ប្រធានចាស់ IOC លោក Thomas Bach សម្រេចការផ្ទេរតំណែងរបស់ខ្លួន
2025-06-25 13:44:17
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach នឹងប្រគល់តំណែងរបស់លោកទៅអោយលោកស្រី Kirsty Coventry បន្ទាប់ពីរូបលោកបានកាន់តំណែងជាងមួយទសវត្សក្នុងនាមជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងវិស័យកីឡា។
លោក Bach ដែលជាមេធាវីជនជាតិអាល្លឺម៉ង់ និងជាអតីតជើងឯកកីឡាចាក់សាបអូឡាំពិក បានចូលកាន់តំណែងជាប្រធាន IOC ក្នុងឆ្នាំ ២០១៣។ វត្តមានរបស់បុរសវ័យ ៧១ឆ្នាំ បានណែនាំការកែទម្រង់យ៉ាងទូលំទូលាយ ទាក់ទងនឹងការប្រកួតកីឡាអូឡាំពិក និងការរៀបចំស្ថាប័ន IOC ខ្លួនឯង រួមទាំងការកាត់បន្ថយទំហំនិងការចំណាយ ដើម្បីធ្វើអោយការប្រកួតកីឡាព្រឹត្តិការណ៍អូឡាំពិក កាន់តែទាក់ទាញសម្រាប់ប្រទេសនានា មកប្រជែងគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាដ៏ធំនេះ។
ការកាន់តំណែងជាប្រធានរបស់លោក Thomas Bach ពេលខ្លះក៏មានភាពរង្គោះរង្គើដែរ ដោយព្រឹត្តិការណ៍អូឡាំពិកធ្លាប់បានរងការវាយប្រហារដោយរឿងអាស្រូវការប្រើប្រាស់សារធាតុហាមឃាត់ ដែលគាំទ្រដោយរដ្ឋរបស់រុស្ស៊ី នោះគឺកាលពីព្រឹត្តិការណ៍អូឡាំពិករដូវរងា Sochi Games ឆ្នាំ២០១៤ ដែលនាំអោយអត្តពលិករុស្ស៊ីចូលរួមការប្រកួតនាពេលក្រោយៗមក ក្នុងនាមជាអត្តពលិកអព្យាក្រឹត ជាច្រើនលើក។
លោក Thomas Bach ក៏ត្រូវដោះស្រាយភាពតានតឹងផ្នែកនយោបាយនៅលើឧបទ្វីបកូរ៉េមុនការប្រកួតអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang របស់កូរ៉េខាងត្បូង ហើយលោកក៏ត្រូវបានបង្ខំអោយពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មួយឆ្នាំផងដែរ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ការប្រកួតអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ក៏ត្រូវបានប្រារព្ធឡើងដោយគ្មានអ្នកគាំទ្រដោយសារតែការរាតត្បាតជំងឺដែរ។ កាលពីព្រឹត្តិការណ៍ Paris 2024 មានការចូលរួមពីអត្តពលិករុស្ស៊ីម្តងទៀតក្នុងនាមជាអត្តពលិកអព្យាក្រឹតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
លោក Thomas Bach ក៏នឹងលាលែងពីសមាជិកភាព IOC ផងដែរ ទោះបីជារូបលោកបានក្លាយជាប្រធានកិត្តិយសនៃស្ថាប័ននេះក៏ដោយ។ អ្នកបន្តតំណែងរបស់លោក Thomas Bach គឺលោកស្រី Kirsty Coventry ជនជាតិហ្ស៊ីមបាវ៉េ ដោយលោកស្រីបានក្លាយជា ជាជនជាតិអាហ្វ្រិកដំបូងគេដែលត្រូវបានជ្រើសរើសជាប្រធាននៃស្ថាប័នគ្រប់គ្រងអូឡាំពិក៕