ខ្សែបម្រើ Bukayo Saka អាចមានវត្តមានក្នុងជំនួប Arsenal ទល់នឹង Fulham
2025-03-28 13:27:41
ខ្សែបម្រើស្លាប Bukayo Saka របស់ ក្រុម Arsenal អាចនឹងមានឈ្មោះក្នុងក្រុមដើម្បីជួបជាមួយក្រុម Fulham ក្នុងការប្រកួតក្របខណ្ឌ Premier League នៅសប្តាហ៍ក្រោយ។
កីឡាករអន្តរជាតិអង់គ្លេស បានទទួលរងរបួសសរសៃពួរក្នុងការប្រកួតដែល Arsenal យកឈ្នះ Crystal Palace ដោយលទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងខែធ្នូកន្លងទៅ ដែលរបួសនោះតម្រូវអោយរូបគេត្រូវធ្វើការវះកាត់ព្យាបាល និងបានខកខានការប្រកួតតាំងពីពេលនោះមក។
Bukayo Saka ត្រូវរំពឹងថា នឹងអាចត្រឡប់មកទីលានវិញនៅខែមីនាតាមការគ្រោងទុក ហើយឥឡូវនេះ រូបគេបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពជាសះស្បើយ បន្ទាប់ពីបានត្រលប់មកកាន់ការហ្វឹកហាត់ ពង្រឹងសមត្ថភាពឡើងវិញ។
បើមិនមានបញ្ហាបន្ថែមទេ កីឡាករវ័យ ២៣ឆ្នាំ គួរតែអាចមានវត្តមានជាមួយមិត្តរួមក្រុម Arsenal ដទៃទៀតដើម្បីជួបប្រកួតទល់នឹងក្រុម Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ក្នុងខែមេសាខាងមុខ។
កាលពីសប្តាហ៍មុន BBC Sport បានបង្ហាញថា Arsenal គ្រោងនឹងបើកការពិភាក្សាកិច្ចសន្យាជាផ្លូវការជាមួយ Bukayo Saka ដែលកំពុងឈានចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ។
ដោយឡែក ក្រុម Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខ២ នៃតារាងពិន្ទុក្របខណ្ឌ Premier League មាន៥៨ពិន្ទុ ក្រោយឆ្លងកាត់ ២៩ប្រកួត។ ពួកគេ ហាក់នៅឃ្លាតឆ្ងាយ ក្នុងការប្រជែងតំណែងជើងឯកលីគកំពូលអង់គ្លេស ដោយមានគម្លាតដល់ទៅ១២ពិន្ទុពេញ ពីក្រុមកំពូលតារាង Liverpool។
ក្រោយការសម្រាកអន្តរជាតិ ក្រុម Arsenal នឹងវិលមកកាន់ការប្រកួត Premier League ដោយត្រូវប៉ះក្រុម Fulham នៅថ្ងៃទី១ ខែមេសា នាកីឡដ្ឋាន Emirates Stadium ៕