លោក Pep Guardiola សរសើរខ្សែបម្រើ Jack Grealish ក្រោយជួយស៊ុតអោយ Man City យកឈ្នះ Leicester City យប់មិញ
2025-04-03 14:45:14
គ្រូបង្វឹកលោក Pep Guardiola បានធ្វើការលើកសរសើរដល់ខ្សែបម្រើ Jack Grealish ក្រោយពីរូបគេបានជួយស៊ុតបញ្ចូលទីអោយ Man City យកឈ្នះ Leicester City នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះ Man City បានយកឈ្នះតាំងពីនាទី២ ដោយ Jack Grealish ជាអ្នកស៊ុតបើកឆាក។ នេះជាគ្រាប់បាល់នៅ Premier League ដំបូងរបស់កីឡាករវ័យ២៩ឆ្នាំក្រោយខ្សត់គ្រាប់បាល់ជិត១៦ខែមកហើយ។ នាទី២៩ Omar Marmoush ក៏បានរកគ្រាប់បាល់ទី២សម្រាប់ Man City មុនចប់វគ្គទី១។
សម្រាប់ការប្រកួតវគ្គទី២វិញមិនមានគ្រាប់បាល់បញ្ចូលទីទេ គឺលទ្ធផល Man City ២ Leicester City ០ បន្តដល់ចប់ការប្រកួត។
ជាមួយការរកបានគ្រាប់បាល់ឡើងវិញរបស់ Jack Grealish បានធ្វើអោយគ្រូបង្វឹក Man City លោក Pep Guardiola មានការពេញចិត្ត និងថាគេចាប់ផ្តើមរកឃើញទម្រង់លេងល្អមកវិញ។
លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ Jack Grealish ជាកីឡាករដែលមិនគួរអោយជឿចំពោះកាយវិការរបស់គេ។ គេមានចិត្តទូលាយនិងស៊ុតបាល់បញ្ចូលទី បង្កើតការប្រកួតបានល្អ។ នេះគឺជាបុរសម្នាក់ដែលធ្លាប់លេងដោយសេរី ហើយមានសមត្ថភាពក្នុងការគ្រប់គ្រងបាល់ និងចែកបាល់។ ខ្ញុំសប្បាយចិត្តសម្រាប់គេ។”
សម្រាប់ជ័យជំនះនេះបានធ្វើអោយ Man City ឡើងមកឈរលេខ៤ ក្នុងតារាងពិន្ទុ Premier League ដោយមាន ៥១ពិន្ទុ ពីលើក្រុមលេខ៥ Newcastle United ១ពិន្ទុ។ រីឯ Leicester City កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយឈរលេង១៩ ក្នុងតំបន់កាន់ចោល មាន១៧ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិតភាព ១២ពិន្ទុ៕