លោក Donald Trump នឹងទៅទស្សនាវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2025
2025-07-11 14:32:08
លោកប្រធានាធិបតីអាមេរិក Donald Trump នឹងចូលរួមទស្សនាការប្រកួតផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ ២០២៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០២៥ ដែលបង្កើនចំនួនក្រុមរហូតដល់ ៣២ក្រុម លើកដំបូងក្នុងប្រវតិ្តសាស្ត្រ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈ Chelsea ពីអង់គ្លេស បានកក់កៅអីវគ្គផ្តាច់ព្រ័ត្ររួចស្រេច។ Chelsea នឹងជួបក្រុម Paris Saint Germain ដែលបានឈ្នះការប្រកួតលើក្រុម Real Madrid នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ខណៈដែល លោក Donald Trump អះអាងនឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 នោះ ខាង FIFA ក៏បានប្រកាសអំពីការបើកការិយាល័យថ្មីរបស់ខ្លួន នៅអាមេរិក ដែលស្ថិតក្នុងអគារពាណិជ្ជកម្ម Trump Tower ជាកម្មសិទ្ធិរបស់លោក ដូណាល់ ត្រាំតែម្តង។ ក្នុងអគារនោះក៏ជាទីតាំងដាក់តាំងបង្ហាញពានរង្វាន់ FIFA Club World Cup ដែរ។
FIFA Club World Cup 2025 ប្រៀបបានជាការធ្វើតេស្តសាកល្បង កីឡដ្ឋានទូទាំងអាមេរិក ដែលកំពុងត្រៀមខ្លួនសម្រាប់រៀបចំព្រឹត្តិការណ៍ FIFA World Cup 2026។ តួយ៉ាង អាមេរិក នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត ជាមួយនឹងកាណាដា និងម៉ិកស៊ិក ។
សម្រាប់ ជំនួបផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 នឹងធ្វើឡើងថ្ងៃទី១៣ កក្កដា ស្ថិតក្នុងកីឡដ្ឋាន MetLife នឹងក្លាយជាទិដ្ឋភាពគំរូមួយ ក្នុងការបង្ហាញរូបភាពវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០២៦៕