Liverpool រកឃើញបេក្ខភាពទុកជំនួស ខ្សែការពារ Trent Alexander-Arnold
2025-03-27 12:41:48
ក្រុម Liverpool បានរកឃើញបេក្ខភាពខ្សែការពារស្លាបស្តាំមកជំនួស Trent Alexander Arnold ហើយ បន្ទាប់ពីកីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំកាន់តែកៀកក្នុងការផ្លាស់ទៅកាន់ Real Madrid នៅរដូវក្តៅខាងមុខ។
នៅដំណាច់រដូវកាល ២០២៤-២៥ នេះ Alexander Arnold ទំនងនឹងត្រូវចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវផុតកំណត់ ខណៈភាគីខាងកីឡាករ គឺមិនមានឆន្ទៈបន្តកិច្ចសន្យាថ្មីឡើយ។ ប្រភពពីសារពត៌មាន Team Talk បានធ្វើការចុះផ្សាយថា Alexander Arnold បានព្រមព្រៀងលក្ខខណ្ឌផ្លាស់ទៅកាន់ Real Madrid ហើយ បន្ទាប់ពីក្រុមយក្សអេស្ប៉ាញ បានដាក់សំណើនៃការចរចាផ្ទេរជាផ្លូវការមកដល់រូបគេ។
ងាកមកកាន់ Liverpool វិញ ពួកគេក៏បានត្រៀមផែនការ ដើម្បីចុះកុងត្រានាំយកកីឡាករថ្មី មកជំនួស Trent Alexander Arnold រួចរាល់ហើយដែរ។ ក្នុងនោះ Liverpool បានសម្លឹងឃើញខ្សែការពារស្លាបស្តាំរបស់ក្រុម Bayer Leverkusen កីឡាករ Jeremie Frimpong។ កីឡាករជនជាតិហូឡង់វ័យ២៤ឆ្នាំ គឺជាកីឡាករសំខាន់មួយរូបរបស់ Bayer Leverkusen ដែលបានរួមចំណែកជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Bundesliga រដូវកាលមុន។ ដោយមានល្បឿនលឿន និងសមត្ថភាពដណ្តើមយកបាល់ផងនោះ Frimpong ត្រូវបានដាក់អោយលេងជាខ្សែការពារស្លាបស្តាំសម្រាប់ Bayer Leverkusen នៅរដូវកាលនេះ។
មែនទែនទៅ Jeremie Frimpong ក៏ធ្លាប់ជាគោលដៅរបស់ Real Madrid ដែរ ហើយសាមីកីឡាករក៏មានក្តីស្រមៃចង់ទៅលេងអោយក្រុមអេស្ប៉ាញដូចគ្នា ប៉ុន្តែនៅពេលឱកាសនៃការផ្លាស់ទៅកាន់ កីឡដ្ឋាន Santiago Bernabéu ហាក់មិនអាចកើតឡើងនោះ ការផ្លាស់ទៅកាន់ Liverpool នឹងក្លាយជាជម្រើសល្អមួយដែរ សម្រាប់រូបគេ។
ប្រភពខាងដើមដដែលបានបន្ថែមថា ក្រៅពី Jeremie Frimpong គឺក្រុម Liverpool បាននឹងកំពុងចង់បានកីឡាករមួយចំនួនទៀតមកពង្រឹងក្រុម ស្របតាមការចង់បានរបស់គ្រូបង្វឹក លោក Arne Slot ដូចជា Alexander Isak របស់ Newcastle, Milos Kerkez របស់ Bournemouth និងខ្សែបម្រើការពារ Calos Baleba របស់ Brighton៕