List News
កីឡាការិនីហូឡង់ Puck Pieterse ឈ្នះការប្រណាំងកង់កម្មវិធី La Flèche Wallonne Femmes
កីឡាការិនីហូឡង់ Puck Pieterse បានទទួលជ័យជំនះនៅក្នុងការប្រណាំងកង់កម្មវិធី La Flèche Wallonne Femmes ដែលធ្វើឡើង នាទីក្រុង Huy ប្រទេសបែលហ្ស៊ីក។ ការប្រកួតនេះធ្វើឡើងរយៈពេលតែ១ថ្ងៃ ដោយមានចម្ងាយផ្លូវ ១៤០,៧ គីឡូម៉ែត្រ។ យ៉ាងណា នារី វ័យ២២ឆ្នាំ មកពីក្រុម Fenix–Deceuninck បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់តែ ៣ម៉ោង ៥៣នាទី និង ២៥វិនាទី។ កីឡាការិនីហូឡង់ Demi Vollering មកពីក្រុម FDJ–Suez បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ ហើយកីឡាការិនីអ៊ីតាលី Elisa Longo Borghini មកពីក្រុម UAE Team ADQ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ សូមបញ្ជាក់ថា កម្មវិធី La Flèche Wallonne Femmes គឺជាទីលានទី១៣ ក្នុងចំណោម ២៧ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ផ្នែកនារី UCI Women's World Tour ប្រចាំរដូវកាល ២០២៥។ ការប្រកួតជាបន្តទីលានទី១៤ ជាកម្មវិធី Liège–Bastogne–Liège Femmes ធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ខាងមុខ ចាប់ពីតំបន់ Bastogne ទៅតំបន់ Liège ក្នុងប្រទេសបែលហ្ស៊ីកដដែល៕
5 months ago
្រូ Real Madrid នៅតែផ្តោតលើការដឹកនាំក្រុមទោះមានការវែកញែកពីអនាគតខ្លួន
Real Madrid ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ ៨ក្រុម ខណៈសល់ឱកាសស្តួចស្តើងប្រជែងពាន La Liga រដូវកាល ២០២៤-២៥។ លទ្ធផលនេះ ធ្វើអោយមានមតិជាច្រើនលើកឡើង និងវែកញែកអំពីអនាគតរបស់គ្រូបង្វឹក លោក Carlo Ancelotti ប៉ុន្តែបុរសសញ្ជាតិអ៊ីតាលី បានឆ្លើយតបថាលោកមិនបានខ្វាយខ្វល់អំពីរឿងរ៉ាវទាំងនេះទេ។ បញ្ហាតំណែងរបស់លោក Carlo Ancelotti កំពុងត្រូវបានលើកឡើង ក្រោយពេល Real Madrid ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើង Arsenal សរុបលទ្ធផលទាំង ២ជើង ៥-១ ។ មកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា លោក Ancelotti អាចនឹងចុះចេញពីតំណែងនៅចុងបញ្ចប់រដូវកាល ហើយបន្តចាប់យកតំណែងជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល។ ទាក់ទងទៅនឹងអនាគតនៅ Real Madrid លោក Carlo Ancelotti បានឆ្លើយតបដូច្នេះថា “វាជាឆ្នាំប្រកួតប្រជែងដ៏តឹងតែងជាងឆ្នាំមុន។ អ្នកមើលឃើញជោគជ័យឆាប់រហ័សពេក ហើយវានឹងបង្កើនបញ្ហាតានតឹងដល់អ្នក តែភាពតានតឹងគឺបានផ្តល់ថាមពលដ៏ខ្ញុំ វាមិនបានរំខានខ្ញុំនោះទេ វាជួយអោយខ្ញុំ គិតបានច្រើន និងរកដំណោះស្រាយបញ្ហាដែលកើតមាន។” Real Madrid ទើបតែបានយកឈ្នះ Getafe លទ្ធផល ១-០ ហើយពួកគេកំពុងតែប្រដេញតាមប្រជែងពានក្របខណ្ឌ La Liga ពីក្រុម Barcelona ដែលកំពុងឈរនៅកំពូលតារាង មានចំនួន ៧៦ពិន្ទុ ខណៈក្រុមអធិរាជស ឈរនៅលំដាប់លេខ ២ មានចំនួន ៧២ពិន្ទុ ក្រោយឆ្លងកាត់៣៣ប្រកួតដូចគ្នា៕
5 months ago
គ្រូ Man City ចាត់ទុករដូវកាល ២០២៤-២៥ ជាការប្រកួតប្រជែងដ៏អាក្រក់
គ្រូបង្វឹក Man City លោក Pep Guardiola បានចាត់ទុករដូវកាល ២០២៤-២៥ ជារដូវកាលដ៏អាក្រក់បំផុត ដោយពួកគេខកខានការពារតំណែងជើងឯក ក្រោយពីបានឈ្នះជើងឯកលីគកំពូលអង់គ្លេស ៤លើកជាប់ៗគ្នា។ ក្រុមរហស្សនាមមេឃខៀវ បានឡើងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន៦១ពិន្ទុ ឆ្លងកាត់៣៤ប្រកួត ឃ្លាតដាច់ចំនួន ១៨ពិន្ទុ ពីក្រោយក្រុមកំពូលតារាង Liverpool ហើយក្រុមហង្សក្រហមសល់១ប្រកួតក្នុងដៃទៀត។ យ៉ាងណា Man City រក្សាបានកៅអីសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីពួកគេបានផ្តួល Aston Villa លទ្ធផល ២-១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមទៀតក្នុងក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ ។ ជាមួយនឹងលទ្ធផលនេះដែរ លោក Pep Guardiola យល់ថា ក្រុមរបស់លោកបានជួបនូវរដូវកាលដ៏អាក្រក់មួយ ក្នុងការប្រកួតប្រជែងរដូវកាល ២០២៤-២៥ នេះ បើទោះជាក្រុមរបស់លោក នៅតែមានកៅអីលេងក្នុងពានរង្វាន់ UEFA Champions League ក៏ដោយ។ ជុំវិញបញ្ហានេះ គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានអោយដឹងថា “រដូវកាលនេះ ពិតជាពេលវេលាដ៏អាក្រក់បំផុតមួយ។ រឿងដែលធ្វើអោយយើងរងសម្ពាធខ្លាំងរដូវកាលនេះ នោះគឺជា Premier League មិនមែនជា UEFA Champions League មិនមែន FA Cup នោះទេ។” ក្រុម Man City នឹងត្រូវបន្តដំណើរទៅប៉ះក្រុម Nottingham Forest ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅចុងសប្តាហ៍នេះ មុនពួកគេត្រូវវិលទៅកាន់ការប្រកួតក្របខណ្ឌ Premier League ប៉ះក្រុម Wolverhampton នៅកីឡដ្ឋាន Etihad ថ្ងៃទី២ ខែឧសភា ខាងមុខនេះ ៕
5 months ago
គ្រូ Arsenal បង្ហាញការខកចិត្តក្រោយស្មើគ្នាទល់នឹង Crystal Palace
គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បង្ហាញការខកចិត្តក្រោយស្មើគ្នាទល់នឹងក្រុម Crystal Palace ក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។ ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates ក្រុម Arsenal ដែលជាម្ចាស់ផ្ទះ ត្រូវបានមើលឃើញថា មានប្រៀបជាងគូប្រជែងទៅលើការគ្រប់គ្រងបាល់ដែលអាចធ្វើបានដល់ទៅ ៦៨ភាគរយ ប៉ុន្តែឱកាសស៊ុតមានតិចជាង ដោយ Arsenal មានឱកាសស៊ុត១២ដង ខណៈ Crystal Palace មានឱកាសស៊ុត ១៥ដង។ កែលបាល់បាន៣នាទី Arsenal បានរកគ្រាប់បាល់នាំមុខបានមុនដោយ Jakub Kiwior ធ្វើការតែតបញ្ចូលទី។ យ៉ាងណា នាទី២៧ Eberechi Eze បានស៊ុតបញ្ចូលទីតាមស្មើអោយ Crystal Palace វិញ។ នាទី៤២ មុនចប់វគ្គទី១ Arsenal បាននាំមុខសាជាថ្មី ដោយការស៊ុតពី Leandro Trossard ។ ឈានដល់វគ្គទី២ Arsenal បន្តការគាបសង្កត់ទៅលើ Crystal Palace ដដែល ប៉ុន្តែមិនអាចរកគ្រាប់បាល់បានបន្តទេ។ ផ្ទុយមកវិញ Crystal Palace បានឆក់ឱកាសល្អរកបានគ្រាប់បាល់តាមស្មើ នៅនាទី៨៣ ជាការស៊ុតបញ្ចូលទី ពី Jean-Philippe Mateta ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២។ ជាមួយលទ្ធផលនេះដែរ បានធ្វើអោយគ្រូបង្វឹក Arsenal លោក Mikel Arteta មានការខកចិត្តព្រោះក្រុមកាន់តែឃ្លាតឆ្ងាយឱកាសប្រជែងពាន និងបានរុញច្រាន ក្រុមកំពូលតារាង Liverpool ខិតកាន់តែកៀកការឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះ។ លោក Mikel Arteta បានអោយដឹងក្រោយចប់ការប្រកួតថា “ មែនហើយ ខ្ញុំខកចិត្តនឹងលទ្ធផល និងការលេងរបស់កីឡាករផងដែរ។ ខ្ញុំគិតថា យើងមិនដែលមានភាពស៊ីសង្វាក់គ្នាជាច្រើន ដង ។ យើងតែងតែមានអារម្មណ៍ថា មែនហើយ យើងមានបាល់ យើងមានការគ្រប់គ្រង វា ប៉ុន្តែយើងមិនបានចាប់យកឱកាសល្អទេ។ វាមិនទៅតាមរបៀបដែលខ្ញុំចង់បានទេ។” Arsenal បច្ចុប្បន្នឈរលេខ២មាន៦៧ពិន្ទុឆ្លងកាត់៣៤ប្រកួត ខណៈក្រុមកំពូលតារាង Liverpool មានដល់ទៅ ៧៩ពិន្ទុ ឆ្លងកាត់ ៣៣ប្រកួត។ Liverpool នឹងឈ្នះជើងឯក Premier League រដូវកាលនេះតែម្តង នៅពេលដែលពួកគេបានឈ្នះ ឬ បានត្រឹមលទ្ធផលស្មើគ្នាទល់នឹង Tottenham Hotspur សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ៕
5 months ago
Man UTD ឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយខ្សែប្រយុទ្ធ Victor Osimhen
ក្លិប Man UTD បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ជាមួយខ្សែប្រយុទ្ធរបស់ក្លិប Napoli គឺ កីឡាករ Victor Osimhen មុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Metro នៅអង់គ្លេស។ កីឡាករ នីហ្សេរីយ៉ា នៅសល់រយៈពេល ៦ សប្តាហ៍ទៀត នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Galatasaray ខណៈការលេងនៅក្រុមការពារតំណែងជើងឯងលីគតួកគី រយៈពេលជិត ១ រដូវកាលកន្លងមក រូបគេពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយការលេងចំនួន ៣៥ ប្រកួត រកបាន ៣០ គ្រាប់។ Man UTD បានចាប់អារម្មណ៍ខ្លាំងលើ Osimhen ហើយពួកគេកំពុងធ្វើការលើការផ្ទេរនេះ តាមដែលអាចធ្វើទៅបាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលជិតឈានចូលមកដល់ឆាប់ៗនេះ។ ប្រភពខាងដើមដដែលបានអះអាងថា Man UTD បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Osimhen ហើយ ជុំវិញរឿងប្រាក់ខែរបស់កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា ប៉ុន្តែក្រុមនៅ Premier League មួយនេះ គឺមិនទាន់មានការយល់ព្រមណាមួយ ជុំវិញតម្លៃផ្ទេរជាមួយ Napoli នៅឡើយទេ។ Victor Osimhen ធ្លាប់ជាគោលដៅរបស់ Chelsea ហើយហៀបនឹងផ្ទេរទៅកាន់ទឹកដី Stamford Bridge ទៅហើយ កាលពីរដូវក្តៅមុន ប៉ុន្តែក្រុមនៅ Premier League មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Napoli ទើបការផ្ទេរមិនបានកើតឡើង ហើយរូបគេក៏ត្រូវបានបញ្ចេញអោយខ្ចីជើងទៅកាន់ Galatasaray តែម្តង។ លេងជាមួយ Galatasaray មួយរដូវកាលនេះ Victor Osimhen លេងបានល្អខ្លាំង ដោយបង្ហាញខ្លួន ៣៥ដងគ្រប់កម្មវិធី រូបគេរកបានដល់ទៅ ៣០គ្រាប់ទៅហើយ។ រូបគេក៏កំពុងឈរជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ Süper Lig របស់តួកគីផងដែរ ដោយរកបាន២១គ្រាប់៕
5 months ago
កីឡាការិនីអាមេរិក Katie Volynets បន្តឡើងជុំទី២ ការប្រកួតវាយកូនបាល់កម្មវិធី Madrid Open 2025
កីឡាការិនីអាមេរិក Katie Volynets បានបន្តឡើងដល់ជុំទី២នៃការប្រកួតវាយកូនបាល់កម្មវិធី Madrid Open 2025 ដែលធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ការឡើងមកនេះ បន្ទាប់ពីកីឡាការិនីវ័យ២៣ឆ្នាំ បានយកឈ្នះ កីឡាការិនីឆេក Petra Kvitová នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-4 និង 6-0។ កីឡាការិនី Katie Volynets នឹងបន្តមកជួបកីឡាការិនីរុស្ស៊ី Diana Shnaider។ ការប្រកួត១គូទៀតគឺកីឡាការិនី ស្វីស Belinda Bencic បានយកឈ្នះកីឡាការិនីតួកគី Zeynep Sönmez នៅក្នុងការប្រកួតជុំទី១ ដែរ ដោយលទ្ធផល 6-0 និង 6-2។ កីឡាការិនី Belinda Bencic នឹងបន្តឡើងមកជុំទី២ ជួបកីឡាការិនី ដាណឺម៉ាក Clara Tauson៕
5 months ago
អ្នកជិះកង់ Tadej Pogačar ឈ្នះការប្រកួតកម្មវិធី La Flèche Wallonne
កីឡាករស្លូវេនី Tadej Pogačar បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រណាំងកង់កម្មវិធី La Flèche Wallonne ។ ការប្រកួតនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីតំបន់ Ciney ទៅកាន់តំបន់ Huy ប្រទេសបែលហ្ស៊ីក លើរយៈចម្ងាយផ្លូវប្រមាណ ២០៥,២ គីឡូម៉ែត្រ។ យ៉ាងណា Tadej Pogačar កាន់ចង្កូតអោយក្រុម UAE Team Emirates អាចជិះមកដល់ទីព្រ័ត្រមុនគេ ប្រើពេលអស់ ៤ម៉ោង ៥០នាទី និង ១៥វិនាទី។ កីឡាករបារាំង Kévin Vauquelin មកពីក្រុម Arkéa–B&B បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ១០វិនាទី ហើយកីឡាករអង់គ្លេស Tom Pidcock មកពីក្រុម Pro Cycling បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ១២វិនាទី។ សូមបញ្ជាក់ថា កម្មវិធី La Flèche Wallonne គឺជាទីលានទី១៨ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។ ការប្រកួតជាបន្ត ទីលានទី១៩ ជាកម្មវិធី Liège–Bastogne–Liège ធ្វើឡើងនាប្រទេសបែលហ្ស៊ីកដដែល ថ្ងៃទី ២៧ ខែមេសា ខាងមុខនេះ៕
5 months ago
លោក Xabi Alonso អាចចាកចេញពី Bayer Leverkusen បើ Real Madrid ដាក់សំណើ
ក្លិប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso មានកិច្ចព្រមព្រៀងគ្នាដ៏សមរម្យមួយ ដែលអាចអនុញ្ញាតអោយលោកចាកចេញបានដោយគ្មានឧបសគ្គ ប្រសិនបើក្លិបមួយដែលលោកធ្លាប់ប្រកបអាជីពកាលជាកីឡាករបានដាក់សំណើមក។ បើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្លិប Bayer Leverkusen លោក Fernando Carro អោយដឹងថា “យើងមានកិច្ចព្រមព្រៀង ដោយបើមានក្រុមណាមួយ ដែលលោក Xabi Alonso ធ្លាប់លេង ចង់បានលោកទៅដឹកនាំ យើងនឹងមិនរារាំងផ្លូវឡើយ។ កាលពីឆ្នាំមុខ លោក Xabi Alonso ធ្លាប់បានទទួលសំណើ ពីក្លិបមួយចំនួន ប៉ុន្តែ លោកបានជ្រើសយកក្លិប Bayer Leverkusen វិញ។” លោក Xabi Alonso នៅមានកិច្ចសន្យាជាមួយ Bayer Leverkusen រហូតដល់ខែមិថុនា ឆ្នាំ ២០១៦ ខណៈបច្ចុប្បន្នបុរសអេស្ប៉ាញ ក៏ធ្វើបានល្អខ្លាំងជាមួយនឹងក្លិបអាល្លឺម៉ង់ ។ កាលពីរដូវកាលមុន លោក Alonso បានដឹកនាំ Bayer Leverkusen ឈ្នះពាន Bundesliga, German Cup និង DFB Super Cup ។ យ៉ាងណា លោក Fernando Carro ថែមទាំងបានលើកឡើងពីឈ្មោះក្លិប Real Madrid ថាជា ទីតាំងដ៏ស័ក្តិសមបំផុតមួយ សម្រាប់លោក Alonso ។ លោក Xabi Alonso ធ្លាប់ជាអតីតខ្សែបម្រើ Real Madrid ពីឆ្នាំ២០០៩-១៤ ។ រដូវកាល ២០២៤-២៥ Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Ancelotti បានជួបប្រទះបញ្ហាធ្លាក់ទម្រង់លេង ដោយតាមពីក្រោយ Barcelona ក្នុងការប្រជែង La Liga ហើយ ពួកគេក៏បានធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយ៕
5 months ago
លីគបាល់ទាត់អាហ្សង់ទីន សម្រេចផ្អាកការប្រកួតក្រោយការចូលទីវង្គតរបស់សម្តេចប៉ាប Francis
លីគបាល់ទាត់អាហ្សង់ទីន បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ជាបណ្តោះអាសន្ន ក្រោយពេលដែល សម្តេចប៉ាប Francis បានសោយទីវង្គត់ ។ ការប្រកួតមួយចំនួនចំថ្ងៃមរណភាពរបស់ សម្តេចប៉ាប គឺត្រូវលើកពេល។ តាមការប្រកាសរបស់បុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិកអង្គនេះ បានសោយទីវង្គត ក្នុងព្រះជន្ម ៨៨ ព្រះវស្សា នៅនិវេសនដ្ឋាន Saint Martha House។ សម្តេចប៉ាប Francis គឺជាមេដឹកនាំសាសនាចក្ររ៉ូម៉ាំងកាតូលិក ដើមកំណើតជាជនជាតិអាមេរិកឡាទីន ដំបូងគេបង្អស់ ហើយក៏ជាអ្នកគាំទ្រកីឡាបាល់ទាត់ដ៏ខ្លាំងក្លាមួយរូបពេញមួយជីវិត។ នៅប្រទេសអាហ្សង់ទីន សមាគមបាល់ទាត់អាហ្សង់ទីន AFA បានប្រកាសផ្អាករាល់ការប្រកួតបាល់ទាត់ទាំងអស់ ដើម្បីកាន់ទុក្ខមរណភាពសម្តេចប៉ាប។ សម្រេចប៉ាប ជាអ្នកគាំទ្រការប្រកួត និងជាអ្នកគាំទ្រក្រុម San Lorenzo ស្ថិតក្នុងទីក្រុង Buenos Aires ថែមទៀតផង។ ទីក្រុង Buenos Aires ជាទីក្រុងកំណើតរបស់សម្តេចប៉ាប Francis។ សមាគមបាល់ទាត់អាហ្សង់ទីន បានប្រកាសពីការសម្រេចចិត្តផ្អាកការប្រកួតក្នុងលីគរបស់ខ្លួនដូច្នេះថា “បាល់ទាត់អាហ្សង់ទីន សូមនិយាយថាលាហើយទៅកាន់អ្នកលាយឡំដោយទុក្ខសោក។” AFA ក៏បានបន្ថែមថា នៅពេលការប្រកួតចាប់ផ្តើមដំណើរឡើងវិញក្នុងប្រទេសអាហ្សង់ទីន រាល់ការប្រកួតទាំងអស់ ក៏នឹងត្រូវរៀបចំពិធីកាន់ទុក្ខ ជាការឈរនៅចំកណ្តាលទីលាន ដោយភាពស្ងៀមស្ងាត់រយៈពេល ១នាទី៕
5 months ago
Jamie Vardy បន្ទោសខ្លួនឯងក្រោយ Leicester City ធ្លាក់ចេញពី Premier League
ខ្សែប្រយុទ្ធ Jamie Vardy បន្ទោសខ្លួនឯង និងកីឡាករនៅក្នុងក្រុម Leicester City ទាំងអស់ ក្រោយពីក្រុមធ្លាក់ចេញពីក្របខណ្ឌ Premier League រដូវកាលក្រោយ។ កីឡាករអង់គ្លេស ថាទម្រង់លេងធ្លាក់ខ្លាំង និងជារឿងដ៏អាម៉ាស់មិនអាចជួយក្រុមបន្តនៅលីគកំពូលអង់គ្លេស។ ចាញ់ក្នុងលទ្ធផល ១-០ ក្រោមថ្វីជើង Liverpool កាលពីសប្តាហ៍មុន បានធ្វើអោយ Leicester City ជាក្រុមទី២ បន្ទាប់ពី Southampton ត្រូវកាត់ចេញពីលីគកំពូលអង់គ្លេស ក្រោយពីពួកគេទើបវិលត្រឡប់មកប្រកួតប្រជែងបានត្រឹមតែ មួយរដូវកាល។ Vardy អតីតកីឡាករជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ ២០១៦ ដែលជាឆ្នាំនៃការឈ្នះពាន រូបគេធ្លាប់ជាកីឡាករខ្លាំងម្នាក់ស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ ប៉ុន្តែរដូវកាល ២០២៤-២៥ កីឡាករវ័យ ៣៨ឆ្នាំ ធ្លាក់ទម្រង់លេងខ្លាំង ដោយរកគ្រាប់បានត្រឹមតែ ៧គ្រាប់ ប៉ុណ្ណោះ ពីការបង្ហាញខ្លួន ៣១លើក។ ការធ្លាក់ចេញជាថ្មី ក្រោយទើបលេងបានតែមួយរដូវកាលប៉ុណ្ណោះនៅ Premier League បានធ្វើអោយ Jamie Vardy ខឹងសម្បារ ស្តីបន្ទោសខ្លួនឯង និងមិត្តរួមក្រុមទាំងអស់ដូច្នេះថា “នៅចំណុចនេះ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតឡើយ។ គ្មានពាក្យអ្វីត្រូវនិយាយ ខ្ញុំបានត្រឹមតែបង្ហាញពីអារម្មណ៍សោកស្តាយជាមួយអ្វីដែលយើងបានធ្វើក្នុងរដូវកាលនេះ។ គ្មានលេសនោះទេ ក្នុងនាមជាកីឡាករ និងជាក្លិបមួយ យើងបរាជ័យ ហើយគ្មានអ្វីត្រូវលាក់បាំងទេ។” Leicester City ឈរនៅចំណាត់ថ្នាក់លេខ ១៩ ដោយរកបានត្រឹមតែ១៨ពិន្ទុ ប៉ុណ្ណោះ ពីការប្រកួតចំនួន៣៣លើក ឃ្លាតពីតំបន់សុវត្ថិភាព ១៨ពិន្ទុ ខណៈការប្រកួតសល់តែ៥លើកទៀត ដែលមានន័យថា ទោះពួកគេឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏មិនអាចផ្លាស់ប្តូរស្ថានការណ៍បានដែរ ៕
5 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport