ខ្សែប្រយុទ្ធ Robert Lewandowski ទំនងអវត្តមានការប្រកួត Barcelona ទល់នឹង Real Madrid
2025-04-21 11:41:05
ក្លិប Barcelona បានអោយដឹងកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Robert Lewandowski បានរងរបួសសរសៃពួរសាច់ដុំ ដែលធ្វើអោយមានការបារម្ភថា វាអាចធ្វើអោយរូបគេខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa Del Rey នៅចុងសប្តាហ៍នេះ។
កីឡាករប៉ូឡូញ បានរងរបួសក្នុងការប្រកួតដែល Barcelona ឈ្នះ Celta Vigo ដោយលទ្ធផល ៤-៣ ហើយរូបគេត្រូវបង្ខំចិត្តប្តូរចេញពីទីលាន។
Lewandowski ដែលបានបង្ហាញខ្លួននៅ La Liga លើកទី ១០០ របស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ បានជួបប្រទះបញ្ហាជើង ដើម្បីពង្រីកការនាំមុខនៅក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ របស់ពួកគេ។
Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើតេស្តដែលបានធ្វើឡើងនៅពេលថ្មីៗនេះបានបញ្ជាក់ថាកីឡាករ Robert Lewandowski មានរបួសសាច់ដុំ នៅភ្លៅខាងឆ្វេង ។ ការវិលត្រឡប់របស់គេទៅហ្វឹកហាត់ នឹងអាស្រ័យលើរបៀបដែលរបួសបានធូរស្រាល។”
Barcelona មិនបានកំណត់ពេលវេលានៃការត្រឡប់មកវិញរបស់កីឡាករវ័យ៣៦ឆ្នាំទេ ប៉ុន្តែរបួសសរសៃពួរអាចធ្វើអោយកីឡាករដែលបានស៊ុតបញ្ចូលទី៤០គ្រាប់ សម្រាប់ក្រុមអ្នកមានបុណ្យ ក្នុងរដូវកាលនេះ នឹងមិនបានបង្ហាញខ្លួនក្នុងការប្រកួតសំខាន់ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ទល់នឹងក្រុម Real Madrid នៅកីឡដ្ឋាន La Cartuja ។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Robert Lewandowski អាចនឹងត្រូវអវត្តមានរយៈពេល ៣ សប្តាហ៍ ដែលជាផលប៉ះពាល់ដ៏ធំធេងសម្រាប់ក្រុម Barcelona ខណៈពួកគេនឹងប្រឈមមុខនឹងក្រុម Inter Milan ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅចុងខែមេសា និង ដើមខែឧសភា។
Robert Lewandowski គឺជាកីឡាករស៊ុតបញ្ចូលទីនាំមុខគេនៅក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ច្រើនជាង Kylian Mbappe របស់ Real Madrid ចំនួន៣ គ្រាប់៕