List News
ទីក្រុងប៉េកាំងដំណើរការការរត់ពាក់កណ្តាលម៉ារ៉ាតុនមានមនុស្សយន្តចូលរួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ទីក្រុងប៉េកាំង ប្រទេសចិន បានដំណើរការ ការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុនដោយមានមនុស្សយន្តបានចូលរួមរត់ប្រកួតជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការប្រកួតបានធ្វើឡើងដោយមានមនុស្សរាប់ពាន់នាក់បានចូលរួម ប៉ុន្តែវាក៏មានវត្តមានមនុស្សយន្តចំនួន២១គ្រឿងផងដែរ ដែលជាលើកទីមួយហើយដែលគ្រឿងម៉ាស៊ីនទាំងនេះបានរត់ជាមួយមនុស្សក្នុងចម្ងាយផ្លូវ ២១ គីឡូម៉ែត្រ ។ មនុស្សយន្តទាំងនោះ មកពីក្រុមហ៊ុនផលិតរបស់ចិនដូចជា Droid VP និង Noetix Robotics មានគ្រប់រូបរាង និងទំហំ ហើយក៏មានមនុស្សយន្តមានរូបរាងស្រដៀងទៅនឹងមនុស្ស និងរត់ដោយប្រើប្រាស់ជើងដូចទៅនឹងកីឡាកររត់ដទៃផ្សេងទៀតដែរ។ មនុស្សយន្តខ្លះខ្លីជាង ១,២ម៉ែត្រ និង ខ្លះទៀតមានកំពស់ ១,៨ ម៉ែត្រ។ ចំពោះការរត់ប្រណាំង នោះដែរ មនុស្សយន្តទាំងអស់ត្រូវបានអមដំណើរដោយ អ្នកគ្រប់គ្រងដំណើរការម៉ាស៊ីន និងមនុស្សយន្តខ្លះទៀត ត្រូវបានជំនួយដោយម៉ាស៊ីនទ្រទ្រង់។ យ៉ាងណាមិញ ការរត់ប្រណាំងរបស់មនុស្សយន្តទាំាំងនោះមានខ្លះបានរត់បញ្ចប់ទីព្រ័ត្របានសម្រេច និងខ្លះទៀតជួបប្រទះបញ្ហារអាក់រអួល មិនបានបញ្ចប់ទីព្រ័ត្រទេ ប៉ុន្តែវាបានបង្ហាញពីសក្កដានុពល នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនប្រទេសចិន ទៅលើការដំណើរការមនុស្សយន្ត ក្នុងការចូលរួមជាមួយមនុស្ស ប្រកួតកីឡាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សម្រាប់លទ្ធផលវិញ គឺមនុស្សយន្តដែលមានឈ្មោះថា Tiangong Ultra មកពីក្រុមហ៊ុន Beijing Innovation Center of Human Robotics ជាអ្នកទទួលជ័យជំនះ ដោយប្រើពេល ២ម៉ោង ៤០នាទី៕
5 months ago
កីឡាការិនីវាយកូនបាល់ Lucia Bronzetti និង Alexandra Eala ឆ្លងផុតជុំទី១ដូចគ្នា កម្មវិធី Mutua Madrid Open 2025
ការប្រកួតវាយកូនបាល់ផ្នែកនារី កម្រិត WTA 1000 កម្មវិធី Madrid Open 2025 បានដំណើរការជាផ្លូវការហើយដោយការប្រកួតបានធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ ជាក់ស្តែង កីឡាការិនីអ៊ីតាលី Lucia Bronzetti បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោកមកពីជប៉ុន Naomi Osaka នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-4 2-6 និង 6-4។ កីឡាការិនី Lucia Bronzetti នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីអាមេរិក Madison Keys។ ការប្រកួត១គូទៀតគឺកីឡាការិនីហ្វីលីពីន Alexandra Eala បានយកឈ្នះកីឡាការិនី ប៊ុលហ្ការី Viktoriya Tomova នៅក្នុងការប្រកួតជុំទី១ដែរ តាមរយៈលទ្ធផល 6-3 និង 6-2។ កីឡាការិនី Alexandra Eala នឹងបន្តឡើងទៅកាន់ជុំទី២ ជួបម្ចាស់ការពារតំណែងជើងឯកនៃកម្មវិធីឆ្នាំនេះ នោះគឺកីឡាការិនីប៉ូឡូញ Iga Świątek។ សូមបញ្ជាក់ថា កម្មវិធី Madrid Open 2025 គឺជាការដំណើរការលើកទី ១៦ នៅក្នុងប្រវត្តិសាស្ត្រ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ខែមេសា ដល់ ថ្ងៃទី៤ ខែឧសភា។ ចំពោះប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៨លាន ៧សែនដុល្លារអាមេរិក៕
5 months ago
ខ្សែការពារ Virgil van Dijk ថា Trent Alexander-Arnold នឹងនៅតែស្ថិតក្នុងការចងចាំរបស់ខ្លួនរហូត បើទោះរូបគេសម្រេចចាកចេញពី Liverpool
ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បាននិយាយថា ខ្សែការពារ Trent Alexander-Arnold នឹងនៅតែស្ថិតក្នុងការចងចាំរបស់ខ្លួនរហូត បើទោះរូបគេសម្រេចចាកចេញពី Liverpool ភ្លាមៗ នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើក។ ជាការពិត Trent Alexander-Arnold ត្រូវបានសារពត៌មាននានា ផ្សព្វផ្សាយថា រូបគេគ្រោងនឹងចាកចេញពីក្លិប Liverpool នៅពេលកុងត្រាផុតសុពលភាព ហើយក្លាយជាកីឡាករឥតតម្លៃខ្លួននៅរដូវក្តៅនេះ ដើម្បីបានចុះហត្ថលេខាលេងជាមួយ ក្លិបអេស្ប៉ាញ Real Madrid ។ ដំណឹងនេះធ្វើអោយកីឡាករមិត្តរួមក្រុម Liverpool បច្ចុប្បន្នរបស់ Trent Alexander-Arnold ដូចជា Virgil van Dijk ជាដើម មានការសោកស្តាយ ប៉ុន្តែកីឡាករហូឡង់អះអាងថា ពេលវេលាល្អៗ និងសមត្ថភាពដ៏លេចធ្លោរបស់ Alexander-Arnold នឹងនៅតែស្ថិតក្នុងការចងចាំរបស់ខ្លួនរហូត។ Virgil van Dijk ដែលទើបតែទទួលបានកុងត្រាថ្មីជាមួយ Liverpool ចំនួន២ឆ្នាំបន្ថែមទៀតនោះ បានអោយដឹងពីទឹកចិត្តរបស់ខ្លួនជាមួយ Alexander-Arnold យ៉ាងដូច្នេះថា “អ្វីក៏ដោយដែលអាចនឹងកើតឡើងនាពេលអនាគត នោះគឺជាអ្វីដែល Alexander-Arnold ត្រូវតែដោះស្រាយដោយខ្លួនឯង ប៉ុន្តែសម្រាប់ខ្ញុំគេជាកីឡាកររបស់ Liverpool នៅចំណុចនេះហើយគេមានសារៈសំខាន់សម្រាប់ក្រុមរបស់យើង។ គេមានសារៈសំខាន់ពេញមួយរដូវកាល ហើយនោះជាអ្វីដែលខ្ញុំសប្បាយចិត្ត។ តាំងពីខ្ញុំបានចូលរួមជាមួយ Liverpool គាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយមានរឿងល្អៗជាច្រើនដែលគាត់នឹងចងចាំជានិច្ច ប្រសិនបើគាត់សម្រេចចិត្តចាកចេញ។” ដោយឡែក អ្នកគាំទ្របានរិះគន់ Trent Alexander-Arnold ដោយបរិយាថា រូបគេជាកីឡាករក្បត់ក្រុម ចំពោះការចង់ទៅកាន់ Real Madrid ប៉ុន្តែ Virgil van Dijk យល់ថា អ្នកគាំទ្រគួរតែរស់នៅក្នុងបច្ចុប្បន្ន ហើយសរសើរកីឡាករដែលនៅតែប្រឹងប្រែងសម្រាប់ក្រុម។ Alexander-Arnold បច្ចុប្បន្ននៅតែមានឱកាសលេងស្ទើរតែគ្រប់ការប្រកួតអោយ Liverpool ហើយក៏ធ្វើបានល្អដែរ។ បើតាមរបាយការណ៍ពី talkSPORT អោយដឹងថា បើសិនជាការផ្លាស់ទៅ Real Madrid ទទួលជោគជ័យ នោះ Trent Alexander-Arnold នឹងទទួលបានប្រាក់ពលកម្មប្រមាណ ២២០,០០០ផោន ក្នុង១សប្តាហ៍ រួមជាមួយកុងត្រារយៈពេល៥ឆ្នាំ ៕
5 months ago
Man UTD គ្រោងដាក់សំណើទិញយកខ្សែប្រយុទ្ធ Franco Mastantuono ពី River Plate
Man UTD គ្រោងនឹងដាក់សំណើដេញថ្លៃទិញយកខ្សែប្រយុទ្ធ Franco Mastantuono របស់ក្លិបអាហ្សង់ទីន River Plate។ កីឡាករវ័យ១៧ឆ្នាំ គឺជាគោលដៅរបស់ Real Madrid ប៉ុន្តែការផ្ទេរ ហាក់ដូចជាមិនអាចកើតឡើងទេ ក្រោយប្រភពជិតសិ្នទនឹងក្លិបអេស្ប៉ាញបានបង្ហើបថា ការចរចាជាមួយកីឡាករមានភាពរកាំរកូស។ ដូច្នេះហើយ Man UTD ក៏បានចូលខ្លួនមកចរចាដើម្បីនាំយកកីឡាករអាហ្សង់ទីននេះជាបន្ត។ នៅពេលដែល Man UTD គ្រោងរៀបចំការផ្លាស់ប្តូរក្រុមដ៏ធំនៅពេលដែលរដូវកាលនេះបញ្ចប់នោះ Franco Mastantuono មើលទៅនឹងក្លាយទៅជាកីឡាករសំខាន់មួយរូបក្នុងផែនការរបស់គ្រូបង្វឹក Ruben Amorim ។ Franco Mastantuono បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប River Plate នៅពេលដែលគេបានស៊ុតបញ្ចូលទីក្នុងការឈ្នះពាន Argentine Cup ទៅលើក្រុម Excursionistas កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងវ័យត្រឹមតែ ១៦ ឆ្នាំ ៥ ខែប៉ុណ្ណោះ ហើយនេះត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏មានទេពកោសល្យដ៏គួរអោយរំភើបបំផុតមួយ របស់ប្រទេសអាហ្សង់ទីន។ Franco Mastantuono ក៏ត្រូវបានជឿថា នឹងដើរតាមគន្លងរបស់អតីតកីឡាករ River Plate ឆ្នើមៗដទៃទៀតដូចជា Ariel Ortega, Radamel Falcao, Julian Alvarez និង Enzo Fernandes ។ រូបគេត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន របស់គ្រូបង្វឹក លោក Lionel Scaloni សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងធ្វើអោយគេទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។ ដោយឡែក ក្រៅពី Franco Mastantuono ហើយ គ្រូបង្វឹក Man UTD លោក Ruben Amorim កំពុងសម្លឹងមើលកីឡាករមួយចំនួនទៀត ដែលរួមមានខ្សែប្រយុទ្ធ Liam Delap របស់ Ipswich Town ដែលវានឹងក្លាយជាពេលវេលាដោះដូរកីឡាករដ៏មមាញឹករបស់ Man UTD នៅទីផ្សាររដូវក្តៅខាងមុខ ខណៈបុរសសញ្ជាតិព័រទុយហ្គាល់កំពុងព្យាយាមផ្លាស់ប្តូរក្រុមរបស់ខ្លួនអោយមានភាពរឹងមាំ ខ្លាំងក្លាឡើងវិញ៕
5 months ago
ខ្សែបម្រើ Alejandro Garnacho របស់ Man UTD ទទួលការចាប់អារម្មណ៍ពីក្លិបធំៗ២
ក្លិបធំៗចំនួន ២ ត្រូវបានរាយការណ៍ថា កំពុងឈានមុខគេក្នុងការចុះកុងត្រានាំយកខ្សែបម្រើស្លាប Alejandro Garnacho ពី Manchester United។ ជាក់ស្តែង ក្លិបទាំង២ដែលត្រូវបានផ្សារភ្ជាប់ជាមួកីឡាករវ័យ២០ឆ្នាំនោះ គឺក្លិបអេស្ប៉ាញ Atletico Madrid និង ក្លិបអាល្លឺម៉ង់ Bayer Leverkusen។ Alejandro Garnacho បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងមែនទែន បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរជាមួយ Manchester United ជិត ៣ រដូវកាលមកនេះ ក្នុងនោះរូបគេលេងបានចំនួន ១៣៦ ប្រកួត រកបាន ២៥ គ្រាប់ និង ចែកបាល់សម្រេចទីបានចំនួន២១ ដង។ យ៉ាងណា ព្រោះតែបញ្ហាហិរិញ្ញវត្ថុបានធ្វើអោយថ្នាក់ដឹកនាំ Manchester United ពិចារណាចង់លក់កីឡាករសញ្ជាតិអាហ្សង់ទីន ចេញនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ បើយោងតាមការចុះផ្សាយដោយ TEAM Talk បានអោយដឹងថា មានក្លិប ២ ដែលកំពុងចាប់អារម្មណ៍លើ Garnacho គឺអតីតក្លិបរបស់គេ Atletico Madrid និង Bayer Leverkusen ហើយភាគីក្លិបទាំង ២ នេះ ក៏បានបើកការចរចាជាមួយខាងភាគី Manchester United រួចរាល់ហើយដែរ។ វាត្រូវបានគេយល់ថា Manchester United នឹងទាមទារតម្លៃប្រហែល ៧០ លានផោនសម្រាប់ Garnacho ដែលនៅតែត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់នៅក្នុងក្លិប។ សូមបញ្ជាក់ថា Alejandro Garnacho ដែលត្រូវបាន Manchester United ដំឡើងមកឈុតធំនៅឆ្នាំ ២០២២ គឺនៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀតជាមួយក្លិបបិសាចក្រហម ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨។ ដោយឡែក ក្រៅពី Alejandro Garnacho ហើយ ប្រភពខាងដើមបានបង្ហើបថា Manchester United នឹងបញ្ចេញកីឡាករខ្លួនជាច្រើនរូបទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដើម្បីស្វែងរកបា្រក់ចំណូល ស្របពេលដែលពួកគេក៏កំពុងស្វែងរកការកែលម្អក្រុមឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយនេះ៕
5 months ago
អ្នកចាំទី Marc-Andre Ter Stegen វិលមកកាន់ Barcelona វិញ ក្រោយធូរស្រាលរបួស
លោក Hansi Flick គ្រូបង្វឹករបស់ Barcelona បាននិយាយថា អ្នកចាំទី Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលត្រលប់មកទីលានវិញ បន្ទាប់ពីរូបគេបានជួបប្រទះបញ្ហារបួសរយៈពេលវែងរួចមក។ បន្ទាប់ពីសម្រាកជិត៧ខែ ដោយសារតែសរសៃពួរនៅជង្គង់ស្តាំ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីត្រលប់មកទីលានវិញ។ Barcelona កំពុងរៀបចំផែនការដើម្បីកំណត់ពេលវេលាដ៏ល្អប្រសើរសម្រាប់ការត្រឡប់មកវិញរបស់គេ។ ដំណឹងល្អនេះ បានកើតឡើងចំពេលដែលខ្សែប្រយុទ្ធ Robert Lewandowski អាចនឹងអវត្តមានរយៈពេល ៣ សប្តាហ៍ ដែលជាការប៉ះទង្គិចដ៏ខ្លាំងសម្រាប់ Barcelona ដែលប្រឈមមុខនឹង Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅសប្តាហ៍ខាងមុខនេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតលីគរបស់ Barcelona ទល់នឹង Mallorca លោក Flick បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលរំពឹងទុកនៃការអវត្តមានរបស់ខ្សែប្រយុទ្ធប៉ូឡូញទេ។ Lewandowski គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ច្រើនជាង Kylian Mbappe របស់ Real Madrid ចំនួន៣គ្រាប់។ នៅពេលដែលត្រូវបានសួរនាំពីលទ្ធភាពនៃការចូលលេងរបស់ Marc-Andre Ter Stegen ក្រោយអវត្តមានរយៈពេលយូរនោះ លោក Hansi Flick បានអោយដឹងថា “ Marc-Andre Ter Stegen បានត្រៀមខ្លួនរួចរាល់ហើយ។ យើងត្រូវនិយាយអំពីអ្វីដែលយើងចង់ធ្វើ ហើយខ្ញុំបាននិយាយជាមួយគេ។ ដូច្នេះយើងដឹងហើយថា យើងគួរធ្វើដូចម្តេចសម្រាប់ការប្រកួតរបស់យើង។” Barcelona ដែលកំពុងឈរកំពូងតារាងពិន្ទុ La Liga ដោយមាន ៧៣ ពិន្ទុនឹងប្រកួតជាមួយក្រុមលេខ ៧ Mallorca នៅកីឡដ្ឋាន Estadi Olímpic Lluís Companys នៅយប់នេះ។ បន្តពីនោះ Barcelona នឹងមានការប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa del Rey ដែលនឹងត្រូវជួបគូប្រជែង Real Madrid នាកីឡដ្ឋាន La Cartuja ចុងសប្តាហ៍នេះ៕
5 months ago
ក្របខណ្ឌ Serie A ផ្អាកការប្រកួតក្រោយការសោយទីវង្គត់របស់សម្តេចប៉ាប Francis
សម្តេចប៉ាប Francis ថ្នាក់ដឹកនាំសាសនាចក្ររ៉ូម៉ាំងកាតូលិក ជនជាតិអាមេរិកឡាទីនដំបូង បានសោយទីវង្គត់ហើយក្នុងព្រះជន្ម ៨៨ឆ្នាំ។ នេះបើតាមការប្រកាសពីបុរីវ៉ាទីកង់។ បន្ទាប់ពីការសោយទីវង្គត់របស់ សម្តេចប៉ាប Francis មនុស្សជាច្រើនក្នុងវិស័យកីឡា រួមទាំងក្រុមធំៗនៅ Serie A និង La Liga បានចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក្នុងនោះដែរក្របខណ្ឌ Serie A បានពន្យារពេលការប្រកួតទាំងអស់នៅថ្ងៃចន្ទ ។ លីគបាល់ទាត់កំពូលរបស់អ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការសោយទិវង្គតនៃភាពបរិសុទ្ធរបស់សម្តេចប៉ាប Francis ក្របខណ្ឌ Serie A អាចបញ្ជាក់ថាការប្រកួតលីគនៅថ្ងៃចន្ទ ត្រូវបានពន្យារពេល។” ការប្រកួតទាំងអស់ត្រូវបានកំណត់ឡើងវិញនៅថ្ងៃពុធ ដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជើងទី២រវាង Inter Milan និង AC Milan នឹងចាប់ផ្តើមនៅពេលវេលាដដែល ដូចដែលបានគ្រោងទុក។ ក្រៅពីការប្រកួតបាល់ទាត់ហើយ គណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសអ៊ីតាលី CONI បានអំពាវនាវអោយការប្រកួតកីឡាទាំងអស់ដែលគ្រោងធ្វើនៅថ្ងៃចន្ទត្រូវបានពន្យារពេល។ សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រធាននៃ CONI លោក Giovanni Malago, អញ្ជើញសហព័ន្ធកីឡាជាតិ, សមាគមកីឡាដែលពាក់ព័ន្ធ និងស្ថាប័នផ្សព្វផ្សាយកីឡាអោយផ្អាកសកម្មភាពកីឡាទាំងអស់ដែលបានគ្រោងទុក។” សម្រាប់ការវិលមកកាន់ការប្រកួតកីឡាវិញដែរ CONI ក៏អះអាងថា គ្រប់ការប្រកួតទាំងអស់នៅអ៊ីតាលី នឹងត្រូវធ្វើការស្មឹងស្មាធមុនការប្រកួតចាប់ផ្តើម១នាទី សម្រាប់សប្តាហ៍នេះ ដើម្បីជាការកាន់ទុក្ខ និង គោរពវិញ្ញាណខ័ន្ឌ ចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប Francis ។ ដោយឡែក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានបង្ហោះនៅលើបណ្តាញសង្គម X ដោយនិយាយថា ជាមួយនឹងការសោយទិវង្គតរបស់សម្តេចប៉ាប Francis យើងកំពុងបាត់បង់មិត្តដ៏អស្ចារ្យ និងអ្នកគាំទ្រចលនាអូឡាំពិកដ៏លេចធ្លោមួយរូប៕
5 months ago
Everton ចង់ប្រើប្រាស់កីឡដ្ឋាន Goodison Park សម្រាប់ជាទឹកដីក្រុមនារីរបស់ខ្លួន
Everton កំពុងសម្លឹងមើលឱកាសបន្តប្រើប្រាស់កីឡដ្ឋានចាស់ Goodison Park សម្រាប់ធ្វើជាទឹកដីថ្មីរបស់ក្រុមនារីរបស់ពួកគេ ក្រោយពេលក្រុមបុរសនឹងផ្លាស់ទៅកាន់ទឹកដី កីឡដ្ឋានថ្មី នៅរដូវកាលក្រោយ។ ក្រុមបាល់ទាត់បុរស Everton គ្រោងចាកចេញពីកីឡដ្ឋាន Goodison Park នៅចុងបញ្ចប់រដូវកាល ២០២៤-២៥ នេះ ដើម្បីផ្លាស់ទៅកីឡដ្ឋានថ្មីដែលទើបសាងសង់រួចមានឈ្មោះថា Bramley Moore Dock ។ កន្លងមក Everton ធ្លាប់បានបង្ហាញគម្រោងថា ទីតាំងកីឡដ្ឋានចាស់អាចនឹងត្រូវកម្ទេចចោល ហើយសាងសង់ជាតំបន់ផ្ទះស្នាក់នៅវិញ។ យ៉ាងណាមិញ ក្លិបរហស្សនាមស្ករគ្រាប់ ហាក់មានបំណងចង់រក្សាកីឡដ្ឋាន Goodison Park អោយនៅបន្តឈរជើងដដែល ដោយផ្លាស់់អោយក្រុមនារី Everton យកធ្វើជាទឹកដីវិញ។ បច្ចុប្បន្ន ក្រុមនារី Everton ប្រើប្រាស់កីឡដ្ឋាន Walton Hall Park ប៉ុន្តែទីតាំងនេះ មានភាពតូចចញ្អៀត មិនអាចផ្ទុកអ្នកគាំទ្របានច្រើន និងមិនស្របតាមគោលការណ៍របស់ការប្រកួតលីគបាល់ទាត់នារីអង់គ្លេស Women’s Super League៕
5 months ago
Mohamed Salah បង្ហើបមូលហេតុយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយ Liverpool
ខ្សែប្រយុទ្ធ Mohamed Salah បានបដិសេធសំណើរផ្ទេរក្នុងម្លៃ ៦៥៤លានដុល្លារ ពីក្លិបនៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយយល់ព្រមបន្តកិច្ចសន្យាស្នាក់នៅ Liverpool ២ឆ្នាំបន្ថែមទៀត។ ជាការពិត Liverpool និង Salah បានព្រមព្រៀងគ្នាបន្តកិច្ចសន្យារយៈពេល២ឆ្នាំ ពោលគឺមានសុពលភាពដល់ឆ្នាំ ២០២៧។ ក្នុងវ័យ៣២ឆ្នាំ មិនត្រឹមតែថយថ្លៃប្រាក់ឈ្នួលនោះទេ ប៉ុន្តែកីឡាករអេហ្ស៊ីប ថែមទាំងកើនថ្លៃពលកម្មរហូតដល់ជាង ៥២ម៉ឺដុល្លារក្នុងមួយសប្តាហ៍ថែមទៀត។ យោងតាមសារពត៌មាន BBC ដែលបានសម្រង់សម្តីរបស់ Mohamed Salah បានអោយដឹងថា ថ្លៃប្រាក់ឈ្នួលខ្ពស់ ជាហេតុផលមួយ ដែលជំរុញអោយរូបគេបន្តស្នាក់នៅ Liverpool។ ការច្រានចោលប្រាក់ច្រើនមហាសាល ដោយសារ Salah ចង់បន្តការប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League ដែលជាលីគខ្ពស់លំដាប់ពិភពលោក។ ត្រង់ចំណុចនេះ Salah ក៏បានលើកឡើងថា ប្រសិនបើប្រាក់ពិតជាមានលក្ខខណ្ឌសំខាន់សម្រាប់រូបគេមែន នោះរូបគេនឹងចាកចេញពី Liverpool ទៅលេងនៅក្របខណ្ឌ Saudi Pro League បាត់ទៅហើយ។ ដោយឡែក ការជឿជាក់របស់អ្នកគាំទ្រ Liverpool ទៅលើ Mohamed Salah ក៏ជាហេតុផលសំខាន់ដែលអាចទិញទឹកចិត្តរូបគេផងដែរ។ ទោះមានព័ត៌មានផ្សព្វផ្សាយជាច្រើន ប៉ុន្តែអ្នកគាំទ្រ Liverpool បានបង្ហាញការជឿជាក់លើ Mohamed Salah ថារូបគេនឹងនៅបន្តជាមួយក្រុម ហើយជាពិសេសនោះគ្មានអ្នកគាំទ្ររូបណាយល់ច្រលំ និងបង្ហាញការប្រមាថលើ Salah ឡើយ។ ទាំងអស់នេះហើយ ជាហេតុផលដែលធ្វើអោយ Mohamed Salah Salah បានសម្រេចចិត្តបន្តរួមរស់ជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៧៕
5 months ago
ខ្សែបម្រើ Kevin de Bruyne ថា ខ្លួនមានការខកចិត្តដែល Man City មិនផ្តល់កិច្ចសន្យាថ្មី
ខ្សែបម្រើ Kevin de Bruyne បានបង្ហើបថា រូបគេមានការខកចិត្ត និង ភ្ញាក់ផ្អើល ដែល Man City មិនព្រមផ្តល់កិច្ចសន្យាថ្មី ដែលនឹងធ្វើអោយរូបគេត្រូវចាកចេញពីក្រុមនាពេលខាងមុខ។ កីឡាករវ័យ៣៣ឆ្នាំបានប្រកាសកាលពីដើមខែមេសាថា ខ្លួននឹងចាកចេញពីកីឡដ្ឋាន Etihad នៅពេលដែលកិច្ចសន្យាបច្ចុប្បន្ន ផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ ប្រកាសចាកចេញពី Man City ក៏ពិតមែន ប៉ុន្តែ Kevin de Bruyne មិនទាន់មានអនាគតថ្មីជាមួយក្លិបណាមួយទេ បើទោះជាទទួលបានការចាប់អារម្មណ៍ច្រើនក៏ដោយ។ ផ្តល់បទសម្ភាសន៍ជាមួយ BBC កីឡាករបែលហ្ស៊ីកបានអោយដឹងដូច្នេះ “ ខ្ញុំភ្ញាក់ផ្អើល និង ខកចិត្តបន្តិច ប៉ុន្តែខ្ញុំត្រូវតែទទួលយកវា។ ខ្ញុំដឹងថា ខ្ញុំមិនមែននៅអាយុក្មេងដូចមុនទេ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើសមត្ថភាពខ្លួនឯង ។ និយាយតាមត្រង់ ខ្ញុំនៅតែគិតថាខ្ញុំអាចលេងបានដល់កម្រិតនេះក្លិប Man City គួរតែផ្តល់កុងត្រាថ្មីដល់ខ្ញុំ ប៉ុន្តែពួកគេមិនធ្វើដូចនោះទេ។ ដូចនេះ មិនថាយើងចូលចិត្តវាឬអត់ តែវាដល់ពេលដែលត្រូវនិយាយលាគ្នាជាមួយក្លិបហើយ។” Kevin De Bruyne បានចូលរួមជាមួយ Man City ដោយផ្លាស់មកពី Wolfsburg ក្នុងឆ្នាំ ២០១៥ ហើយបានឈ្នះពានរង្វាន់ចំនួន ១៦ដង ដែលរួមមានទាំងពានរង្វាន់ Premier League ចំនួន ៦ និង UEFA Champions League ក្នុងឆ្នាំ ២០២៣។ ការចាកចេញរបស់ Kevin De Bruyne នឹងក្លាយជាការរបូតកីឡាករដ៏សំខាន់១រូបរបស់លោក Pep Guardiola ដែលរួមចំណែកជួយក្លិបមេឃខៀវ ឈ្នះពានរង្វាន់ Premier League ៦សម័យ FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ។ ស្របពេលអ្នកគាំទ្រ Man City ដែលភ្ញាក់ផ្អើល ក៏ដូចជាខកចិត្តនឹងការប្រកាសនេះ បានចាត់ទុកកីឡាករ វ័យ៣៣ឆ្នាំរូបនេះ គឺជាវីរបុរសក្លិបរួចបាត់ទៅហើយ។ កន្លងមក មានការរាយការណ៍ថា ក្លិបចំនួន ៩ ដែលរួមមានក្លិបអាមេរិក Inter Miami, New York City FC , San Diego FC ក្លិបអារ៉ាប៊ីសាអូឌីត Al Nassr, Neom SC, Al-Ittihad ក្លិបអាហ្សង់ទីន River Plate ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray សុទ្ធតែចាប់អារម្មណ៍ខ្លាំងបំផុតលើ Kevin De Bruyne ។ បើទោះបីជា Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ Free Agent នៅខែមិថុនាក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់រូបគេ។ ពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា ក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមបើកកញ្ចប់ថវិកាដ៏ច្រើនមហាសាល ព្រមទាំងការផ្តល់ជូន១៥០លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ សម្រាប់ Kevin De Bruyne ៕
5 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport