NEWS

្រូ Man UTD ថា ខ្លួនមានភាពខឹងសម្បារក្រោយចាញ់ Wolverhampton

2025-04-21 11:42:05
គ្រូបង្វឹក Man UTD លោក Ruben Amorim បាននិយាយថា លោកមានភាពខឹងសម្បារក្រោយពេលក្រុមរបស់លោកបានប្រកួតចាញ់ Wolverhampton ។ ជាការពិត ក្រុម Man UTD បានបន្តជួបភាពអួរអាប់ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានបរាជ័យក្រោមថ្វីជើងក្រុម Wolverhampton តាមរយៈលទ្ធផល ១-០។ ជំនួបនាកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ Man UTD អាចគ្រប់គ្រងបាល់បាន ៦០ភាគរយ មានឱកាសស៊ុត ១២ដង ខណៈក្រុម Wolverhampton មានឱកាសស៊ុតតែ ៤ដង។ នៅក្នុងវគ្គទី១មិនមានគ្រាប់បាល់កើតឡើងទេ ទោះជាមានការវាយសម្រុកខ្លាំងយ៉ាងណាក្តី។ ឈានដល់វគ្គទី២ Pablo Sarabia ខ្សែបម្រើរបស់ Wolverhampton បានស៊ុតបាល់ Free Kick បញ្ចូលសំណាញ់ទីយ៉ាងស្អាតដើម្បីផ្តល់ការនាំមុខដល់ក្រុមភ្ញៀវ។ Man UTD បានព្យាយាមវាយសម្រុកទៅវិញដែរ តែមិនបានផល។ គ្រាប់បាល់របស់ Pablo Sarabia នោះក៏បានជួយអោយក្រុម Wolverhampton ទទួលបានជ័យជំនះក្រោយបញ្ចប់ការប្រកួត។ វាគឺជាការបរាជ័យទី ៨ ក្នុងទឹកដីខ្លួនឯង Old Trafford និងជាការបរាជ័យលើកទី១៥ របស់ Man UTD ក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥។ លទ្ធផលនេះ ធ្វើអោយក្រុមបិសាចក្រហមហៀបនឹងតាមទាន់ កំណត់ត្រាអាក្រក់របស់ពួកគេក្នុងឆ្នាំ ១៩៦២-៦៣ ដោយកាលណោះ Man UTD ចាញ់ក្នុងទឹកដីខ្លួនឯងដល់ទៅ ៩ដងឯណោះ។ ជាមួយលទ្ធផលអាក្រក់បែបនេះ បានធ្វើអោយ គ្រូបង្វឹក Man UTD លោក Ruben Amorim មានការខឹងសម្បារ ដោយយល់ឃើញថា ក្នុងការប្រកួតក្រុមរបស់ខ្លួនធ្វើបានល្អ ប៉ុន្តែបែរជាមិនអាចឈ្នះទៅវិញ។ លោក Ruben Amorim អោយដឹងក្រោយចប់ការប្រកួតថា “ ពិតណាស់ វាពិតជាអាក្រក់ ហើយ ខ្ញុំខកចិត្ត និងខឹងណាស់ ព្រោះយើងល្អជាងគូប្រកួត ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីទេ ហើយបើមិនបានស៊ុតបញ្ចូលទី អ្នកនឹងមិនឈ្នះការប្រកួតទេ។ យើងត្រូវតែធ្វើការ និងព្យាយាមអោយកាន់តែប្រសើរឡើងនៅក្នុងការប្រកួតដំបូងនៃរដូវកាលក្រោយ។ យើងបាននិយាយអំពីរដូវកាលបន្ទាប់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងពេលវេលា យើងនឹងទទួលបានការខិតខំប្រឹងប្រែងដែលយើងត្រូវការដើម្បីកែលម្អក្រុម។” សម្រាប់បរាជ័យនេះដែរ Man UTD បានធ្លាក់ទៅឈរលេខ ១៤ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៣៨ពិន្ទុ ក្រោយឆ្លងកាត់ ៣៣ប្រកួត។ រីឯ Wolverhampton វិញ នៅលេខ១៥ មាន ៣៨ពិន្ទុដូចគ្នា៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport