាំបានអោយដឹងដូច្នេះ “ ខ្ញុំរីករាយណាស់។ យើងបាននិយាយរួចហើយថាចាប់ពីពេលនេះតទៅរាល់ការប្រកួតគឺសំខាន់។ ហើយប្រសិនបើយើងបាន៣ពិន្ទុវាកាន់តែល្អ។ តែការប្រកួតនេះយើងក៏ធ្វើការងារដ៏ពិសេសគឺឈ្នះ៣ពិន្ទុ។ យើងបានខកចិត្តប៉ុន្មានដងមកហើយ ប៉ុន្តែការឈ្នះលើកនេះ ធ្វើអោយយើងមានកម្លាំងចិត្តឡើងវិញហើយពួកយើងនឹងកាន់តែព្យាយាមគ្រប់ការប្រកួតដែលនៅសល់ទៀត។” Chelsea បច្ចុប្បន្នមាន ៤៦ពិន្ទុ ក្រោយឆ្លងកាត់ ២៦ប្រកួត ឡើងឈរលេខ៤ ពីលើក្រុមលេខ៥ Man City ២ពិន្ទុ តែ Man City លេងយឺតជាង១ប្រកួត។ រីឯ Southampton នៅបាតតារាងដដែលមាន៩ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព ១៣ពិន្ទុ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport