ខ្សែការពារ Virgil van Dijk ថា ការចរចាកិច្ចសន្យាថ្មីជាមួយ Liverpool កំពុងដំណើរការល្អ
2025-04-09 12:34:12
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បាននិយាយថា ដំណើរការនៃការចរចាកិច្ចសន្យាថ្មីជាមួយ ក្រុមហង្សក្រហម កំពុងធ្វើឡើងដោយមានភាពរលូន។
Van Dijk បានចូលរួមជាមួយ Liverpool ក្នុងកិច្ចព្រមព្រៀង ៧៥លានផោនពី Southampton ក្នុងឆ្នាំ ២០១៨។ កីឡាករហូឡង់ នឹងផុតកិច្ចសន្យាចាស់របស់គេជាមួយ Liverpool នៅដំណាច់រដូវកាលនេះ ហើយកាលពីខែមីនា សាមីកីឡាករបាននិយាយថា រូបគេមិនមានភាពច្បាស់លាស់នោះទេ ថានឹងអាចបន្តលេងនៅទឹកដី Anfield ទៀត ឬ យ៉ាងណា។
Virgil van Dijk គឺជាកីឡាករកំពូលមួយរូប ក្នុងចំណោមកីឡាករកំពូល ៣រូបរបស់ Liverpool ដែលកៀកនឹងផុតកិច្ចសន្យា ដោយ២រូបទៀតគឺ Mohamed Salah និង Trent Alexander-Arnold ដោយពួកគេក៏មិនទាន់មានសញ្ញាពីការបន្តកិច្ចសន្យាទៀតដែរ។
យ៉ាងណា និយាយក្រោយចប់ការប្រកួតជាមួយអ្នកសារពត៌មានក្នុងជំនួបក្របខណ្ឌ Premier League ដែល Liverpool ចាញ់ Fulham កាលពីពេលថ្មីៗនេះ កីឡាករវ័យ៣៣ឆ្នាំ បានអះអាងពីភាពវិជ្ជមាននៃដំណើរការចរចាកិច្ចសន្យាថ្មីរបស់គេជាមួយ Liverpool ។
ប្រធានក្រុមជម្រើសជាតិហូឡង់បាននិយាយថា “មានការរីកចម្រើន។ ខ្ញុំមិនដឹងថា វានឹងទៅជាយ៉ាងណាទេ តែទាំងនេះជាការពិភាក្សាផ្ទៃក្នុង។ ខ្ញុំស្រលាញ់ក្លិប ខ្ញុំស្រលាញ់អ្នកគាំទ្រ Liverpool ហើយពួកគេនៅទីនោះជាមួយពួកយើង ហើយយើងចង់ផ្តល់រង្វាន់ដល់ពួកគេ។”
ដោយឡែក Liverpool មាន៧៣ពិន្ទុ ឈរលើកំពូលតារាង Premier League នាំមុខក្រុមលេខ២ Arsenal ចំនួន១១ពិន្ទុ។ ចំពោះការចាញ់ Fulham គឺជាការបរាជ័យក្នុងលីគលើកទី២ របស់ Liverpool ក្នុងរដូវកាលនេះ និងជាលើកទីមួយរបស់ពួកគេក្នុង ២៦ ប្រកួតចុងក្រោយមកនេះ។
Virgil van Dijk បានស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន៣២៣លើក សម្រាប់ Liverpool និងជាខ្សែការពារដ៏សំខាន់ ហើយបានឈ្នះពានរង្វាន់ Premier League ១ដង, FA Cup ១ដង EFL Cup ២ដង UEFA Super Cup ១ដង FIFA Club World Cup ១ដង UEFA Champions League ១ដង ជាមួយ Liverpool ៕