NEWS

លោក Andoni Iraola ថា ពេញចិត្តការដឹកនាំនៅ Bournemouth ជាជាងការផ្លាស់ទៅ Tottenham Hotspur

2025-04-01 11:29:56
គ្រូបង្វឹកលោក Andoni Iraola បាននិយាយថា រូបលោកពេញចិត្ត និង សប្បាយរីករាយជាមួយការដឹកនាំនៅ Bournemouth ជាជាងការផ្លាស់ទៅកាន់តំណែងនៅ Tottenham Hotspur។ ជាការពិត បុរស វ័យ ៤២ឆ្នាំ គឺជាបេក្ខភាពលេចធ្លោមួយរូប ដែលត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅដឹកនាំ Tottenham Hotspur ជំនួសលោក Ange Postecoglou ។ លោកAnge Postecoglou កំពុងស្ថិតក្នុងសម្ពាធយ៉ាងខ្លាំងជាមួយ Tottenham Hotspur នៅរដូវកាលនេះ ក្រោយដឹកនាំក្រុមមិនទទួលលទ្ធផលល្អ។ អ្នកគាំទ្រក្រុមមាន់ខ្នាយមាសមានការខកចិត្តជាមួយលោក Ange Postecoglou ហើយរបាយការណ៍ចុងក្រោយអោយដឹងថា ក្រុមប្រឹក្សារបស់ក្លិប បានចាប់ផ្តើមពិចារណា ពីការងាររបស់គ្រូបង្វឹកជនជាតិអូស្រ្តាលី រួមទាំងរំពឹងរកមើលជម្រើសគ្រូបង្វឹកថ្មីផងដែរ ហើយលោក Andoni Iraola គ្រូបង្វឹករបស់ Bournemouth មួយដែល Tottenham Hotspur កំពុងតាមដាន។ បែបនេះក្តី លោក Andoni Iraola ហាក់បង្ហាញចេតនាមិនចង់ចាកចេញពី Bournemouth ជាក្រុមដែលលោកកំពុងដឹកនាំនាពេលបច្ចុប្បន្នទេ និងចង់ជួយក្រុមសម្រេចសមិទ្ធផល លេចធ្លោណាមួយសិន។ ប្រភពពីសារពត៌មាន Daily Mail បានសម្រង់សម្តីរបស់លោក Andoni Iraola អំពីការងារជាមួយ Bournemouth យ៉ាងដូច្នេះថា “ ខ្ញុំចង់ធ្វើការងាររបស់ខ្ញុំអោយអស់ពីសមត្ថភាព។ ខ្ញុំមិនដឹងថាតើយើងអាចទៅបានដល់កម្រិតណាទេ តើយើងនឹងបញ្ចប់នៅទីណានោះទេ ប៉ុន្តែចង់បានភាពល្អប្រសើរជាមួយ Bournemouth ។ យ៉ាងណា ពេលនេះ ខ្ញុំពិតជារីករាយជាមួយ Bournemouth ហើយយើងកំពុងព្យាយាមអភិវឌ្ឈន៍ខ្លួន ទៅជាក្រុមដ៏ល្អមួយ។ ខ្ញុំចង់នៅទីនេះជាជាងការទៅដឹកនាំក្រុមដទៃទៀត។” លោក Iraola បានបង្ហាញពីការផ្លាស់ប្តូរដ៏គួរអោយចាប់អារម្មណ៍នៅឯ Bournemouth ចាប់តាំងពីបានចូលរួមជាមួយក្លិបនៅដើមរដូវកាលមុន។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងជាមួយ Bournemouth មានន័យថា Tottenham Hotspur នឹងត្រូវបង់ប្រាក់ ១០ លានផោន ប្រសិនបើពួកគេចង់បានរូបលោកទៅដឹកនាំ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport