NEWS

Man UTD នឹងអោយសំបុត្រឥតគិតថ្លៃតែ២សន្លឹកប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ៗ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League

2025-05-13 15:16:33
កីឡាកររបស់ Man UTD នឹងត្រូវដាក់កំហិត ដោយផ្តល់អោយសំបុត្រឥតគិតថ្លៃចំនួន២សន្លឹកប៉ុណ្ណោះ ចំពោះកីឡាករម្នាក់ៗ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Bilbao សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹង Tottenham Hotspur ។ ទទួលបានសំបុត្រឥតគិតថ្លៃតែ២សន្លឹកមែន តែកីឡាកររបស់ Man UTD អាចចំណាយថវិកាទិញសំបុត្របានរហូតដល់ ១០ សន្លឹកបន្ថែមទៀត ដើម្បីចែកអោយក្រុមគ្រួសារ មិត្តភក្តិ ចូលទស្សនាការប្រកួតបាន។ ការដាក់កំហិតចែកសំបុត្រឥតគិតថ្លៃបានតែ២សន្លឹកសម្រាប់កីឡាកររបស់ខ្លួននេះ ត្រូវបានខាងក្លិប Man UTD អះអាងថា ពួកគេចង់ប្តេជ្ញាធានានូវសំបុត្រអោយបានច្រើនតាមដែលអាចធ្វើទៅបានពីការបែងចែកសំបុត្រ១ម៉ឺន៥ពាន់សន្លឹក ទៅកាន់អ្នកគាំទ្រ។ រីឯក្រុមបុគ្គលិករបស់ក្លិប នឹងមិនទទួលបានសំបុត្រឥតគិតថ្លៃសម្រាប់ការប្រកួតដូចពីមុនទេ ហើយ វិធានការនេះគឺដើម្បីការកាត់បន្ថយការចំណាយរបស់ Man UTD ដែលរួមបញ្ចូលទាំងការលុបចោលអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃសម្រាប់បុគ្គលិកផងដែរ។ ងាកទៅខាង Tottenham Hotspur វិញមិនទាន់ប្រកាសពីផែនការលំអិតរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ឡើយ ប៉ុន្តែរំពឹងថា ពួកគេនឹងមានក្បួនដង្ហែរដ៏ធំបើសិនជាបានឈ្នះជើងឯក។ Man UTD មិនបានប្រារព្ធពិធីដង្ហែពានរង្វាន់ចាប់តាំងពីឆ្នាំ ២០១៣ ។ មែនទែនទៅ ក្លិបបិសាចក្រហម ធ្លាប់បានឈ្នះពានរង្វាន់ធំមួយគឺពានរង្វាន់ UEFA Europa League នេះឯង នៅឆ្នាំ២០១៧ អំឡុងពេលដែលលោក Jose Mourinho នៅកាន់តំណែងជាគ្រូបង្វឹក ប៉ុន្តែកាលណោះ Man UTD នៅមានការប្រកួតដ៏មមាញឹក នៅក្នុងក្របខណ្ឌ Premier League។ បន្ទាប់ពីនោះ Man UTD ក៏ត្រូវធ្វើដំណើរមកកាន់ អាស៊ីសម្រាប់ការប្រកួតក្រោយចប់រដូវកាលចំនួន២ប្រកួត ទល់នឹងក្រុមក្នុងស្រុកនៅម៉ាឡេស៊ី និងហុងកុង។ ពួកគេបានត្រឡប់ទៅទីក្រុង Manchester នៅចុងខែឧសភា ហើយកីឡាករត្រូវចាកចេញពីក្លិបភ្លាមៗដែរ ដើម្បីបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិរៀងៗខ្លួន ដែលពេលវេលាស្ទួនៗគ្នានោះ ធ្វើអោយ Man UTD មិនអាចរៀបចំការដង្ហែរពានរង្វាន់ធំបានទេ។ ដោយឡែក វគ្គផ្តាច់ព្រ័ត្រ UEFA Europa League 2024-25 រវាង Man UTD ទល់នឹង Tottenham Hotspur នឹងត្រូវធ្វើឡើង នាកីឡដ្ឋាន San Mamés ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport