អ្នកវាយកូនបាល់ Casper Ruud ដកខ្លួនចេញពីកម្មវិធី Wimbledon ដោយសាររបួសអ្នកវាយកូនបាល់ Casper Ruud ដកខ្លួនចេញពីកម្មវិធី Wimbledon ដោយសាររបួស
2025-06-25 13:45:47
អ្នកវាយកូនបាល់ Casper Ruud បានប្រកាសដកខ្លួនចេញពីការប្រកួតកម្មវិធី Wimbledon 2025 ដោយសាររូបគេនៅតែតស៊ូក្នុងការព្យាបាលអោយជាសះស្បើយនូវបញ្ហារបួសជង្គង់ ។
កីឡាករជនជាតិន័រវេស ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៥ ពិភពលោក បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២ដ៏គួរអោយភ្ញាក់ផ្អើលនៅក្នុងកម្មវិធី French Open 2025 កាលពីខែឧសភា ដោយចាញ់កីឡាករ Nuno Borges របស់ព័រទុយហ្គាល់ ។
បន្ទាប់មក Casper Ruud បាននិយាយថា រូបគេបានមានបញ្ហារបួសជង្គង់ ហើយគេនឹងមិនបានចូលរួមក្នុងការប្រកួតចាប់តាំងពីពេលនោះមក ។
ជុំវិញរឿងនេះ អ្នកចាត់ការរបស់ Casper Ruud លោក Tina Falster បានអោយដឹងថា “Casper Ruud នឹងត្រលប់មកទីលានវិញ ហើយអ្វីៗដំណើរការល្អ ប៉ុន្តែវាមើលទៅដូចជាលឿនពេកក្នុងការចូលរួមកម្មវិធី Wimbledon ។ ដូច្នេះ Casper Ruud នឹងមិនអាចចូលរួមការប្រកួតដ៏ធំនេះបានទេ។”
ការលេងបានល្អបំផុតរបស់ Casper Ruud នៅក្នុងការប្រកួតពានរង្វាន់ Wimbledon គឺរូបគេបានឡើងដល់ជុំទី២បានចំនួន៣ ដង។
សូមបញ្ជាក់ដែរថា កម្មវិធី Wimbledon គឺជាការប្រកួតវាយកូនបាល់កម្រិតខ្ពស់បំផុត Grand Slam ទី៣ ក្នុងចំណោម៤ប្រចាំរដូវកាល។
ការប្រកួតវាយកូនបាល់ទីលានវាលស្មៅដ៏ធំសម្រាប់ឆ្នាំ ២០២៥ នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ខាងមុន នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ប្រាក់រង្វាន់សម្រាប់កម្មវិធីមួយនេះ មានច្រើនខ្លាំងណាស់គឺប្រមាណជា ៧លានដុល្លារឯណោះ៕