NEWS

គ្រូ Man UTD បង្ហាញការខកចិត្តក្រោយស្មើ Man City កាលពីពេលថ្មីៗនេះ

2025-04-09 12:31:47
ជំនួបក្របខណ្ឌ Premier League រវាង Man UTD ទល់នឹង Man City កាលពីពេលថ្មីៗនេះ បានបញ្ចប់ទៅ ត្រឹមលទ្ធផលស្មើគ្នា ០-០ ដែលធ្វើអោយគ្រូបង្វឹក Man UTD លោក Ruben Amorim ខកចិត្តចំពោះលទ្ធផល និង ប្រព័ន្ធលេងរបស់កូនក្រុម ដ្បិតក្រុមកាន់តែខើចពិន្ទុ ក្នុងការប្រជែងបានកៅអីកម្រិតអឺរ៉ុបណាមួយ។ Man UTD បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ រកបានត្រឹមតែ ៣៨ពិន្ទុ ប៉ុណ្ណោះ។ ក្រុមបិសាចក្រហម រដូវកាលនេះ បានជួបបញ្ហាទម្រង់លេង ហើយត្រូវស្វែងរកឱកាស និងពិន្ទុជាចាំបាច់។ ការប្រកួតស្មើនេះ ក៏បានធ្វើអោយជំនួបក្រុមទាំង ២ គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាលើកដំបូង ក្នុងជំនួបទីក្រុងតែមួយ ចាប់តាំងពីឆ្នាំ២០២០ មក។ ការជួបគ្នាកន្លងមក កាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Etihad ក្រុម Man UTD យកឈ្នះការប្រកួតលទ្ធផល ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Man City។ លោក Ruben Amorim គ្រូបង្វឹក Man UTD បានបង្ហាញការខកចិត្ត ខណៈនៅតែទទូចដដែល ថាក្រុមត្រូវការទម្រង់លេងល្អ ហើយរកបានជ័យជំនះអោយបានឆាប់រហ័សបំផុត ព្រោះគ្មានពេលច្រើនទៀតទេ។ ជុំវិញបញ្ហានេះ គ្រូបង្វឹកវ័យ៤០ឆ្នាំ បានលើកឡើងថា “ខ្ញុំមិនទាន់ឆោតល្ងង់នោះទេ។ ខ្ញុំអាចមើលឃើញពេលដែលយើងចូលប្រកួត ខ្ញុំអាចមើលឃើញថាគូប្រកួត និងយល់ថាទាំងសងខាង គឺមានគម្លាតពីគ្នាខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចនិយាយបែបនេះ និងចំណាយពេលដើម្បីតែគិតពីរឿងនេះនោះទេ។ ទោះយកកីឡាករមកច្រើនទៀតក៏ដោយ យើងត្រូវតែប្រញាប់ ដើម្បីបង្ហាញពីភាពរីកចម្រើន និងទម្រង់លេងល្អបំផុត ព្រោះយើងគ្មានពេលវេលាគ្រប់គ្រាន់ទៀតទេ។ នៅក្លិបធំបែបនេះ យើងត្រូវតែបង្ខំការងារអោយបានឆាប់រហ័សបំផុត។” ដោយឡែក នៅមុនការប្រកួតមកដល់ អ្នកគាំទ្រក្រុម Man UTD ក៏បន្តធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazers ដែលនាំអោយក្រុមធ្លាក់ដល់ស្ថានភាពអាក្រក់ខ្លាំងបែបនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport