ខ្សែបម្រើ Kevin De Bruyne របស់ Man City ទទួលការចាប់អារម្មណ៍ពីក្លិបចំនួន៩
2025-04-09 12:39:15
ក្លិបបាល់ទាត់ល្បីៗចំនួន ៩ ក្លិប បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Kevin De Bruyne ដែលនឹងចាកចេញពីក្លិប Man City នៅចប់រដូវកាលនេះ ក្រោយសម្រេចចិត្តមិនបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្ន ដែលអសពុលភាពនៅខែមិថុនាខាងមុខនេះ។
កីឡាករបែលហ្ស៊ិក បានប្រកាសជាផ្លូវការ អំពីការចាកចេញពីក្លិប Man City នៅចប់រដូវកាលនេះ ក្រោយរួមរស់នៅទឹកដី Etihad អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីផ្លាស់ពីក្លិបអាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ ៧៥លានអឺរ៉ូ កាលពីឆ្នាំ ២០១៥។
ការចាកចេញរបស់ Kevin De Bruyne នឹងក្លាយជាការរបូតកីឡាករដ៏សំខាន់១រូបរបស់លោក Pep Guardiola ដែលរួមចំណែកជួយក្លិបមេឃខៀវ ឈ្នះពានរង្វាន់ Premier League ៦សម័យ FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ។ ស្របពេលអ្នកគាំទ្រ Man City ដែលភ្ញាក់ផ្អើល ក៏ដូចជាខកចិត្តនឹងការប្រកាសនេះ បានចាត់ទុកកីឡាករ វ័យ៣៣ឆ្នាំរូបនេះ គឺជាវីរបុរសក្លិបរួចបាត់ទៅហើយ។
ឥឡូវនេះ មានការរាយការណ៍ថា ក្លិបចំនួន ៩ ដែលរួមមានក្លិបអាមេរិក Inter Miami, New York City FC , San Diego FC ក្លិបអារ៉ាប៊ីសាអូឌីត Al Nassr, Neom SC, Al-Ittihad ក្លិបអាហ្សង់ទីន River Plate ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray សុទ្ធតែចាប់អារម្មណ៍ខ្លាំងបំផុតលើ Kevin De Bruyne ។
បើទោះបីជា Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ Free Agent នៅខែមិថុនាខាងមុខនេះក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់រូបគេ។ ពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា ក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមបើកកញ្ចប់ថវិកាដ៏ច្រើនមហាសាល ព្រមទាំងការផ្តល់ជូន១៥០លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ សម្រាប់ Kevin De Bruyne ៕