គ្រូអង់គ្លេសសរសើរខ្សែការពារ Reece James ក្រោយរួមចំណែកស៊ុតយកឈ្នះក្រុមឡេតូនី
2025-03-25 15:16:01
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Thomas Tuchel បានធ្វើការលើកសរសើរខ្សែការពារ Reece James ចំពោះសមត្ថភាពដ៏ខ្លាំង ក្រោយរូបគេបានរួមចំណែកជួយ ស៊ុតបញ្ចូលទី ជួយក្រុមយកឈ្នះក្រុមឡេតូនី ៣-០ ក្នុងជុំទី២ពូល K នៃការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប។ លោក Thomas Tuchel អះអាងថា Reece James គឺជាកីឡាករមានគុណភាពខ្ពស់បំផុតក្នុងក្រុម។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Wembley កាលពីយប់មិញ Reece James ជាអ្នករកគ្រាប់បើកឆាក សម្រាប់ក្រុមម្ចាស់ផ្ទះអង់គ្លេស តាមរយៈការទាត់បាល់ Free Kick កោងបញ្ចូលទីបានយ៉ាងស្រស់ស្អាត នៅក្នុងនាទី៣៨។ ចូលដល់វគ្គទី២ ទើបមានគ្រាប់បាល់កើតឡើងទៀត ដែលធ្វើបានដោយ Harry Kane នៅនាទី៦៨ និង Eberechi Eze នាទី៧៦ ដែលលទ្ធផលអង់គ្លេស ៣ ឡេតូនី ០ បន្តដល់ចប់ការប្រកួត។
សម្រាប់ Reece James ភាគច្រើនត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងនៅក្លិប Chelsea នៅរដូវកាលនេះ ដោយបង្ហាញខ្លួន បានតែ១៤ប្រកួតគ្រប់កម្មវិធី។ រូបគេក៏ជួបបញ្ហារបួសដែលធ្វើអោយខកខានការប្រកួតជាច្រើននៅ២រដូវកាលចុងក្រោយ។ ប៉ុន្តែបើទោះជាមិនមានឱកាសលេងច្រើនក្តី ក៏កីឡាករ វ័យ២៥ឆ្នាំ នៅតែមានសមត្ថភាពខ្ពស់ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ដែលធ្វើអោយលោក Thomas Tuchel មានការពេញចិត្តយ៉ាងខ្លាំង។ មើលឃើញពីកម្លាំងចិត្ត និងការខិតខំរបស់កីឡាករបែបនេះ លោក Thomas Tuchel បានកោតសរសើរ Reece James ថា ជាកីឡាករដែលមានគុណភាពខ្ពស់បំផុតមួយរូប។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានអោយដឹងថា “ខ្ញុំមិនមានការសង្ស័យអំពីគុណភាពរបស់ Reece James នោះទេ។ រូបគេមានកម្រិតលេងខ្ពស់បំផុត។ យើងច្បាស់ណាស់ថាគេហ្វឹកហាត់ដោយមិនសម្រាក ហើយប្រសិនបើគេមិនលេង វាគឺជាជម្រើសរបស់គេតែ យើងបានដឹងថាគាត់ស្ថិតក្នុងចន្លោះដ៏ល្អខាងផ្លូវចិត្ត។”
អង់គ្លេសបច្ចុប្បន្ន កំពុងឈរកំពូលតារាងពូល K នៃការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប មាន៦ពិន្ទុ ខណៈក្រុមអាល់បានីនៅលេខ២ ឡេតូនីនៅលេខ៣ មាន៣ពិន្ទុដូចគ្នា។ សែបនៅលេខ៤ ហើយអង់ដូរានៅបាតតារាង មាន០ពិន្ទុ៕