List News
្រូ Man UTD ថា ខ្លួនមានភាពខឹងសម្បារក្រោយចាញ់ Wolverhampton
គ្រូបង្វឹក Man UTD លោក Ruben Amorim បាននិយាយថា លោកមានភាពខឹងសម្បារក្រោយពេលក្រុមរបស់លោកបានប្រកួតចាញ់ Wolverhampton ។ ជាការពិត ក្រុម Man UTD បានបន្តជួបភាពអួរអាប់ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានបរាជ័យក្រោមថ្វីជើងក្រុម Wolverhampton តាមរយៈលទ្ធផល ១-០។ ជំនួបនាកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ Man UTD អាចគ្រប់គ្រងបាល់បាន ៦០ភាគរយ មានឱកាសស៊ុត ១២ដង ខណៈក្រុម Wolverhampton មានឱកាសស៊ុតតែ ៤ដង។ នៅក្នុងវគ្គទី១មិនមានគ្រាប់បាល់កើតឡើងទេ ទោះជាមានការវាយសម្រុកខ្លាំងយ៉ាងណាក្តី។ ឈានដល់វគ្គទី២ Pablo Sarabia ខ្សែបម្រើរបស់ Wolverhampton បានស៊ុតបាល់ Free Kick បញ្ចូលសំណាញ់ទីយ៉ាងស្អាតដើម្បីផ្តល់ការនាំមុខដល់ក្រុមភ្ញៀវ។ Man UTD បានព្យាយាមវាយសម្រុកទៅវិញដែរ តែមិនបានផល។ គ្រាប់បាល់របស់ Pablo Sarabia នោះក៏បានជួយអោយក្រុម Wolverhampton ទទួលបានជ័យជំនះក្រោយបញ្ចប់ការប្រកួត។ វាគឺជាការបរាជ័យទី ៨ ក្នុងទឹកដីខ្លួនឯង Old Trafford និងជាការបរាជ័យលើកទី១៥ របស់ Man UTD ក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥។ លទ្ធផលនេះ ធ្វើអោយក្រុមបិសាចក្រហមហៀបនឹងតាមទាន់ កំណត់ត្រាអាក្រក់របស់ពួកគេក្នុងឆ្នាំ ១៩៦២-៦៣ ដោយកាលណោះ Man UTD ចាញ់ក្នុងទឹកដីខ្លួនឯងដល់ទៅ ៩ដងឯណោះ។ ជាមួយលទ្ធផលអាក្រក់បែបនេះ បានធ្វើអោយ គ្រូបង្វឹក Man UTD លោក Ruben Amorim មានការខឹងសម្បារ ដោយយល់ឃើញថា ក្នុងការប្រកួតក្រុមរបស់ខ្លួនធ្វើបានល្អ ប៉ុន្តែបែរជាមិនអាចឈ្នះទៅវិញ។ លោក Ruben Amorim អោយដឹងក្រោយចប់ការប្រកួតថា “ ពិតណាស់ វាពិតជាអាក្រក់ ហើយ ខ្ញុំខកចិត្ត និងខឹងណាស់ ព្រោះយើងល្អជាងគូប្រកួត ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីទេ ហើយបើមិនបានស៊ុតបញ្ចូលទី អ្នកនឹងមិនឈ្នះការប្រកួតទេ។ យើងត្រូវតែធ្វើការ និងព្យាយាមអោយកាន់តែប្រសើរឡើងនៅក្នុងការប្រកួតដំបូងនៃរដូវកាលក្រោយ។ យើងបាននិយាយអំពីរដូវកាលបន្ទាប់ជារៀងរាល់ថ្ងៃ។ ជាមួយនឹងពេលវេលា យើងនឹងទទួលបានការខិតខំប្រឹងប្រែងដែលយើងត្រូវការដើម្បីកែលម្អក្រុម។” សម្រាប់បរាជ័យនេះដែរ Man UTD បានធ្លាក់ទៅឈរលេខ ១៤ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៣៨ពិន្ទុ ក្រោយឆ្លងកាត់ ៣៣ប្រកួត។ រីឯ Wolverhampton វិញ នៅលេខ១៥ មាន ៣៨ពិន្ទុដូចគ្នា៕
5 months ago
ខ្សែប្រយុទ្ធ Robert Lewandowski ទំនងអវត្តមានការប្រកួត Barcelona ទល់នឹង Real Madrid
ក្លិប Barcelona បានអោយដឹងកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Robert Lewandowski បានរងរបួសសរសៃពួរសាច់ដុំ ដែលធ្វើអោយមានការបារម្ភថា វាអាចធ្វើអោយរូបគេខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa Del Rey នៅចុងសប្តាហ៍នេះ។ កីឡាករប៉ូឡូញ បានរងរបួសក្នុងការប្រកួតដែល Barcelona ឈ្នះ Celta Vigo ដោយលទ្ធផល ៤-៣ ហើយរូបគេត្រូវបង្ខំចិត្តប្តូរចេញពីទីលាន។ Lewandowski ដែលបានបង្ហាញខ្លួននៅ La Liga លើកទី ១០០ របស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅ បានជួបប្រទះបញ្ហាជើង ដើម្បីពង្រីកការនាំមុខនៅក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ របស់ពួកគេ។ Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើតេស្តដែលបានធ្វើឡើងនៅពេលថ្មីៗនេះបានបញ្ជាក់ថាកីឡាករ Robert Lewandowski មានរបួសសាច់ដុំ នៅភ្លៅខាងឆ្វេង ។ ការវិលត្រឡប់របស់គេទៅហ្វឹកហាត់ នឹងអាស្រ័យលើរបៀបដែលរបួសបានធូរស្រាល។” Barcelona មិនបានកំណត់ពេលវេលានៃការត្រឡប់មកវិញរបស់កីឡាករវ័យ៣៦ឆ្នាំទេ ប៉ុន្តែរបួសសរសៃពួរអាចធ្វើអោយកីឡាករដែលបានស៊ុតបញ្ចូលទី៤០គ្រាប់ សម្រាប់ក្រុមអ្នកមានបុណ្យ ក្នុងរដូវកាលនេះ នឹងមិនបានបង្ហាញខ្លួនក្នុងការប្រកួតសំខាន់ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ទល់នឹងក្រុម Real Madrid នៅកីឡដ្ឋាន La Cartuja ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Robert Lewandowski អាចនឹងត្រូវអវត្តមានរយៈពេល ៣ សប្តាហ៍ ដែលជាផលប៉ះពាល់ដ៏ធំធេងសម្រាប់ក្រុម Barcelona ខណៈពួកគេនឹងប្រឈមមុខនឹងក្រុម Inter Milan ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅចុងខែមេសា និង ដើមខែឧសភា។ Robert Lewandowski គឺជាកីឡាករស៊ុតបញ្ចូលទីនាំមុខគេនៅក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ ដោយរកបាន ២៥ គ្រាប់ ច្រើនជាង Kylian Mbappe របស់ Real Madrid ចំនួន៣ គ្រាប់៕
5 months ago
Liverpool ខិតកាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Mohamed Salah
Liverpool ខិតកាន់តែកៀកក្នុងការចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Mohamed Salah។ នេះបើតាមការប្រកាសអោយដឹងពី សារពត៌មាន BBC។ ការពិភាក្សារវាងភាគីទាំងអស់កំពុងបន្ត ខណៈកិច្ចព្រមព្រៀងចុងក្រោយមិនទាន់ត្រូវបានសម្រេចនៅឡើយទេ ប៉ុន្តែមានការបង្ហើបថាការចរចាទទួលលទ្ធផលវិជ្ជមាន។ កិច្ចសន្យាចាស់របស់ Salah នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយមានភាពមិនច្បាស់លាស់មួយចំនួនអំពីអនាគតរបស់គេ ដោយក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមអន្ទងយកកីឡាករអេហ្ស៊ីបរូបនេះដែរ។ យ៉ាងណា ការរីកចម្រើននាពេលថ្មីៗនេះ បានបង្កើនក្តីសង្ឃឹមថា Salah នឹងបន្តស្នាក់នៅកីឡដ្ឋាន Anfield។ Mohamed Salah គឺជាកីឡាករសំខាន់សម្រាប់ Liverpool ចាប់តាំងពីការមកដល់របស់គេក្នុងរដូវក្តៅឆ្នាំ ២០១៧ ។ កាលពីដើមសប្តាហ៍នេះ ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk ដែលកិច្ចសន្យារបស់គេក៏ផុតកំណត់នៅរដូវក្តៅនេះដែរនោះ ត្រូវបានទទួលដំណឹងថា មានភាពវិជ្ជមានលើការពិភាក្សាបន្តកិច្ចសន្យាថ្មីជាមួក្រុមហង្សក្រហម។ ជាមួយនឹងការចរចាអំពីអនាគតរបស់ Mohamed Salah និង Virgil van Dijk កំពុងមានដំណើរការរលូននោះ កីឡាករសំខាន់របស់ Liverpool មួយរូបទៀតគឺ Trent Alexander-Arnold នៅតែមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គេនៅឡើយ។ Trent Alexander-Arnold ត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ Real Madrid ជុំវិញការផ្ទេរដោយឥតគិតថ្លៃនៅមុនរដូវកាលក្រោយ។ ងាកមក Mohamed Salah វិញ ក្នុងរយៈពេល៨រដូវកាលរបស់គេនៅ Liverpool រូបគេបានធ្វើអោយខ្លួនក្លាយជាវីរបុរសរបស់ក្រុម ដោយបានដើរតួសំខាន់ក្នុងការប្រកួតធំៗនានារបស់ក្រុម និងរួមចំណែកឈ្នះពានរង្វាន់ជាច្រើនថែមទៀត។ ប៉ុន្តែទោះបីជារីករាយនឹងរដូវកាលដ៏ល្អបំផុត និងបានបញ្ជាក់ម្តងហើយម្តងទៀតនូវបំណងប្រាថ្នា ក្នុងការបន្តលេងនៅកីឡដ្ឋាន Anfield ក៏ដោយ ក៏កីឡាករវ័យ៣២ឆ្នាំបានឈានដល់ខែចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ដោយហាក់ដូចជាមិនមានការរីកចម្រើនលើកិច្ចព្រមព្រៀងថ្មីនាពេលកន្លងមក។ យ៉ាងណាមិញ ការចរចាដែលកំពុងមានភាពរលូននេះ នឹងធ្វើអោយ Mohamed Salah នឹងនៅតែអាចមានវត្តមានជាមួយ Liverpool ក្នុងការប្រកួតរដូវកាលក្រោយទៀត៕
6 months ago
ខ្សែការពារ Chelsea Wesley Fofana នឹងអវត្តមានដល់ដំណាច់រដូវកាលព្រោះរបួស
គ្រូបង្វឹក Chelsea លោក Enzo Maresca បានបញ្ជាក់ថា របួសសរសៃពួរនឹងធ្វើអោយខ្សែការពារកណ្តាល Wesley Fofana ត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ។ ក្លិបតោខៀវ បានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំង វ័យ២៤ឆ្នាំ បានទទួលការវះកាត់ព្យាបាលដោយជោគជ័យហើយ ប៉ុន្តែរូបគេត្រូវការរយៈពេលដើម្បីជាសះរបួស។ មែនទែនទៅ Wesley Fofana មានបញ្ហានិងមិនបានបង្ហាញខ្លួនតាំងការប្រកួតដែល Chelsea ចាញ់ Arsenal ១-០ ក្នុងជំនួបក្របខណ្ឌ Premier League តាំងពីពាក់កណ្តាលខែមីនា ដោយទើបតែឥឡូវនេះ ដែលរូបត្រូវបានបញ្ជាក់ពីស្ថានភាពរបួស និង ការវះកាត់ព្យាបាល។ ខណៈដែល Chelsea នឹងត្រូវដំណើរការការប្រកួតដោយគ្មានវត្តមានរបស់ Wesley Fofana នោះ លោក Enzo Maresca បានដាក់ក្តីសង្ឃឹមទៅលើខ្សែការពារបែលហ្ស៊ីក Romeo Lavia ក្នុងការបំពេញនូវចន្លោះខ្វះខាត។ ជុំវិញបញ្ហានេះ គ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយថា “ជាអកុសល Wesley Fofana នឹងអវត្តមានពេញមួយរដូវកាល។ ខ្ញុំសង្ឃឹមថា Romeo Lavia អាចជួយក្រុមដោះស្រាយបញ្ហាដែលកំពុងកើតឡើង។ ខ្ញុំមិនដឹងថា តើការប្រកួតបន្ទាប់វាយ៉ាងម៉េចទេ ប៉ុន្តែ Romeo Lavia មើលទៅល្អណាស់សម្រាប់ពេលនេះ។” ក្រៅពីនេះអវត្តមានរបស់ Wesley Fofana ហើយ Chelsea ក៏មានដំណឹងល្អខ្លះដែរ ដោយខ្សែប្រយុទ្ធ Marc Guiu នឹងវិលត្រឡប់មកកាន់ទីលានវិញបាន។ Marc Lavia វ័យ ២១ ឆ្នាំក៏បានជួបបញ្ហារបួសសរសៃពួរ ប៉ុន្តែរូបគេបានមានភាពធូរស្រាលដើម្បីមកជួយក្រុមក្នុងការប្រកួតសំខាន់ៗរបស់ក្រុម៕
6 months ago
Arsenal បើកការពិភាក្សាកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធ Ethan Nwaneri
ប្រភពពី BBC បានអោយដឹងថា Arsenal នឹងពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Ethan Nwaneri អំពីកិច្ចសន្យារយៈពេលវែងថ្មី។ កីឡាករវ័យ១៨ឆ្នាំបានដើរតួយ៉ាងសំខាន់សម្រាប់ Arsenal ក្នុងរដូវកាលនេះ ហើយពួកគេមានបំណងផ្តល់រង្វាន់ដល់រូបគេជាមួយនឹងលក្ខខណ្ឌប្រសើរជាមុន។ កិច្ចសន្យាចាស់របស់ Nwaneri នឹងផុតកំណត់នៅចុងរដូវកាលក្រោយ។ បន្ទាប់ពីការមកដល់របស់លោក Andrea Berta ក្នុងតួនាទីជានាយកកីឡានោះ Arsenal បានចាប់ផ្តើមធ្វើការបន្តកិច្ចសន្យាដល់កីឡាករសំខាន់ៗរបស់ពួកគេ។ ខណៈដែលការផ្តល់ជូនជាផ្លូវការនៃកិច្ចសន្យាថ្មីមិនទាន់ត្រូវបានពិភាក្សានៅឡើយ តែក្លិបកាំភ្លើងធំបានផ្តួចផ្តើមការចរចាជាមួយអ្នកតំណាងរបស់ Ethan Nwaneri ក្នុងគោលបំណងរៀបចំការពិភាក្សាជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗ។ Ethan Nwaneri អាចរំពឹងថា នឹងមានការកើនឡើងប្រាក់ឈ្នួលគួរអោយកត់សម្គាល់ ហើយការផ្តល់ជូនកិច្ចសន្យាថ្មីនេះដែរ នឹងឆ្លុះបញ្ចាំងពីភាពសំខាន់របស់កីឡាករអង់គ្លេស ជាកីឡាករដ៏ជោគជ័យបំផុតមួយរបស់បាល់ទាត់អឺរ៉ុប។ ការរីកចម្រើនជាបន្តរបស់ Nwaneri ក៏បានជួយដល់ក្រុមរបស់គ្រូបង្វឹកលោក Mikel Arteta អោយមានភាពរឹងមាំផងដែរ។ Ethan Nwaneri បានបង្ហាញខ្លួនចំនួន ៣១ ប្រកួតសម្រាប់ Arsenal ក្នុងរដូវកាលនេះ ដោយវត្តមានរបស់គេ ចំពេលដែលក្រុមកំពុងមានបញ្ហារបួសខ្សែប្រយុទ្ធជាច្រើនរូប។ តួយ៉ាង Bukayo Saka, Kai Havertz, Gabriel Martinelli និង Gabriel Jesus សុទ្ធតែខកខានការប្រកួតជាយូរមកហើយ។ ដោយឡែក ការវិលមកវិញរបស់ Bukayo Saka បន្ទាប់ពីអវត្តមានជិត៤ខែ ក្រោយរវះកាត់សរសៃពួរ ក៏មិនបានបណ្តាលអោយ Nwaneri ត្រូវមើលរំលងនោះទេ។ Nwaneri បានចាប់ផ្តើមការប្រកួត Premier League ទាំង២ប្រកួតចាប់តាំងពីការត្រលប់មកវិញរបស់ Saka ។ ដោយឡែក ក្រៅពីការដំណើរការចរចាកិច្ចសន្យាថ្មីជាមួយ Ethan Nwaneri ហើយ ក្លិប Arsenal ក៏កំពុងត្រៀមការចរចាបន្តកិច្ចសន្យាកីឡាករដុះដាលចេញពីថ្នាលយុវជនគឺខ្សែបម្រើ Myles Lewis-Skelly វ័យ១៨ឆ្នាំ។ Lewis-Skelly ក៏បានក្លាយជាតួអង្គសំខាន់សម្រាប់ Arsenal ក្នុងរដូវកាលនេះ ដែរ ។ ជាការពិតណាស់ Nwaneri និង Lewis-Skelly សុទ្ធតែមានសារៈសំខាន់ចំពោះអនាគតរបស់ Arsenal ។ នាយកកីឡាថ្មីលោក Andrea Berta ក៏កំពុងចង់រក្សាកីឡាករសំខាន់ៗផ្សេងទៀត អោយបន្តលេងយូរអង្វែងនៅកីឡដ្ឋាន Emirates ដោយគ្រោងពិភាក្សាបើកចំហជាមួយ Saka លើការបន្តកិច្ចព្រមព្រៀង ដែលដំណើរការរហូតដល់ឆ្នាំ ២០២៧ រួមនឹងការធានាអនាគតរបស់ William Saliba និង Gabriel ដែរ៕
6 months ago
Man City បង្កកការដំឡើងថ្លៃសំបុត្រសម្រាប់អ្នកគាំទ្រក្នុងរដូវកាល ២០២៥-២៦
Man City បានសម្រេចបង្កកការដំឡើងតម្លៃសំបុត្រសម្រាប់ពេញមួយរដូវកាល និងតម្លៃសំបុត្រទិញសម្រាប់តែថ្ងៃប្រកួតក្នុងយុទ្ធនាការ ២០២៥-២៦ បន្ទាប់ពីការពិភាក្សាជាមួយក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្ររួចមក។ ក្លិបមេឃខៀវ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ហើយនិយាយថាការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសន្ទនាវិជ្ជមាន ជាមួយក្រុមប្រឹក្សាភិបាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកតំណាងមួយចំនួនរបស់ក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្រ Man City ដែលមានឈ្មោះថា City Matters បានធ្វើកូដកម្មកាលពីខែមីនា ដោយសារក្លិបមិនបានចូលរួមក្នុងការពិភាក្សាអំពីតម្លៃសំបុត្ររដូវកាលក្រោយ។ កូដកម្មនោះបានធ្វើឡើងក្រោយលិខិតចំហរមួយផ្ញើទៅកាន់ប្រធានក្លិប Man City លោក Khaldoon al-Mubarak ដោយក្រុមអ្នកគាំទ្រចំនួន៧ក្រុម បានត្អូញត្អែរអំពីការកើនឡើងតម្លៃសំបុត្រ និងការរំពឹងទុក ចង់អោយក្លិបពិចារណាបញ្ហានេះ។ ទាក់ទិននឹងរឿងនេះដែរ Man City បាននិយាយថា “ក្លិបសូមថ្លែងអំណរគុណចំពោះតំណាងអ្នកគាំទ្រសម្រាប់មតិកែលម្អ លើប្រធានបទជាច្រើនទាក់ទងនឹងការលក់សំបុត្រ និងសម្រាប់ការចែករំលែកទស្សនៈទូលំទូលាយពីអ្នកគាំទ្រដែលពួកគេតំណាងអោយ។” ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការរិះគន់របស់អ្នកគាំទ្របន្ថែមទៀតសម្រាប់ការយល់ព្រមលើភាពជាដៃគូជាសកលជាមួយគេហទំព័រលក់សំបុត្រ Viagogo ។ កន្លងទៅ Man City ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថា មិនអើពើចំពោះសំណើពិចារណាតម្លៃសំបុត្រ ហើយតម្លៃសំបុត្រស្តង់ដារអាចត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងមុន។ អ្នកគាំទ្របានតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ ដោយការជួបជុំគ្នាក្នុងបរិវេណកីឡដ្ឋាន Etihad ៩នាទីដំបូងនៃការប្រកួតក្របខណ្ឌ Premier League កាលសប្តាហ៍មុនទល់នឹង Leicester City ។ យ៉ាងណា Man City អះអាងថាសំបុត្រដែលលក់នៅលើគេហទំព័រ Viagogo គឺដើម្បីបែងចែកសំបុត្របដិសណ្ឋារកិច្ចដែលមានស្រាប់ នឹងត្រូវកំណត់តម្លៃថេរ ហើយមិនទាក់ទងការចងដំឡើងតម្លៃសំបុត្រនោះទេ៕
6 months ago
ទោះបានឈ្នះ Dortmund តែ គ្រូ Barcelona ថា ក្រុមត្រូវការអភិវឌ្ឈបន្ថែមទៀត
្រុម Barcelona បានយកឈ្នះទៅលើក្រុម Borussia Dortmund ដោយលទ្ធផល ៤-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ក្នុងទឹកដីបណ្តោះអាសន្នរបស់ក្រុមអ្នកមានបុណ្យ Estadi Olímpic Lluís Companys ។ ការប្រកួតកាលពីយប់មិញ Raphinha ជាអ្នករកគ្រាប់បើកឆាកនៅក្នុងនាទី ២៥ ដោយវគ្គទី១ មានគ្រាប់បាល់ចូលទីតែ១លើកនេះ។ នៅក្នុងវគ្គទី២ Barcelona បន្តវាយសម្រុករកបាន ៣គ្រាប់ផ្ទួនៗគ្នាទៀត ដែលធ្វើបានដោយ Robert Lewandowski នៅនាទី៤៨ និង នាទី៦៦ ហើយ១គ្រាប់ចុងក្រោយធ្វើបានដោយ Lamine Yamal នៅនាទី៧៧។ សម្រាប់ក្រុមភ្ញៀវ Borussia Dortmund វិញ មិនមានឱកាសក្នុងការវាយលុកយកគ្រាប់មកវិញទេ ទោះបានព្យាយាមច្រើនដងក៏ដោយ។ ការឈ្នះដោយលទ្ធផល ៤-០ ទៅលើគូប្រជែងបែបនេះ ចាត់ទុកជា លទ្ធផលដ៏ល្អប្រសើរ ហើយនឹងជួយក្រុម Barcelona មានភាគរយខ្ពស់នៅក្នុងការសម្លឹងមើលកៅអីទៅកាន់វគ្គបន្ត។ បែបនេះក្តី គ្រូបង្វឹក Barcelona លោក Hansi Flick បែរជាយល់ថា ក្រុមរបស់លោកនៅតែមិនទាន់ខ្លាំងកា្លគ្រប់គ្រាន់ ហើយមានចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមទៀត។ លោក Hansi Flick បានលើកឡើងដូច្នេះថា “ខ្ញុំនៅតែត្រូវការអោយកីឡាកររបស់ខ្ញុំ ធ្វើការងារអោយបានប្រសើរជាងនេះបន្ថែមទៀត។ ខ្ញុំមើលឃើញថា មានចំណុចខ្លះដែលយើងធ្វើមិនបានល្អ។ យើងនឹងធ្វើការវិភាគនូវការប្រកួតនេះឡើងវិញ ហើយខ្ញុំនឹងប្រាប់ទៅកាន់កីឡាករទាំងអស់ពីចំណុចទាំងអស់នោះ ប៉ុន្តែសម្រាប់ខ្ញុំយើងនៅតែត្រូវការធ្វើអោយប្រសើរជាងនេះ។ យ៉ាងណា ខ្ញុំពិតជាសប្បាយចិត្តជាមួយលទ្ធផលនៅពេលនេះ តែវាគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ។” សូមបញ្ជាក់ថា Barcelona នឹងត្រូវជួប Borussia Dortmund ម្តងទៀត សម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលនឹងឡើងនៅកីឡដ្ឋាន Signal Iduna Park ជាទឹកដីរបស់ Dortmund វិញម្ដង នៅថ្ងៃទី១៦ ខែមេសា ខាងមុខ ៕
6 months ago
ខ្សែបម្រើ Kevin De Bruyne របស់ Man City ទទួលការចាប់អារម្មណ៍ពីក្លិបចំនួន៩
ក្លិបបាល់ទាត់ល្បីៗចំនួន ៩ ក្លិប បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Kevin De Bruyne ដែលនឹងចាកចេញពីក្លិប Man City នៅចប់រដូវកាលនេះ ក្រោយសម្រេចចិត្តមិនបន្តកុងត្រាថ្មីបន្ថែមពីលើកុងត្រាបច្ចុប្បន្ន ដែលអសពុលភាពនៅខែមិថុនាខាងមុខនេះ។ កីឡាករបែលហ្ស៊ិក បានប្រកាសជាផ្លូវការ អំពីការចាកចេញពីក្លិប Man City នៅចប់រដូវកាលនេះ ក្រោយរួមរស់នៅទឹកដី Etihad អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីផ្លាស់ពីក្លិបអាល្លឺម៉ង់ Wolfsburg ក្នុងតម្លៃ ៧៥លានអឺរ៉ូ កាលពីឆ្នាំ ២០១៥។ ការចាកចេញរបស់ Kevin De Bruyne នឹងក្លាយជាការរបូតកីឡាករដ៏សំខាន់១រូបរបស់លោក Pep Guardiola ដែលរួមចំណែកជួយក្លិបមេឃខៀវ ឈ្នះពានរង្វាន់ Premier League ៦សម័យ FA Cup ២ដង EFL Cup ៥ដង Community Shield ២ដង និងពិសេស UEFA Champions League ១ដងផងដែរ។ ស្របពេលអ្នកគាំទ្រ Man City ដែលភ្ញាក់ផ្អើល ក៏ដូចជាខកចិត្តនឹងការប្រកាសនេះ បានចាត់ទុកកីឡាករ វ័យ៣៣ឆ្នាំរូបនេះ គឺជាវីរបុរសក្លិបរួចបាត់ទៅហើយ។ ឥឡូវនេះ មានការរាយការណ៍ថា ក្លិបចំនួន ៩ ដែលរួមមានក្លិបអាមេរិក Inter Miami, New York City FC , San Diego FC ក្លិបអារ៉ាប៊ីសាអូឌីត Al Nassr, Neom SC, Al-Ittihad ក្លិបអាហ្សង់ទីន River Plate ព្រមទាំងក្លិបយក្សពីរនៅតួកគី Fenerbahce និង Galatasaray សុទ្ធតែចាប់អារម្មណ៍ខ្លាំងបំផុតលើ Kevin De Bruyne ។ បើទោះបីជា Kevin De Bruyne នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ Free Agent នៅខែមិថុនាខាងមុខនេះក៏ពិតមែន ប៉ុន្តែការចរចាថ្លៃពលកម្ម និងការផ្តល់ជូនពិសេសផ្សេងទៀត នឹងក្លាយជាជម្រើសដ៏សំខាន់សម្រាប់រូបគេ។ ពាក្យចចាមអារ៉ាមជាច្រើនបានអោយដឹងថា ក្លិបនៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមបើកកញ្ចប់ថវិកាដ៏ច្រើនមហាសាល ព្រមទាំងការផ្តល់ជូន១៥០លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ សម្រាប់ Kevin De Bruyne ៕
6 months ago
ថ្នាក់ដឹកនាំ Real Betis ថា នឹងធ្វើគ្រប់វិធីនាំយក Antony ជាអចិន្ត្រៃយ៍ពី Man UTD
ប្រធានគ្រប់គ្រងកីឡាកររបស់ក្លិប Real Betis លោក Manu Fajardo បានបញ្ជាក់ថា ក្លិបរបស់លោកនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាទុក Antony សម្រាប់ប្រជែងនារដូវកាលក្រោយ។ បន្ទាប់ពីខ្ចីជើងមកកាន់ទឹកដីអេស្ប៉ាញ Real Betis បានមួយរយៈពេលខ្លី ខ្សែបម្រើប្រេស៊ីល បានធ្វើអោយក្លិបរបស់អេស្ប៉ាញមួយនេះមានភាពលេចធ្លោមែនទែន។ ក្នុងការចូលលេងជម្រើសដំបូង និងការប្ដូរចូលរបស់ Antony ពិតជាធ្វើបានល្អ ទាំងការកាត់បាល់ ការលេងយល់ចិត្តគ្នាក្នុងក្រុម និងបានឆក់យកការពេញចិត្តពីសំណាក់កីឡាករក្នុងក្រុម Real Betis ហើយពេលនេះប្រធានគ្រប់គ្រងកីឡាករ ក៏ពេញចិត្តនូវសមត្ថភាពរបស់គេថែមទៀត។ ជុំវិញរឿងនេះលោក Manu Fajardo បានអោយដឹងថា “វាគឺជាប្រភពនៃការពេញចិត្តលើកម្រិតផ្ទាល់ខ្លួនមួយ ដើម្បីនាំយក Antony មកកាន់ Real Betis ប៉ុន្តែវាគឺជាលទ្ធផលនៃការធ្វើការងារជាក្រុម។ ទោះបីជាខ្ញុំទទួលខុសត្រូវលើការគ្រប់គ្រងកីឡាក៏ដោយ ក៏មានមនុស្សជាច្រើនចូលរួមនៅក្នុងការចុះហត្ថលេខានេះ។ វានៅតែលឿននៅឡើយក្នុងការសម្រេចចិត្ត ប៉ុន្តែយើងនឹងព្យាយាមតាមវិធីផ្សេងៗ និងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបន្តរីករាយជាមួយ Antony នៅទីនេះទៀត។” វាជាផ្លូវមួយសម្រាប់ការសាងសមត្ថភាពឡើងវិញសម្រាប់ Antony តែអ្វីដែលជាបញ្ហាគឺគេមិនទាន់ដឹងថា Man UTD នឹងព្រមលក់រូបគេដាច់មកអោយ Real Betis ឬក៏យ៉ាងណា ព្រោះលក្ខខណ្ឌ ដែលកីឡាករវ័យ ២៥ឆ្នាំ ផ្លាស់មកកាន់អេស្ប៉ាញនេះត្រឹមជាកីឡាករខ្ចីជើងពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ។ គិតមកទល់ពេលនេះ Antony បង្ហាញខ្លួនសរុបបាន១៣លើកហើយ ក្នុងនោះគេស៊ុតបាន៤គ្រាប់ គិតចាប់ពីខ្ចីជើងពីខែមករាមក។ កន្លងមក សាមីកីឡាករក៏បានបង្ហាញអារម្មណ៍ថារូបគេរីករាយខ្លាំងស្ថិតនៅក្លិបអេស្ប៉ាញ ហើយក៏ពេញចិត្តបរិយាកាសនៅក្នុងក្រុម។ មិត្តរួមក្រុម Isco ក៏ធ្លាប់ជំរុញអោយ Real Betis ទិញយក Antony ផ្តាច់ពីក្លិប Man UTD ដែរ។ នៅមុនពេលការមកដល់របស់ Antony ក្លិប Betis ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ប៉ុន្តែពេលនេះ ក្លិបកំពុងឈរលេខ៦ មានគម្លាតត្រឹមតែ ៦ពិន្ទុ ប៉ុណ្ណោះ ពីក្រុមលេខ ៤ Athletic Bilbao ដែលមានកៅអីក្របខណ្ឌ UEFA Champions League ៕
6 months ago
បេក្ខភាព៤រូប ឈានមុខគេដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ Southampton
Southampton កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Ivan Juric ត្រូវបណ្តេញចេញ ក្រោយក្លិបទទួលការបញ្ជាក់ពីការកាត់ចេញពីក្របខណ្ឌ Premier League នារដូវកាលក្រោយ។ វាជារដូវកាលដ៏ក្រៀមក្រំសម្រាប់ Southampton ដោយពួកគេបានចាប់ផ្ដើមមិនបានល្អឡើយនៅក្របខណ្ឌ Premier League ដែលបានធ្វើអោយគ្រូបង្វឹកលោក Russell Martin ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែធ្នូ។ លោក Ivan Juric ក៏មកកាន់តំណែងជាបន្ត តែលទ្ធផលមិនបានល្អជាងនេះទេ ហើយឥឡូវរូបលោកក៏បានរបូតតំណែងថែមទៀត។ Southampton បានក្លាយជាក្រុមដំបូងគេដែលធ្លាក់ចេញពី Premier League នៅរដូវកាល ២០២៤-២៥ និងដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទាំងនៅសល់ការប្រកួត ចំនួន៧លើក។ បន្ទាប់ពីចាញ់ Tottenham Hotspur ៣-១ ក្នុងជំនួប Premier League សប្តាហ៍ទី៣១ និងជាបរាជ័យលើកទី២៥បានធ្វើអោយ Southampton ធ្លាក់ទៅលីគទី២អង់គ្លេស Championship ដោយស្វ័យប្រវត្តិ។ ធ្លាក់ពីលីគកំពូលទាំងនៅសល់៧ប្រកួត Southampton ក៏បានក្លាយជាក្រុមដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត Premier League ដែលសល់ការប្រកួតច្រើន។ Southampton ក្លាយជាអ្នកជំនួស Derby County ដែលរកបានទាបបំផុត ក្នុងរដូវកាល ២០០៧-០៨។ ដោយឡែក យោងតាមគេហទំព័រ Birmingham World មានបេក្ខភាពជាច្រើន ចង់ក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Southampton ប៉ុន្តែមានតែ៤រូបដែលមានភាពលេចធ្លោជាងគេ។ តួយ៉ាង អតីតគ្រូបង្វឹក Nottingham Forest និង Leicester City លោក Steve Cooper ត្រូវបានគេចាត់ទុកថា ឈានមុខគេក្នុងការមកដឹកនាំ Southampton ប៉ុន្តែក៏មានបេក្ខភាពលេចធ្លោ៣រូបទៀតគឺលោក Sean Dyche, Gary O'Neil និង Steven Gerrard ។ បច្ចុប្បន្ន អ្នកទាំង៤មិនបានធ្វើការដឹកនាំក្លិបណាមួយទេ ដូច្នេះពួកគេនឹងស្ថិតក្នុងបញ្ជីដែល Southampton ធ្វើការពិចារណា។ សូមបញ្ជាក់ថា ៣១ប្រកួតកន្លងមក Southampton ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្រៅពីនោះ ស្មើ៤ និងចាញ់ ២៥លើក រកបានតែ ១០ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាង។ Southampton តាមពីក្រោយ Wolves ដែលឈរចំណាត់ថ្នាក់លេខ១៧តំបន់សុវត្ថិភាពចំនួន២២ពិន្ទុ មានន័យថាទៅះពួកគេឈ្នះទាំង៧ប្រកួតដែលនៅសល់ ក៏មិនអាចគេផុតពីតំបន់ការចោលដែរ៕
6 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport