លោក Carlo Ancelotti នឹងចាកចេញពី Real Madrid ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល
2025-05-13 15:18:13
លោក Carlo Ancelotti នឹងចាកចេញពីក្លិបអេស្ប៉ាញ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីទៅកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។
បុរសសញ្ជាតិអ៊ីតាលី នឹងចូលកាន់តំណែងជាផ្លូវការនៅក្រុមប្រេស៊ីលនាថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីបញ្ចប់ការប្រកួត La Liga របស់ Real Madrid ដោយលោកនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងនាមជាគ្រូបង្វឹកជោគជ័យបំផុតរបស់ក្លិប។
កិច្ចសន្យាបច្ចុប្បន្នរបស់ លោក Ancelotti ជាមួយ Real Madrid ត្រូវបានកំណត់ថានឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦ ។ លោក Ancelotti បានឈ្នះពានរង្វាន់ចំនួន ១៥ដង ដោយឆ្លងកាត់ការដឹកនាំចំនួន២លើក ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid ។
ការចាកចេញរបស់បុរសវ័យ ៦៥ ឆ្នាំ ពី Real Madrid កើតឡើងបន្ទាប់ពីការចាញ់ការប្រកួត El Clasico កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានធ្វើអោយ Real Madrid បង្កើនគម្លាត ៧ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ដោយនៅសល់៣ប្រកួតទៀត។ បើសិនជាបរាជ័យក្នុងការរារាំង Barcelona មិនអោយឈ្នះជើងឯក La Liga នោះ មានន័យថា Real Madrid នឹងបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។
ដោយឡែក ខាងសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានចេញសេចក្តីថ្លែងការណ៍ថា លោក Ancelotti នឹងក្លាយជាគ្រូបង្វឹកថ្មី ហើយបានទទួលស្គាល់ពីសារៈសំខាន់របស់លោកដែលទទួលបន្ទុកដឹកនាំក្រុម។ CBF ក៏បានថ្លែងអំណរគុណដល់ ប្រធានក្លិប Real Madrid លោក Florentino Perez ដែលយល់ព្រមអោយ លោក Ancelotti ចាកចេញពីក្លិបដោយរលូន។
លោក Carlo Ancelotti នឹងចូលដឹកនាំក្រុមប្រេស៊ីល បន្ទាប់គ្រូបង្វឹកលោក Dorival Junior ត្រូវបានបណ្តេញចេញកាលពីខែមីនា បន្ទាប់ពីចាញ់ក្រុមអាហ្សង់ទីន ៤-១ ក្នុងការប្រកួតជម្រុះ World Cup 2026។ ប្រេស៊ីលកំពុងឈរនៅលេខរៀងទី ៤ ក្នុងវគ្គជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង ដោយបានចាញ់ ៥ ប្រកួតក្នុងចំណោម ១៤ ប្រកួត ។ ការប្រកួតដំបូងរបស់លោក Ancelotti ជាគ្រូបង្វឹកក្រុមប្រេស៊ីល គឺជាការប្រកួតជម្រុះ World Cup ទល់នឹងប៉ារ៉ាហ្គាយ និងអេក្វាឌ័រនៅខែក្រោយ។
ក្នុងអាជីពជាគ្រូបង្វឹករយៈពេល ៣០ ឆ្នាំមកនេះ លោក Carlo Ancelotti បានដឹកនាំក្លិបធំៗមួយចំនួននៃបាល់ទាត់អឺរ៉ុបរួមមាន Juventus, AC Milan, Paris St-Germain និង Bayern Munich ហើយបានជួយក្លិបទាំងនោះឈ្នះពានរង្វាន់ជាហូរហែផងដែរ៕