NEWS

Man City បង្កកការដំឡើងថ្លៃសំបុត្រសម្រាប់អ្នកគាំទ្រក្នុងរដូវកាល ២០២៥-២៦

2025-04-10 13:38:36
Man City បានសម្រេចបង្កកការដំឡើងតម្លៃសំបុត្រសម្រាប់ពេញមួយរដូវកាល និងតម្លៃសំបុត្រទិញសម្រាប់តែថ្ងៃប្រកួតក្នុងយុទ្ធនាការ ២០២៥-២៦ បន្ទាប់ពីការពិភាក្សាជាមួយក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្ររួចមក។ ក្លិបមេឃខៀវ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ហើយនិយាយថាការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសន្ទនាវិជ្ជមាន ជាមួយក្រុមប្រឹក្សាភិបាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកតំណាងមួយចំនួនរបស់ក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្រ Man City ដែលមានឈ្មោះថា City Matters បានធ្វើកូដកម្មកាលពីខែមីនា ដោយសារក្លិបមិនបានចូលរួមក្នុងការពិភាក្សាអំពីតម្លៃសំបុត្ររដូវកាលក្រោយ។ កូដកម្មនោះបានធ្វើឡើងក្រោយលិខិតចំហរមួយផ្ញើទៅកាន់ប្រធានក្លិប Man City លោក Khaldoon al-Mubarak ដោយក្រុមអ្នកគាំទ្រចំនួន៧ក្រុម បានត្អូញត្អែរអំពីការកើនឡើងតម្លៃសំបុត្រ និងការរំពឹងទុក ចង់អោយក្លិបពិចារណាបញ្ហានេះ។ ទាក់ទិននឹងរឿងនេះដែរ Man City បាននិយាយថា “ក្លិបសូមថ្លែងអំណរគុណចំពោះតំណាងអ្នកគាំទ្រសម្រាប់មតិកែលម្អ លើប្រធានបទជាច្រើនទាក់ទងនឹងការលក់សំបុត្រ និងសម្រាប់ការចែករំលែកទស្សនៈទូលំទូលាយពីអ្នកគាំទ្រដែលពួកគេតំណាងអោយ។” ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការរិះគន់របស់អ្នកគាំទ្របន្ថែមទៀតសម្រាប់ការយល់ព្រមលើភាពជាដៃគូជាសកលជាមួយគេហទំព័រលក់សំបុត្រ Viagogo ។ កន្លងទៅ Man City ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថា មិនអើពើចំពោះសំណើពិចារណាតម្លៃសំបុត្រ ហើយតម្លៃសំបុត្រស្តង់ដារអាចត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងមុន។ អ្នកគាំទ្របានតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ដោយការជួបជុំគ្នាក្នុងបរិវេណកីឡដ្ឋាន Etihad ៩នាទីដំបូងនៃការប្រកួតក្របខណ្ឌ Premier League កាលសប្តាហ៍មុនទល់នឹង Leicester City ។ យ៉ាងណា Man City អះអាងថាសំបុត្រដែលលក់នៅលើគេហទំព័រ Viagogo គឺដើម្បីបែងចែកសំបុត្របដិសណ្ឋារកិច្ចដែលមានស្រាប់ នឹងត្រូវកំណត់តម្លៃថេរ ហើយមិនទាក់ទងការចងដំឡើងតម្លៃសំបុត្រនោះទេ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport