គ្រូ Arsenal សរសើរកូនក្រុមយ៉ាងរីករាយក្រោយយកឈ្នះ Real Madrid យប់មិញ
2025-04-09 12:33:05
ក្រុម Arsenal បានយកឈ្នះ ក្រុម Real Madrid យ៉ាងចាស់ដៃ នៅក្នុងជំនួបក្របខណ្ឌ UEFA Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates Stadium ក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះក្រុមភ្ញៀវ Real Madrid យ៉ាងចាស់ដៃ ដោយលទ្ធផល ៣-០។ ជំនួបក្នុងវគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ លុះឈានមកដល់វគ្គទី២ Declan Rice បានបំបែកភាពស្ងប់ស្ងាត់តាមរយៈការទាត់បាល់ Free Kick បញ្ចូលទីយ៉ាងស្អាត បើកការនាំមុខសម្រាប់ Arsenal នៅក្នុងនាទី៥៨។ រំលងពីនោះ ជាង ១២នាទី កីឡាករវ័យ២៦ឆ្នាំដដែល បានទាត់បាល់ Free Kick យ៉ាងស្អាតមួយគ្រាប់ទៀតបញ្ចូលទី បង្កើនការនាំមុខដល់ក្រុមកាំភ្លើងធំ។ នាទី៧៥ Mikel Merino បានរកគ្រាប់ទី៣សម្រាប់ Arsenal ដែលកាន់តែបង្កើនភាពរីករាយដល់ក្រុម។ ផ្ទុយមកវិញ ក្រុម Real Madrid ដែលជាជើងខ្លាំងក្នុងពានរង្វាន់ UEFA Champions League នេះ ហាក់មិនអាចធ្វើអ្វីក្រុម Arsenal បាននោះទេ ហើយពួកគេត្រូវចាញ់ប្រៀប គឺសល់គ្នាតែ១០នាក់ក្រោយពី Eduardo Camavinga បានរងពិន័យកាតលឿងទី២ស្មើកាតក្រហមត្រូវបណ្តេញចេញពីទីលានថែមទៀត ក្នុងនាទី៩០+៤។ យ៉ាងណា លទ្ធផលមិនមានភាពប្រែប្រួលទៀតទេ រហូតដល់ចប់ការប្រកួត។
ការធ្វើបានល្អ របស់កូនក្រុមបានធ្វើអោយគ្រូបង្វឹក លោក Mikel Arteta មានការសប្បាយចិត្តក្រៃលែង និងបានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ព្រោះមិននឹកថា កីឡាករ Arsenal អាចធ្វើរឿងស្ទើរនឹកស្មានមិនដល់បែបនេះ។
លោក Mikel Arteta បានអោយដឹងក្រោយចប់ការប្រកួតថា “យើងមានការលេងដ៏ល្អបំផុតមួយ ដោយយើងបានគ្របសង្កត់ និង បង្កើតបញ្ហាជាច្រើនដល់គូប្រជែងរបស់យើង ។ នេះជាអ្វីដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ ការលេងជាមួយនឹងថាមពល ការប្តេជ្ញាចិត្តបានធ្វើអោយមានភាពខុសគ្នាយ៉ាងខ្លាំង។ វាហាក់ដូចជាវេទមន្ត វាអស្ចារ្យខ្លាំងណាស់។”
លទ្ធផលល្អនេះ ក៏ធ្វើអោយលោក Mikel Arteta សង្ឃឹមថា កូនក្រុមនឹងអាចបង្កើតប្រវត្តិសាស្ត្រ ដោយបន្តប្រជែងស្វែងរកការឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូង។
Arsenal នឹងត្រូវជួប Real Madrid ម្តងទៀតក្នុងការប្រកួតជើងទី២ ដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu របស់ក្រុមអធិរាជសវិញ នៅថ្ងៃទី ១៦ ខែមេសា ខាងមុខ៕