NEWS

UEFA បើកការស៊ើបអង្កេតកីឡាករ Real Madrid ៤រូបទាក់ទិនរឿងប្រើកាយវិការអបអរមិនសមរម្យ

2025-03-28 13:23:53
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបើកការស៊ើបអង្កេតទៅលើកីឡាករ Real Madrid ចំនួន ៤រូបទាក់ទិនរឿងប្រើកាយវិការអបអរមិនសមរម្យអំឡុងការប្រកួតទល់នឹង Atletico Madrid នៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League កាលពីពេលកន្លងទៅ។ កីឡាករទាំង៤រូបនោះរួមមាន Antonio Rudiger, Kylian Mbappe, Vinicius Junior និង Dani Ceballos ដោយពួកគេបានប្រើកាយវិការអបអរគ្រាប់បាល់បញ្ចូលទី ដោយមិនមានភាពសមរម្យទៅកាន់អ្នកគាំទ្រ ក្រុមម្ចាស់ផ្ទះ Atlético Madrid ពេលពួកគេបានស៊ុតបញ្ចូលទីនៅវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ បានសម្រេច។ ការឈានដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្ររវាងក្រុមទាំង២ ដោយសារ Real Madrid បានឈ្នះដោយលទ្ធផល ១-០ កាលពីការប្រកួតជើងទី១ ហើយការប្រកួតជើងទី២ នាកីឡដ្ឋាន Riyadh Air Metropolitano រយៈពេល១២០នាទី ពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ ការទាត់បាល់កាត់សេចក្តី១១ម៉ែត្របញ្ចប់ដោយ Real Madrid ឈ្នះ Atlético Madrid ៤-២។ នៅក្នុងការអបអរ ខ្សែការពារ Antonio Rudiger បានបង្ហាញកាយវិការអបអរ ដោយយកមេដៃធ្វើចលនាកាត់បំពង់ក ទៅកាន់អ្នកគាំទ្រ Atletico Madrid ក្រោយរូបគេទាត់បាល់បានសម្រេច រីឯ Kylian Mbappe វិញ អបអរដោយប្រើកាយវិការចាប់ប្រដាប់ភេទខ្លួនឯង ខណៈកីឡាករ២រូបទៀតគឺ Vinicius Junior និង Dani Ceballos ក៏រួមចំណែកក្នុងការអបអរមិនសមរម្យនោះដែរ។ សារពត៌មាននៅអេស្ប៉ាញរាយការណ៍ថា Atletico Madrid បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ UEFA កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ UEFA បានសម្រេចធ្វើការស៊ើបអង្កេត ហើយ កីឡាករទាំង៤រូបអាចប្រឈមមុខនឹងការដាក់ពិន័យមិនអោយចូលរួមការប្រកួត។ យ៉ាងណា វានៅមិនទាន់ច្បាស់ទេថា បើសិនជាត្រូវរងការពិន័យនោះពួកគេនឹងមិនអោយចូលរួមការប្រកួតក្នុងវគ្គណានៃការប្រកួត UEFA Champions League នោះទេ ខណៈ Real Madrid បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ត្រូវជួប Arsenal ហើយការប្រកួតធ្វើឡើងចំនួន២ជើង នាខែមេសា ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport