NEWS

អ្នកគាំទ្រ Man UTD ចង់អោយក្រុមលក់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ចេញ

2025-04-03 14:46:45
អ្នកគាំទ្រក្រុម Man UTD ជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho បន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ ។ នៅក្នុងការប្រកួតសប្តាហ៍ទី៣០ នៃលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥ ក្រុម Man UTD បានរាជ័យយ៉ាងអាមាសក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះ គឺរកបានដោយអតីកីឡាករ Man UTD Anthony Elanga នៅនាទីទី ៥។ បន្ទាប់ពីការប្រកួតបានបញ្ចប់ Alejandro Garnacho បានក្លាយជាគោលដៅនៃការរិះគន់ធំរបស់អ្នកគាំទ្រ Man UTD ក្រោយរូបគេបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ។ ក្នុងនោះ តាមរយៈស្ថិតិលេងពេញ ៩០ នាទី កីឡាករសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំ មិនបានស៊ុតចំគោលដៅសូម្បីមួយជើង ក្នុងចំណោមការស៊ុត៦លើក ហើយអ្វីដែលកាន់តែស្តាយថែមទៀត គឺរូបគេមានឱកាសស៊ុតនៅមុខទី ១ លើក ប៉ុន្តែបែរជាស៊ុតមិនចូលទៅវិញ។ ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្រ Man UTD បាននាំគ្នាបង្ហោះសារនៅបណ្តាញសង្គម X ដោយពួកគេមិនចង់ឃើញ Alejandro Garnacho ពាក់អាវរបស់ Man UTD បន្តទៀតទេ និងចង់អោយក្លិបសម្រេចលក់រូបគេចេញតែម្តង។ ឆ្លងកាត់ការបង្ហាញខ្លួន ៤៦ប្រកួត គ្រប់កម្មវិធីទាំងអស់សម្រាប់ Man UTD នៅរដូវកាលនេះ Alejandro Garnacho បានស៊ុតបញ្ចូលទីតែ៩គ្រាប់ និង ចែកបាល់សម្រេចទី ៨ដង ដែលកំណត់ត្រានេះ បានធ្វើអោយអ្នកគាំទ្រកាន់តែបង្ហាញការមិនពេញចិត្តចំពោះរូបគេ។ ដោយមើលឃើញពីទម្រង់លេងមិនល្អរបស់ Garnacho ពេញមួយរដូវកាល ពាក្យចចាមអារ៉ាមបានចាប់ផ្តើមកើនឡើងថា រូបគេអាចត្រូវបានលក់ចេញដោយ Man UTD នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅរដូវក្តៅ។ Alejandro Garnacho ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Chelsea និង ក្រុមនៅ Serie A Napoli ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ ប៉ុន្តែដោយ Marcus Rashford និង Antony បានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង គ្រូបង្វឹក លោក Ruben Amorim បានសម្រេចចិត្តរក្សា Garnacho រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport