List News
ប្រធានក្រុម Liverpool ថា ការចាកចេញរបស់ Trent Alexander-Arnold នឹងមិនប៉ះពាល់ដល់ពិធីអបអរឈ្នះជើងឯក Premier League ទេ
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បាននិយាយថា ការចាកចេញរបស់ ខ្សែការពារ Trent Alexander-Arnold នឹងមិនប៉ះពាល់ដល់ពិធីអបអរឈ្នះជើងឯក Premier League របស់ក្រុមនោះទេ។ ជាការពិត កីឡាករវ័យ២៦ឆ្នាំ បានប្រកាសចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅដំណាច់ខែមិថុនាខាងមុខ ដោយរូបគេត្រូវបានរំពឹងថា នឹងទៅចូលរួមជាមួយ Real Madrid ។ ជាមួយនឹងការចាកចេញរបស់ Trent Alexander-Arnold នេះដែរ Virgil van Dijk បានសម្តែងពីការសោកស្តាយដែលរូបគេនឹងបាត់បង់មិត្តរួមក្រុមដ៏សំខាន់ ដែលបានជួយក្រុមឈ្នះពានរង្វាន់នានាជាច្រើន។ យ៉ាងណា ការចាកចេញរបស់ Alexander-Arnold នឹងមិនប៉ះពាល់ដល់ពិធីអបអររបស់ Liverpool ដែលឈ្នះជើងឯក Premier League 2024-25 និងជាការឈ្នះជាលើកទី២០ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនោះទេ។ ទាក់ទិននឹងរឿងនេះ Virgil van Dijk បានអោយដឹងថា “យើងពិតជាចង់ឈ្នះ២ប្រកួតចុងក្រោយ ដោយមានវត្តមានរបស់ Trent Alexander-Arnold ។ យើងចង់លើកពានជាមួយគ្នា និងអបអរសារទជាមួយគ្នាដូចមុន។ យ៉ាងណា Trent Alexander-Arnold មានផ្លូវដើរបស់គេ ហើយយើងគាំទ្រគេក្នុងការស្វែងរកអ្វីថ្មីក្នុងអាជីព។ យើងសោកស្តាយ ចំពោះការបាត់បង់រូបគេ ប៉ុន្តែការចាកចេញនេះ ក៏នឹងមិនធ្វើអោយ យើងត្រូវមានភាពអួរអាប់ប៉ះពាល់ដល់ការអបអរ ជោគជ័យរបស់ក្រុមដែរ។” សូមបញ្ជាក់ថា Liverpool បានគ្រងជើងឯក Premier League 2024-25 រួចរាល់ហើយ ប៉ុន្តែពួកគេនៅសល់២ប្រកួតចុងក្រោយទៀត ដោយត្រូវប៉ះ Brighton & Hove Albion នៅថ្ងៃទី ១៩ ខែឧសភា និង ប៉ះ Crystal Palace នៅថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕
5 months ago
កីឡាករ Real Madrid ២រូប ទំនងអវត្តមានការប្រកួតទល់នឹង Barcelona នៅ Copa del Rey
Real Madrid នឹងបាត់សមាជិកសំខាន់ៗ ២រូបបន្ថែម នោះគឺខ្សែការពារ David Alaba និងខ្សែបម្រើ Eduardo Camavinga សម្រាប់ជំនួបផ្តាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ទល់នឹង Barcelona។ គ្រាប់បាល់ស៊ុតបញ្ចូល ១គ្រាប់ របស់ Arda Guler ជួយបន្តក្តីសង្ឃឹមដល់ Real Madrid ឈ្នះ Getafe រកបាន ៧២ពិន្ទុ ដើម្បីប្រដេញប្រកៀកនឹងក្រុមកំពូលតារាង Barcelona ដែលមាន ៧៦ពិន្ទុ ក្នុងតារាងពិន្ទុលីគកំពូលអេស្ប៉ាញ ។ យ៉ាងណាមិញ ការប្រកួតនេះក៏បានធ្វើអោយក្រុម លោក Carlo Ancelotti ខាតបង់ធំ ត្រង់ថាកីឡាករសំខាន់ៗ ក៏ជួបបញ្ហារបួសដូចគ្នា ខណៈការប្រកួតសំខាន់វគ្គផ្តាច់ព្រ័ត្រ Copa Del Rey ទល់នឹងគូប្រជែង Barcelona កាន់តែខិតមកដល់។ បន្ទាប់ពីកីឡាករសំខាន់រួមមាន Kylian Mbappe និង Ferland Mendy របួស ពេលនេះ David Alaba និង Eduardo Camavinga របួសថែមទៀត។ ស្របពេល Mendy, Alaba និង Camavinga សុទ្ធសឹងតែមានភាគរយខ្ពស់ក្នុងការបាត់មុខ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti ក៏នឹងសម្លឹងមើលឱកាសដាក់ប្រើប្រាស់កីឡាករវ័យក្មេងដែលនៅសេសសល់ អោយចូលលេងវិញ។ រដូវកាល ២០២៤-២៥ ជាពេលដ៏លំបាកសម្រាប់ Real Madrid ដោយការប៉ះគ្នា ២លើក ទល់នឹង Barcelona ពួកគេរងបរាជ័យទាំងអស់ ដោយកាលពីខែតុលា ឆ្នាំ ២០២៤ ក្រុមការពារជើងឯក La Liga ចាញ់លទ្ធផល ៤-០។ កាលពីខែមករា ដើមឆ្នាំ ២០២៥ Real Madrid បន្តចាញ់លទ្ធផល ៥-២ វគ្គផ្តាច់ព្រ័ត្រ Spain Super Cup នៅអារ៉ាប៊ីសាអូឌីត៕
5 months ago
Barcelona ទទួលបានសំណើពីក្លិបនៅអារ៉ាប់ចង់ខ្សែប្រយុទ្ធ Raphinha
្លិប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ពីក្លិបបាល់ទាត់នៅទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធ Raphinha ។ កីឡាករសញ្ជាតិប្រេស៊ីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹង Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅក្របខណ្ឌ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ UEFA Champions League ខណៈបច្ចុប្បន្នក្រុមជើងខ្លាំងអេស្ប៉ាញមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ខណៈនៅ UEFA Champions League វិញ ពួកគេកំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ធ្លាប់បានផ្តល់នូវសំណើដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ Raphinha ប៉ុន្តែត្រូវបានបដិសេធវិញ ។ យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី Camp Nou នៅឡើយ ជាពិសេសជាមួយនឹងវត្តមានរបស់គ្រូបង្វឹក លោក Hansi FLick ដែលបុគ្គលតែមួយគត់ដែលជួយអោយរូបគេរីកចម្រើនជាខ្លាំង ។ យ៉ាងណាមិញ បច្ចុប្បន្ន Barcelona នៅមិនទាន់បានបដិសេធសំណើថ្មីមួយនេះនៅឡើយទេ ខណៈពីមុនពួកគេក៏ធ្លាប់បានបដិសេធសំណើ១០០លានអឺរ៉ូ ពីក្លិបនៅអារ៉ាប់និង៩០លានអឺរ៉ូពី ក្លិប Arsenal ៕
5 months ago
ខ្សែប្រយុទ្ធ Jamie Vardy នឹងចាកចេញពី Leicester City នៅដំណាច់រដូវកាលនេះ
ប្រធានក្រុម Leicester City កីឡាករខ្សែប្រយុទ្ធ Jamie Vardy នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែមានបំណងបន្តអាជីពលេងរបស់ខ្លួន។ កីឡាករវ័យ៣៨ឆ្នាំបានចូលរួម Leicester City កាលឆ្នាំ ២០១២ ពីក្លិប Fleetwood Town ហើយបានក្លាយជាកីឡាករទី៣ស៊ុតបញ្ចូលទីច្រើនជាងគេ សម្រាប់ក្រុមរហស្សនាមកញ្ជ្រោង ដោយស៊ុតបាន ១៩៨ គ្រាប់ ពីការបង្ហាញខ្លួន ៤៩៨ លើក។ Vardy ស៊ុតបញ្ចូលទីបាន ២៤ដង ក្នុងយុទ្ធនាការ Premier League 2015-16 ដែលជួយ Leicester City ឈ្នះពានលីគកំពូលអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ អតីតកីឡាករជម្រើសជាតិអង់គ្លេសក៏ជាផ្នែកមួយនៃក្រុម Leicester City ដែលឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០២១ ដោយបានយកឈ្នះ Chelsea ១-០ នៅកីឡដ្ឋាន Wembley។ ជុំវិញដំណឹងនៃការចាកចេញពី Leicester City នេះដែរ Jamie Vardy បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ចំពោះអ្នកគាំទ្រ Leicester ខ្ញុំមានការភ្ញាក់ផ្អើលដែលការចាកចេញរបស់ខ្ញុំនឹងមកដល់ ។ ខ្ញុំបានចំណាយពេល ១៣ ឆ្នាំនៅទីនេះ ជាមួយនឹងភាពជោគជ័យជាច្រើន និងការបរាជ័យ។ Leicester តែងតែមានកន្លែងដ៏ធំនៅក្នុងបេះដូងរបស់ខ្ញុំ។ នេះមិនមែនជាការចូលនិវត្តន៍ទេ។ ខ្ញុំចង់បន្តលេង និងធ្វើអ្វីដែលខ្ញុំពេញចិត្តបំផុត ពោលគឺស៊ុតបញ្ចូលទី។” កន្លងទៅ Jamie Vardy បានបង្ហាញការខកចិត្តខឹងសម្បារទៅលើខ្លួនគេ និងមិត្តរួមក្រុម បន្ទាប់ពី Leicester City ត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ។ Leicester City ឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយរកបានត្រឹមតែ១៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន៣៣លើក ឃ្លាតពីតំបន់សុវត្ថិភាព ១៨ពិន្ទុ ខណៈការប្រកួតសល់តែ៥លើកទៀត ដែលមានន័យថា ទោះពួកគេឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏មិនអាចផ្លាស់ប្តូរស្ថានការណ៍បានដែរ។ ចំពោះការប្រកួតបន្ទាប់របស់ Leicester City ត្រូវក្រុម Wolverhampton។ ការប្រកួតចុងក្រោយរបស់ Jamie Vardy នៅកីឡដ្ឋាន King Power នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភា នៅពេលដែល Leicester City ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Ipswich Town៕
5 months ago
ក្លិបធំៗ៤នៅ Premier League ចាប់អារម្មណ៍ខ្សែការពារ Dean Huijsen របស់ Bournemouth
ខ្សែការពារ Dean Huijsen របស់ Bournemouth បានទទួលការចាប់អារម្មណ៍ពីក្លិបធំៗចំនួន ៤ នៅក្របខណ្ឌ Premier League។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។ ក្លិបទាំង៤នៅលីគកំពូលអង់គ្លេសដែលតាមសម្លឹងមើលកីឡាករវ័យ២០ឆ្នាំមាន Chelsea, Liverpool, Arsenal និង Newcastle United ហើយនឹងត្រៀមប្រជែងគ្នាផ្ទេរយករូបគេនៅទីផ្សាររដូវក្តៅខាងមុខនេះ។ របាយការណ៍បឋមបានអោយដឹងថា Dean Huijsen មានថ្លៃផ្តាច់កុងត្រា៥០លានផោន។ សម្រាប់ Bournemouth វិញ កំពុងមានការបារម្ភខ្លះដែរ ដោយកីឡាករក្មេងៗមានទេពកោសល្យរបស់ពួកគេត្រូវបានក្លិបធំៗចាប់អារម្មណ៍ជាបន្តបន្ទាប់ ដែលធ្វើអោយក្លិបត្រូវប្រឈមមុខបាត់បង់កីឡាករទាំងអស់នោះ។ យ៉ាងណា Bournemouth សង្ឃឹមថា ការប្រឹងប្រែងស្វែងរកកៅអីលេងនៅពានរង្វាន់អឺរ៉ុប អាចនឹងអន្ទងចិត្តកីឡាករឆ្នើមទាំងនោះមិនអោយចាកចេញ។ បែបនេះក្តី វានៅតែមានភាពលំបាកច្រើន សម្រាប់ Bournemouth ក្នុងការទប់ស្កាត់កុំអោយ Dean Huijsen ចាកចេញ ដោយក្នុងនោះមានការបង្ហើបអោយដឹងថា ក្លិប Chelsea មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីប្រឹក្សារបស់កីឡាករអេស្ប៉ាញ ដែលជាការបើកផ្លូវដ៏ធំមួយ ដើម្បីរូបគេផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge។ រីឯ Newcastle United វិញ មានការខកចិត្តព្រោះតែរបូតគោលដៅសំខាន់ៗជាច្រើន ក្នុងទីផ្សារដោះដូរកន្លងទៅ ដូច្នេះ Dean Huijsen នឹងជាបេក្ខភាពដែលពួកគេចង់ក្តាប់អោយណែន នាំយកមករួមក្រុម។ សម្រាប់ Liverpool និង Arsenal ក៏កំពុងចង់នាំយកជម្រើសខ្សែការពារបន្ថែម ហើយភាពលេចធ្លោកន្លងមករបស់ Dean Huijsen បានធ្វើអោយពួកគេមានការពិចារណាផងដែរ។ ដោយឡែក ក្រៅពីក្លិបទាំង៤នៅ Premier League ខាងដើមហើយ ក្លិបអាល្លឺម៉ង់ Bayern Munich និងក្លិបអេស្ប៉ាញ Real Madrid ក៏ត្រូវបានផ្សព្វផ្សាយថា កំពុងតាមសម្លឹងមើល Dean Huijsen ដូចគ្នា។ Dean Huijsen បានចូលរួមជាមួយ Bournemouth ដោយផ្លាស់មកពី Juventus កាលពីរដូវក្តៅមុន និងបានអភិវឌ្ឈន៍ខ្លួន ក្លាយជាកីឡាករខ្សែការពារកណ្តាល ដ៏រឹងមាំមួយរូប នៅក្នុងការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុប ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ រូបគេកាន់តែទទួលការចាប់អារម្មណ៍បន្ថែមទៀត នៅពេលដែលក្រុមជម្រើសជាតិហូឡង់ និង អេស្ប៉ាញ ដណ្តើមគ្នា កោះហៅមករួមក្រុមរៀងខ្លួន។ Dean Huijsen បានកើតនិងធំធាត់នាទីក្រុង Amsterdam និងបានលេងអោយក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ របស់ហូឡង់។ រូបគេបានផ្លាស់ទីលំនៅមកកាន់ទីក្រុង Marbella និងបានទទួលសញ្ជាតិអេស្ប៉ាញ ហើយក៏បានត្រូវកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតបាល់ទាត់យុវជនកាលពីខែមុនផងដែរ៕
5 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport