NEWS

អ្នកចាំទី Marc-Andre Ter Stegen វិលមកកាន់ Barcelona វិញ ក្រោយធូរស្រាលរបួស

2025-04-22 14:10:07
លោក Hansi Flick គ្រូបង្វឹករបស់ Barcelona បាននិយាយថា អ្នកចាំទី Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រលប់មកទីលានវិញ បន្ទាប់ពីរូបគេបានជួបប្រទះបញ្ហារបួសរយៈពេលវែងរួចមក។ បន្ទាប់ពីសម្រាកជិត៧ខែ ដោយសារតែសរសៃពួរនៅជង្គង់ស្តាំ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីត្រលប់មកទីលានវិញ។ Barcelona កំពុងរៀបចំផែនការដើម្បីកំណត់ពេលវេលាដ៏ល្អប្រសើរសម្រាប់ការត្រឡប់មកវិញរបស់គេ។ ដំណឹងល្អនេះ បានកើតឡើងចំពេលដែលខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងអវត្តមានរយៈពេល ៣ សប្តាហ៍ ដែលជាការប៉ះទង្គិចដ៏ខ្លាំងសម្រាប់ Barcelona ដែលប្រឈមមុខនឹង Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅសប្តាហ៍ខាងមុខនេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតលីគរបស់ Barcelona ទល់នឹង Mallorca លោក Flick បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលរំពឹងទុកនៃការអវត្តមានរបស់ខ្សែប្រយុទ្ធប៉ូឡូញទេ។ Lewandowski គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ច្រើនជាង Kylian Mbappe របស់ Real Madrid ចំនួន៣គ្រាប់។ នៅពេលដែលត្រូវបានសួរនាំពីលទ្ធភាពនៃការចូលលេងរបស់ Marc-Andre Ter Stegen ក្រោយអវត្តមានរយៈពេលយូរនោះ លោក Hansi Flick បានអោយដឹងថា “ Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយ។ យើងត្រូវនិយាយអំពីអ្វីដែលយើងចង់ធ្វើ ហើយខ្ញុំបាននិយាយជាមួយគេ។ ដូច្នេះយើងដឹងហើយថា យើងគួរធ្វើដូចម្តេចសម្រាប់ការប្រកួតរបស់យើង។” Barcelona ដែលកំពុងឈរកំពូងតារាងពិន្ទុ La Liga ដោយមាន ៧៣ ពិន្ទុនឹងប្រកួតជាមួយក្រុមលេខ ៧ Mallorca នៅកីឡដ្ឋាន Estadi Olímpic Lluís Companys នៅយប់នេះ។ បន្តពីនោះ Barcelona នឹងមានការប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa del Rey ដែលនឹងត្រូវជួបគូប្រជែង Real Madrid នាកីឡដ្ឋាន La Cartuja ចុងសប្តាហ៍នេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport