លោក Luis Enrique បដិសេធមិនអោយមានការប្រៀបធៀបសមត្ថភាពរបស់ក្រុមអំឡុងពេលមានវត្តមាន Kylian Mbappe
2025-07-10 14:30:23
គ្រូបង្វឹក លោក Luis Enrique បានបដិសេធមិនអោយមានការប្រៀបធៀបសមត្ថភាព រវាងក្រុម Paris St Germain បច្ចុប្បន្នរបស់លោក និង អំឡុងពេលដែលក្រុមធ្លាប់មានវត្តមានខ្សែប្រយុទ្ធ Kylian Mbappe នៅមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 ទល់នឹង Real Madrid ។
នៅពេលត្រូវបានសួរនាំថា តើ Paris St Germain របស់លោកបច្ចុប្បន្ន មានសមត្ថភាពខ្លាំងក្លា និងល្អជាង ពេលគ្មានវត្តមាន Mbappe ឬយ៉ាងណា ប៉ុន្តែលោក Luis Enrique បានបដិសេធនឹងការឆ្លើយសំណួរនេះ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញលើកឡើងថា “នេះគឺជាសំណួរអំពីអតីតកាល ហើយខ្ញុំមិននៅទីនេះដើម្បីនិយាយអំពីអតីតកាលទេ ខ្ញុំគ្រាន់តែគិតអំពីអនាគត។”
យ៉ាងណា លោក Luis Enrique បានទទួលស្គាល់ថាការប្រឈមមុខនឹងអតីតកីឡាកររបស់ខ្លួន គឺជាការសាកល្បងដ៏ល្អមួយ ហើយការលេងជាមួយក្រុមដែលជោគជ័យបំផុតក្នុងពិភពលោក ដូចជា Real Madrid គឺជាការប្រកួតប្រជែងដ៏ពិតប្រាកដដែលក្រុមរបស់លោកចង់ជួបប្រទះ។
បែបនេះក្តី សម្រាប់ការប្រកួតនេះ Paris St Germain នឹងត្រូវប្រឈមមុខនឹងស្ថានភាពដ៏ពិបាកម្តងទៀតនៅក្នុងរដ្ឋ New Jersey ជាមួយនឹងការចាប់ផ្តើមការប្រកួតនៅពេលរសៀលដែលមានកម្តៅដ៏ក្តៅខ្លាំង។ ភាពលំបាកនេះបានកើតឡើងរួចមកហើយ ដោយកាលពីការប្រកួតរវាង Chelsea និង Fluminense សីតុណ្ហភាពបានកើនឡើងលើសពី ៣៥ អង្សាសេ ជាមួយនឹងសំណើមលើសពី ៥៤ភាគរយ ដែលបណ្តាលអោយមានការព្រមានពីការផ្លាស់ប្តូរអាកាសធាតុមិនទៀងទាត់។
ប្រទះនឹងបញ្ហាអាកាសធាតុ លោក Luis Enrique បានលើកឡើងថា “ក្រុមរបស់ខ្ញុំស៊ាំនឹងវាហើយ។ ការលេងក្នុងលក្ខខណ្ឌទាំងនេះ នឹងជាទម្លាប់ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំក្រោយ។ វាមិនល្អនោះទេ ព្រោះវាពិបាកក្នុងការលេងក្នុងទីតាំងនោះ។ ថ្វីត្បិតតែមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ តែយើងកំពុងរីករាយនឹងការប្រកួតកម្រិតខ្ពស់។ ការលេងជាមួយក្រុម Real Madrid នឹងក្លាយជាការប្រកួតដ៏ពិសេសមួយ។ វាមានន័យថា យើងបានបំពេញការងារបានយ៉ាងល្អ ហើយយើងបានស្ថិតក្នុងទីតាំងមួយដើម្បីលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។”
ការប្រកួតរវាង Paris St Germain និង Real Madrid ក្រុមដែឈ្នះ នឹងត្រូវជួបជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ បន្ទាប់ពីក្រុមនៅ Premier League បានយកឈ្នះ ២-០ ទៅលើក្រុម Fluminense ៕