Southampton បណ្តេញគ្រូបង្វឹកលោក Ivan Juric ចេញពីតំណែង
2025-04-09 12:23:20
គ្រូបង្វឹកលោក Ivan Juric ត្រូវបានក្លិប Southampton បញ្ចប់តំណែងហើយ ដោយការសម្រេចចិត្តនេះកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាប័នលីគកំពូលអង់គ្លេស Premier League បញ្ជាក់ថា Southampton នឹងធ្លាក់ទៅលេងនៅលីគទី២វិញ។
អតីតកីឡាករជម្រើសជាតិក្រូអាតលោក Ivan Juric ត្រូវបានតែងតាំងមកដឹកនាំ Southampton កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់របស់ Southampton ដែលបានធ្វើអោយគ្រូបង្វឹកជនជាតិស្កុតឡេន លោក Russell Martin ត្រូវរបូតតំណែង។
យ៉ាងណា វត្តមានរបស់ លោក Ivan Juric ដែលមកជំនួសការងាររបស់លោក Russell Martinនោះ ក៏មិនបានផ្លាស់ប្តូរស្ថានការណ៍របស់ក្រុមមកល្អប្រសើរវិញដែរ ដោយរងការបរាជ័យជាបន្តបន្ទាប់។ ការដឹកនាំ Southampton បានចំនួន ១៦ប្រកួតរបស់បុរសវ័យ៤៩ឆ្នាំ ក្រុមឈ្នះតែ ២ដង ស្មើ១ដង និងចាញ់ដល់ទៅ១៣ដងទៅហើយ។
ការប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ពួកគេបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយបានចាញ់ Tottenham Hotspur ៣-១ ដែលជាការប្រកួតចុងក្រោយកំណត់នូវជោគវាសនារបស់លោក Ivan Juric។
បរាជ័យនោះធ្វើអោយ Southampton ស្ថិតនៅបាតតារាង មាន តែ១០ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាពដល់ទៅ ២២ ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៧ដងទៀតប៉ុណ្ណោះ ដែលមានន័យថា ទោះជា Southampton ឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏ពួកគេមិនអាចមានកៅអីលេងនៅក្របខណ្ឌ Premier League រដូវកាលក្រោយទៀតដែរ។
លទ្ធផលនេះបានធ្វើអោយ Southampton ក្លាយជាក្រុមដំបូងគេនៅក្របខណ្ឌ Premier League ដែលត្រូវបានកាត់ចេញទៅលេងនៅលីគក្រោម ទាំងនៅសល់ដល់ទៅ ៧ប្រកួត។
ក្រោយការចាកចេញ របស់លោក Ivan Juric ក្លិប Southampton នឹងតែងតាំង គ្រូជំនួយលោក Simon Rusk នឹងចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នសិន។ លោក Simon Rusk ក៏ធ្លាប់ដឹកនាំ Southampton បណ្តោះអាសន្នពីមុនផងដែរ បន្ទាប់ពីអតីតគ្រូបង្វឹក លោក Russell Martin ត្រូវបានបណ្តេញចេញពីតំណែង៕