List News
ខ្សែការពារ Virgil van Dijk ថា ការចរចាកិច្ចសន្យាថ្មីជាមួយ Liverpool កំពុងដំណើរការល្អ
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បាននិយាយថា ដំណើរការនៃការចរចាកិច្ចសន្យាថ្មីជាមួយ ក្រុមហង្សក្រហម កំពុងធ្វើឡើងដោយមានភាពរលូន។ Van Dijk បានចូលរួមជាមួយ Liverpool ក្នុងកិច្ចព្រមព្រៀង ៧៥លានផោនពី Southampton ក្នុងឆ្នាំ ២០១៨។ កីឡាករហូឡង់ នឹងផុតកិច្ចសន្យាចាស់របស់គេជាមួយ Liverpool នៅដំណាច់រដូវកាលនេះ ហើយកាលពីខែមីនា សាមីកីឡាករបាននិយាយថា រូបគេមិនមានភាពច្បាស់លាស់នោះទេ ថានឹងអាចបន្តលេងនៅទឹកដី Anfield ទៀត ឬ យ៉ាងណា។ Virgil van Dijk គឺជាកីឡាករកំពូលមួយរូប ក្នុងចំណោមកីឡាករកំពូល ៣រូបរបស់ Liverpool ដែលកៀកនឹងផុតកិច្ចសន្យា ដោយ២រូបទៀតគឺ Mohamed Salah និង Trent Alexander-Arnold ដោយពួកគេក៏មិនទាន់មានសញ្ញាពីការបន្តកិច្ចសន្យាទៀតដែរ។ យ៉ាងណា និយាយក្រោយចប់ការប្រកួតជាមួយអ្នកសារពត៌មានក្នុងជំនួបក្របខណ្ឌ Premier League ដែល Liverpool ចាញ់ Fulham កាលពីពេលថ្មីៗនេះ កីឡាករវ័យ៣៣ឆ្នាំ បានអះអាងពីភាពវិជ្ជមាននៃដំណើរការចរចាកិច្ចសន្យាថ្មីរបស់គេជាមួយ Liverpool ។ ប្រធានក្រុមជម្រើសជាតិហូឡង់បាននិយាយថា “មានការរីកចម្រើន។ ខ្ញុំមិនដឹងថា វានឹងទៅជាយ៉ាងណាទេ តែទាំងនេះជាការពិភាក្សាផ្ទៃក្នុង។ ខ្ញុំស្រលាញ់ក្លិប ខ្ញុំស្រលាញ់អ្នកគាំទ្រ Liverpool ហើយពួកគេនៅទីនោះជាមួយពួកយើង ហើយយើងចង់ផ្តល់រង្វាន់ដល់ពួកគេ។” ដោយឡែក Liverpool មាន៧៣ពិន្ទុ ឈរលើកំពូលតារាង Premier League នាំមុខក្រុមលេខ២ Arsenal ចំនួន១១ពិន្ទុ។ ចំពោះការចាញ់ Fulham គឺជាការបរាជ័យក្នុងលីគលើកទី២ របស់ Liverpool ក្នុងរដូវកាលនេះ និងជាលើកទីមួយរបស់ពួកគេក្នុង ២៦ ប្រកួតចុងក្រោយមកនេះ។ Virgil van Dijk បានស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុងការបង្ហាញខ្លួន៣២៣លើក សម្រាប់ Liverpool និងជាខ្សែការពារដ៏សំខាន់ ហើយបានឈ្នះពានរង្វាន់ Premier League ១ដង, FA Cup ១ដង EFL Cup ២ដង UEFA Super Cup ១ដង FIFA Club World Cup ១ដង UEFA Champions League ១ដង ជាមួយ Liverpool ៕
6 months ago
គ្រូ Arsenal សរសើរកូនក្រុមយ៉ាងរីករាយក្រោយយកឈ្នះ Real Madrid យប់មិញ
ក្រុម Arsenal បានយកឈ្នះ ក្រុម Real Madrid យ៉ាងចាស់ដៃ នៅក្នុងជំនួបក្របខណ្ឌ UEFA Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Emirates Stadium ក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះក្រុមភ្ញៀវ Real Madrid យ៉ាងចាស់ដៃ ដោយលទ្ធផល ៣-០។ ជំនួបក្នុងវគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ លុះឈានមកដល់វគ្គទី២ Declan Rice បានបំបែកភាពស្ងប់ស្ងាត់តាមរយៈការទាត់បាល់ Free Kick បញ្ចូលទីយ៉ាងស្អាត បើកការនាំមុខសម្រាប់ Arsenal នៅក្នុងនាទី៥៨។ រំលងពីនោះ ជាង ១២នាទី កីឡាករវ័យ២៦ឆ្នាំដដែល បានទាត់បាល់ Free Kick យ៉ាងស្អាតមួយគ្រាប់ទៀតបញ្ចូលទី បង្កើនការនាំមុខដល់ក្រុមកាំភ្លើងធំ។ នាទី៧៥ Mikel Merino បានរកគ្រាប់ទី៣សម្រាប់ Arsenal ដែលកាន់តែបង្កើនភាពរីករាយដល់ក្រុម។ ផ្ទុយមកវិញ ក្រុម Real Madrid ដែលជាជើងខ្លាំងក្នុងពានរង្វាន់ UEFA Champions League នេះ ហាក់មិនអាចធ្វើអ្វីក្រុម Arsenal បាននោះទេ ហើយពួកគេត្រូវចាញ់ប្រៀប គឺសល់គ្នាតែ១០នាក់ក្រោយពី Eduardo Camavinga បានរងពិន័យកាតលឿងទី២ស្មើកាតក្រហមត្រូវបណ្តេញចេញពីទីលានថែមទៀត ក្នុងនាទី៩០+៤។ យ៉ាងណា លទ្ធផលមិនមានភាពប្រែប្រួលទៀតទេ រហូតដល់ចប់ការប្រកួត។ ការធ្វើបានល្អ របស់កូនក្រុមបានធ្វើអោយគ្រូបង្វឹក លោក Mikel Arteta មានការសប្បាយចិត្តក្រៃលែង និងបានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ព្រោះមិននឹកថា កីឡាករ Arsenal អាចធ្វើរឿងស្ទើរនឹកស្មានមិនដល់បែបនេះ។ លោក Mikel Arteta បានអោយដឹងក្រោយចប់ការប្រកួតថា “យើងមានការលេងដ៏ល្អបំផុតមួយ ដោយយើងបានគ្របសង្កត់ និង បង្កើតបញ្ហាជាច្រើនដល់គូប្រជែងរបស់យើង ។ នេះជាអ្វីដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ ការលេងជាមួយនឹងថាមពល ការប្តេជ្ញាចិត្តបានធ្វើអោយមានភាពខុសគ្នាយ៉ាងខ្លាំង។ វាហាក់ដូចជាវេទមន្ត វាអស្ចារ្យខ្លាំងណាស់។” លទ្ធផលល្អនេះ ក៏ធ្វើអោយលោក Mikel Arteta សង្ឃឹមថា កូនក្រុមនឹងអាចបង្កើតប្រវត្តិសាស្ត្រ ដោយបន្តប្រជែងស្វែងរកការឈ្នះពានរង្វាន់ UEFA Champions League ជាលើកដំបូង។ Arsenal នឹងត្រូវជួប Real Madrid ម្តងទៀតក្នុងការប្រកួតជើងទី២ ដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu របស់ក្រុមអធិរាជសវិញ នៅថ្ងៃទី ១៦ ខែមេសា ខាងមុខ៕
6 months ago
គ្រូ Man UTD បង្ហាញការខកចិត្តក្រោយស្មើ Man City កាលពីពេលថ្មីៗនេះ
ជំនួបក្របខណ្ឌ Premier League រវាង Man UTD ទល់នឹង Man City កាលពីពេលថ្មីៗនេះ បានបញ្ចប់ទៅ ត្រឹមលទ្ធផលស្មើគ្នា ០-០ ដែលធ្វើអោយគ្រូបង្វឹក Man UTD លោក Ruben Amorim ខកចិត្តចំពោះលទ្ធផល និង ប្រព័ន្ធលេងរបស់កូនក្រុម ដ្បិតក្រុមកាន់តែខើចពិន្ទុ ក្នុងការប្រជែងបានកៅអីកម្រិតអឺរ៉ុបណាមួយ។ Man UTD បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ រកបានត្រឹមតែ ៣៨ពិន្ទុ ប៉ុណ្ណោះ។ ក្រុមបិសាចក្រហម រដូវកាលនេះ បានជួបបញ្ហាទម្រង់លេង ហើយត្រូវស្វែងរកឱកាស និងពិន្ទុជាចាំបាច់។ ការប្រកួតស្មើនេះ ក៏បានធ្វើអោយជំនួបក្រុមទាំង ២ គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាលើកដំបូង ក្នុងជំនួបទីក្រុងតែមួយ ចាប់តាំងពីឆ្នាំ២០២០ មក។ ការជួបគ្នាកន្លងមក កាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Etihad ក្រុម Man UTD យកឈ្នះការប្រកួតលទ្ធផល ២-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Man City។ លោក Ruben Amorim គ្រូបង្វឹក Man UTD បានបង្ហាញការខកចិត្ត ខណៈនៅតែទទូចដដែល ថាក្រុមត្រូវការទម្រង់លេងល្អ ហើយរកបានជ័យជំនះអោយបានឆាប់រហ័សបំផុត ព្រោះគ្មានពេលច្រើនទៀតទេ។ ជុំវិញបញ្ហានេះ គ្រូបង្វឹកវ័យ៤០ឆ្នាំ បានលើកឡើងថា “ខ្ញុំមិនទាន់ឆោតល្ងង់នោះទេ។ ខ្ញុំអាចមើលឃើញពេលដែលយើងចូលប្រកួត ខ្ញុំអាចមើលឃើញថាគូប្រកួត និងយល់ថាទាំងសងខាង គឺមានគម្លាតពីគ្នាខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនអាចនិយាយបែបនេះ និងចំណាយពេលដើម្បីតែគិតពីរឿងនេះនោះទេ។ ទោះយកកីឡាករមកច្រើនទៀតក៏ដោយ យើងត្រូវតែប្រញាប់ ដើម្បីបង្ហាញពីភាពរីកចម្រើន និងទម្រង់លេងល្អបំផុត ព្រោះយើងគ្មានពេលវេលាគ្រប់គ្រាន់ទៀតទេ។ នៅក្លិបធំបែបនេះ យើងត្រូវតែបង្ខំការងារអោយបានឆាប់រហ័សបំផុត។” ដោយឡែក នៅមុនការប្រកួតមកដល់ អ្នកគាំទ្រក្រុម Man UTD ក៏បន្តធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazers ដែលនាំអោយក្រុមធ្លាក់ដល់ស្ថានភាពអាក្រក់ខ្លាំងបែបនេះ៕
6 months ago
Tottenham Hotspur មិនមានបំណងទិញផ្តាច់ខ្សែប្រយុទ្ធ Timo Werner
្សែប្រយុទ្ធ Timo Werner មិនត្រូវបានស្ថិតក្នុងជម្រើសនៃការចង់បានរបស់ Tottenham Hotspur ទេ ក្រោយពេលបញ្ចប់យុទ្ធនាការនៅរដូវកាល ២០២៤-២៥ ។ កីឡាករអាល្លឺម៉ង់ នឹងចាកចេញពី Tottenham Hotspur នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពេលដែលចប់រដូវកាល ដើម្បីទៅកាន់ RB Leipzig វិញ ។ យ៉ាងណាមិញ Timo Werner នឹងជ្រើសរើសក្លិបថ្មីមួយ ដើម្បីបន្តដំណើរលើវិថីបាល់ទាត់ ព្រោះតែរូបគេមិនរំពឹងបន្តស្នាក់នៅក្លិបអាល្លឺម៉ង់បន្តទៀតដែរ។ សរុបមួយរដូវកាលក្នុងការផ្ទេរលក្ខខណ្ឌខ្ចីជើងមកមាន់ទឹកដីអង់គ្លេសពីក្លិប RB Leipzig កីឡាករវ័យ២៩ឆ្នាំ ស៊ុតចូលសរុបបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនសរុប២៧លើកកន្លងមក ។ ទិន្នន័យនេះហើយទើបធ្វើអោយ Tottenham Hotspur សម្រេចចិត្តមិនចុះកុងត្រាយករូបគេ បើទោះបីជាក្នុងកុងត្រាខ្ចីជើងនោះមានលក្ខខណ្ឌទិញផ្តាច់ក៏ដោយ។ Timo Werner បានចូលរួមជាមួយ Tottenham Hotspur ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីចាកចេញពី RB Leipzig នៃក្របខណ្ឌ Bundesliga ក្នុងខែមករា ឆ្នាំ ២០២៤។ កិច្ចសន្យានេះរួមបញ្ចូលលក្ខខណ្ឌផ្ទេរអចិន្ត្រៃយ៍ប្រហែល១២ លានអឺរ៉ូ ប៉ុន្តែ Tottenham Hotspur ហាក់ដូចជាបានសម្រេចចិត្តនៅទីបំផុត ដោយនឹងមិនដំណើរការជម្រើសនេះទេ។ Werner គឺជាកីឡាករដែលមានជំនាញដែលអាចគ្រប់គ្រងទីតាំងវាយប្រហារផ្សេងៗបាន ប៉ុន្តែគេហាក់ពិបាកសម្របខ្លួនទៅនឹងប្រព័ន្ធលេងរបស់គ្រូបង្វឹកលោក Ange Postecoglou ដោយបានឃ្លាតឆ្ងាយពីក្រុមបន្តិចម្តងៗ សូម្បីតែក្នុងអំឡុងពេលដែលខ្សែប្រយុទ្ធសំខាន់ៗបានរងរបួសក៏ដោយក៏រូបគេមិនត្រូវបានជ្រើសរើសដែរ។ ដោយឡែក មានការរាយការណ៍ថា នៅពេលបញ្ចប់ការលេងខ្ចីជើងនៅ Tottenham Hotspur ហើយ Timo Werner ក៏នឹងសម្រេចចិត្តចាកចេញពីក្លិបអាណាព្យាបាល RB Leipzig ដែរ ហើយគោលដៅបន្តរបស់គេ អាចជាក្លិបនៅក្របខណ្ឌកំពូលអាមេរិក Major League Soccer៕
6 months ago
Southampton បណ្តេញគ្រូបង្វឹកលោក Ivan Juric ចេញពីតំណែង
គ្រូបង្វឹកលោក Ivan Juric ត្រូវបានក្លិប Southampton បញ្ចប់តំណែងហើយ ដោយការសម្រេចចិត្តនេះកើតឡើងមួយថ្ងៃបន្ទាប់ពីស្ថាប័នលីគកំពូលអង់គ្លេស Premier League បញ្ជាក់ថា Southampton នឹងធ្លាក់ទៅលេងនៅលីគទី២វិញ។ អតីតកីឡាករជម្រើសជាតិក្រូអាតលោក Ivan Juric ត្រូវបានតែងតាំងមកដឹកនាំ Southampton កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់របស់ Southampton ដែលបានធ្វើអោយគ្រូបង្វឹកជនជាតិស្កុតឡេន លោក Russell Martin ត្រូវរបូតតំណែង។ យ៉ាងណា វត្តមានរបស់ លោក Ivan Juric ដែលមកជំនួសការងាររបស់លោក Russell Martinនោះ ក៏មិនបានផ្លាស់ប្តូរស្ថានការណ៍របស់ក្រុមមកល្អប្រសើរវិញដែរ ដោយរងការបរាជ័យជាបន្តបន្ទាប់។ ការដឹកនាំ Southampton បានចំនួន ១៦ប្រកួតរបស់បុរសវ័យ៤៩ឆ្នាំ ក្រុមឈ្នះតែ ២ដង ស្មើ១ដង និងចាញ់ដល់ទៅ១៣ដងទៅហើយ។ ការប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ពួកគេបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដោយបានចាញ់ Tottenham Hotspur ៣-១ ដែលជាការប្រកួតចុងក្រោយកំណត់នូវជោគវាសនារបស់លោក Ivan Juric។ បរាជ័យនោះធ្វើអោយ Southampton ស្ថិតនៅបាតតារាង មាន តែ១០ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាពដល់ទៅ ២២ ពិន្ទុ ខណៈការប្រកួតនៅសល់តែ ៧ដងទៀតប៉ុណ្ណោះ ដែលមានន័យថា ទោះជា Southampton ឈ្នះគ្រប់ការប្រកួតដែលនៅសល់ក៏ពួកគេមិនអាចមានកៅអីលេងនៅក្របខណ្ឌ Premier League រដូវកាលក្រោយទៀតដែរ។ លទ្ធផលនេះបានធ្វើអោយ Southampton ក្លាយជាក្រុមដំបូងគេនៅក្របខណ្ឌ Premier League ដែលត្រូវបានកាត់ចេញទៅលេងនៅលីគក្រោម ទាំងនៅសល់ដល់ទៅ ៧ប្រកួត។ ក្រោយការចាកចេញ របស់លោក Ivan Juric ក្លិប Southampton នឹងតែងតាំង គ្រូជំនួយលោក Simon Rusk នឹងចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នសិន។ លោក Simon Rusk ក៏ធ្លាប់ដឹកនាំ Southampton បណ្តោះអាសន្នពីមុនផងដែរ បន្ទាប់ពីអតីតគ្រូបង្វឹក លោក Russell Martin ត្រូវបានបណ្តេញចេញពីតំណែង៕
6 months ago
គ្រូ Real Madrid សម្រេចចិត្តជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ផ្តាច់មុខ
គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានសម្រេចចិត្តជាថ្មី ដោយបានជ្រើសរើស ខ្សែប្រយុទ្ធ Kylian Mbappe ធ្វើជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ផ្តាច់មុខប្រចាំក្រុមតែម្តង។ ការសម្រេចចិត្តជាថ្មីនេះបានកើតឡើង បន្ទាប់ពីបុរសជនជាតិអ៊ីតាលី ទទួលបានការខកចិត្តម្តងហើយម្តងទៀត ជុំវិញការស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលរបស់កូនក្រុមខ្លួន។ ជាក់ស្តែង ការប្រកួតក្របខណ្ឌ La Liga កាលពីចុងសប្តាហ៍ កន្លងទៅ Vinicius Junior ទើបតែស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ជាហេតុធ្វើអោយ Real Madrid បរាជ័យក្រោមថ្វីជើងក្រុម Valencia ដោយលទ្ធផល ២-១ ។ ការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់ Real Madrid ក្នុងរដូវកាលនេះ ភាគច្រើនគឺត្រូវរ៉ាប់រងដោយ Kylian Mbappe, Vinicius Junior និង Jude Bellingham។ យ៉ាងណាមិញ ការស៊ុតសរុបចំនួន ១៥ លើករបស់កីឡាករទាំង ៣ នាក់ គឺបានខកខានដល់ទៅ ៥ លើកឯណោះ ដោយក្នុងនោះ Mbappe ស៊ុត ៨ លើក មិនចូល ២ លើក ខណៈ Vinicius Junior ស៊ុត ៥ លើកមិនចូល ២លើក និង Bellingham ស៊ុត ២ លើក មិនចូល ១ លើក។ ដោយសារតែស្ថិតិមិនល្អបែបនេះ បានធ្វើអោយលោក Carlo Ancelotti សម្រេចចិត្ត គិតគូសាជាថ្មី ហើយចុងក្រោយលោកបានជ្រើសរើស Kylian Mbappe ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រផ្តាច់មុខតែម្តង។ Real Madrid បច្ចុប្បន្នកំពុងឈរលេខ២ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន ៦៣ពិន្ទុ តិចជាងក្រុមកំពូលតារាង Barcelona ចំនួន៤ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួតដូចគ្នា។ ដោយឡែក ក្រុម Real Madrid នឹងត្រូវបន្តការប្រកួតរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League ដោយត្រូវប៉ះ Arsenal ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៅយប់នេះ នៅកីឡដ្ឋាន Emirates ៕
6 months ago
អ្នកវាយកូនបាល់ Luciano Darderi ឈ្នះជើងឯកកម្មវិធី Grand Prix Hassan II
ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 កម្មវិធី Grand Prix Hassan II បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីការប្រកួតបានដំណើរការ១សប្តាហ៍កន្លងមក នាទីក្រុង Marrakesh ប្រទេសម៉ារ៉ុក។ នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករអ៊ីតាលី Luciano Darderi ដោយបានយកឈ្នះកីឡាករហូឡង់ Tallon Griekspoor នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផលស្ទួនគ្នា 7-6 និង 7-6។ នេះជាការឈ្នះពានរង្វាន់កម្រិត ATP Tour ជាលើកទី២ នៅក្នុងអាជីពរបស់ កីឡាករវ័យ២៣ឆ្នាំ បន្ទាប់ពីបានឈ្នះការប្រកួតពានរង្វាន់ Córdoba Open នៅប្រទេសអាហ្សង់ទីន តាំងពីខែកុម្ភៈ ឆ្នាំ២០២៤មកម្ល៉េះ។ សូមបញ្ជាក់ថា កម្មវិធី Grand Prix Hassan II គឺជាការដំណើរការលើកទី ៣៩ប្រកួត នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។ ចំពោះប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៦៥ម៉ឺនដុល្លារឯណោះ៕
6 months ago
Everton ប្រកាសខាតបង់ហិរញ្ញវត្ថុ ៧ ឆ្នាំជាប់គ្នា Story Everton
បានប្រកាសពីការខាតបង់ហិរញ្ញវត្ថុចំនួន៥៣លានផោន នៅក្នុងរដូវកាល ២០២៣-២៤ ដែលក្លាយទៅជាការខាតបង់ចំនួន៧ឆ្នាំជាប់ៗគ្នា នៅពេលដល់ឆ្នាំបិទបញ្ចប់ហិរញ្ញវត្ថុ។ នេះបើតាមការប្រកាសរបស់ក្លិប នៃក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។ ជាក់ស្តែង បើទោះជាក្លិបបានប្រកាសពីការរីកចម្រើនប្រាក់ចំណេញពី ៨៩,១ លានផោន កាលពីឆ្នាំមុនក្តី ប៉ុន្តែក្លិបបានខាតបង់ហិរញ្ញវត្ថុ ដល់ទៅ ៥៧០លានផោន ក្នុងរយៈពេល៧ឆ្នាំ មកនេះ។ យ៉ាងណា ក្លិប Everton ក៏បានអះអាងថាពួកគេនឹងបញ្ជៀស ការល្មើសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ការខាតបង់ប្រាក់ឆ្នាំ ២០២៤ របស់ក្លិប Everton គឺតិចជាងការខាតបង់ប្រាក់កាលពីឆ្នាំ ២០២៣ ដែលមានតម្លៃ ១១៥លានដុល្លារ ។ កន្លងមកក្លិប Everton ក៏បានជួបប្រទះបញ្ហាកាត់ពិន្ទុរហូតចំនួន ៨ពិន្ទុ ព្រោះតែរកឃើញបំពានច្បាប់ប្រាក់ចំណេញរបស់ Premier League រយៈពេល ៣ឆ្នាំជាប់គ្នា ពីរដូវកាល ២០២១-២២ រហូតដល់ ២០២២-២៣។ កាលពីខែមករា ក្របខណ្ឌ Premier League បានបញ្ជាក់ថា ក្លិបដែលលេងនៅលីគកំពូលអង់គ្លេស ដែលរួមមានទាំង Everton ផងនោះ ត្រូវបានអនុលោមតាមគោលការណ៍ហិរញ្ញវត្ថុសម្រាប់រដូវកាល ២០២៣-២៤។ ក្រោមច្បាប់ច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR ក្លិបនៅ Premier League អាចអនុញ្ញាតអោយខាតបង់ត្រឹម ១០៥លានផោន ក្នុងរយៈពេល៣ឆ្នាំ។ ការខាតបង់រយៈពេលបីឆ្នាំរបស់ Everton មានចំនួន ១៨៧លានផោន ប៉ុន្តែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍយុវជន និងបាល់ទាត់ស្ត្រីបានជួយអោយក្លិបរក្សាការអនុលោមតាមច្បាប់។ Everton បានយល់ព្រមក្នុងខែនេះនូវកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែងសម្រាប់កីឡដ្ឋានថ្មី ដោយធានាបាននូវកិច្ចព្រមព្រៀងផ្តល់មូលនិធិចំនួន ៣៥០ លានផោន ដើម្បីផ្តល់ប្រាក់កម្ចីឡើងវិញដែលមានស្រាប់ ទៅកាន់រដូវកាល ២០២៥-២៦ ។ ហិរញ្ញវត្ថុរបស់ក្លិប Everton ត្រូវបានផ្លាស់ប្តូរចាប់តាំងពីការកាន់កាប់ ៤០០ លានផោនរបស់ក្រុមហ៊ុន Friedkin Group ដែលមានមូលដ្ឋាននៅរដ្ឋ Texas ក្នុងខែធ្នូ ដែលបានបញ្ចប់ការកាន់កាប់រយៈពេល៨ឆ្នាំរបស់លោក Farhad Moshiri ៕
6 months ago
ក្លិបចំនួន៤នៅ Premier League ចាប់អារម្មណ៍ខ្សែបម្រើ Baris Alper Yilmaz របស់ Galatasaray
មានការរាយការណ៍អោយដឹងថា ក្លិបនៅលីគកំពូលអង់គ្លេសចំនួន៤ក្លិប បានបង្ហាញចំណាប់អារម្មណ៍និងបានបញ្ជូនទាំងភ្នាក់ងារដើម្បីតាមដានកីឡាករមួយរូបគឺខ្សែបម្រើ Baris Alper Yilmaz ដែលកំពុងលេងអោយក្លិប Galatasaray។ ជាការពិត ក្លិបទាំង៤ នៅក្របខណ្ឌ Premier League ដែលកំពុងចាប់អារម្មណ៍កីឡាករវ័យ២៤ឆ្នាំ មានក្លិប Aston Villa, Nottingham Forest, West Ham United និង Newcastle United។ មែនទែនទៅ Baris Alper Yilmaz ត្រូវបានក្លិបទាំងនោះចាប់អារម្មណ៍ជាច្រើនខែមកហើយ nigសង្ឃឹមថា នឹងអាចចរចានាំយកកីឡាករជនជាតិតួកគី មកលេងជាមួយខ្លួន នៅរដូវកាលក្រោយ ទោះបីជាបានដឹងហើយថា កុងត្រារបស់គេនឹងមានរហូត ទៅដល់ឆ្នាំ២០២៧ក្តី។ Baris Alper Yilmaz បានបង្ហាញទំរង់លេងល្អខ្លាំងណាស់នៅរដូវកាលនេះ ដោយអាចស៊ុតបញ្ចូលទីបាន១១គ្រាប់មកហើយក្នុងការបង្ហាញ ខ្លួនទាំង២៨លើកគ្រប់ការប្រកួត កន្លងមកអោយ Galatasaray។ រូបគេត្រូវបានដឹងថា មានទេពកោសល្យ និង អាចបត់បែនយ៉ាងងាយស្រួល ដោយអាចលេងទាំងតំបន់ស្លាប និង លេងជាខ្សែប្រយុទ្ធកណ្តាលផងដែរ។ កន្លងទៅគ្រូបង្វឹក Galatasaray លោក Okan Buruk ក៏បានអះអាងថា លោកពិតជាពេញចិត្តចំពោះសមត្ថភាពរបស់ Baris Alper Yilmaz ហើយរូបគេស្ថិតក្នុងកម្រិតកីឡាករនៅក្របខណ្ឌ Premier League។ Baris Alper Yilmaz នឹងកាន់តែមានអនាគតភ្លឺស្វាងបើសិនជាក្លិបនៅលីគកំពូលអង់គ្លេសណាមួយ សម្រេចទិញយករូបគេទៅចូលរួម៕
6 months ago
អ្នកគាំទ្រ Man UTD ចង់អោយក្រុមលក់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ចេញ
អ្នកគាំទ្រក្រុម Man UTD ជាច្រើន បានបង្ហាញការមិនពេញចិត្តចំពោះការលេងរបស់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho បន្ទាប់ពីក្រុមបិសាចក្រហមបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ ។ នៅក្នុងការប្រកួតសប្តាហ៍ទី៣០ នៃលីគកំពូលអង់គ្លេសរដូវកាល ២០២៤-២៥ ក្រុម Man UTD បានរាជ័យយ៉ាងអាមាសក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះ គឺរកបានដោយអតីកីឡាករ Man UTD Anthony Elanga នៅនាទីទី ៥។ បន្ទាប់ពីការប្រកួតបានបញ្ចប់ Alejandro Garnacho បានក្លាយជាគោលដៅនៃការរិះគន់ធំរបស់អ្នកគាំទ្រ Man UTD ក្រោយរូបគេបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះ។ ក្នុងនោះ តាមរយៈស្ថិតិលេងពេញ ៩០ នាទី កីឡាករសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំ មិនបានស៊ុតចំគោលដៅសូម្បីមួយជើង ក្នុងចំណោមការស៊ុត៦លើក ហើយអ្វីដែលកាន់តែស្តាយថែមទៀត គឺរូបគេមានឱកាសស៊ុតនៅមុខទី ១ លើក ប៉ុន្តែបែរជាស៊ុតមិនចូលទៅវិញ។ ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្រ Man UTD បាននាំគ្នាបង្ហោះសារនៅបណ្តាញសង្គម X ដោយពួកគេមិនចង់ឃើញ Alejandro Garnacho ពាក់អាវរបស់ Man UTD បន្តទៀតទេ និងចង់អោយក្លិបសម្រេចលក់រូបគេចេញតែម្តង។ ឆ្លងកាត់ការបង្ហាញខ្លួន ៤៦ប្រកួត គ្រប់កម្មវិធីទាំងអស់សម្រាប់ Man UTD នៅរដូវកាលនេះ Alejandro Garnacho បានស៊ុតបញ្ចូលទីតែ៩គ្រាប់ និង ចែកបាល់សម្រេចទី ៨ដង ដែលកំណត់ត្រានេះ បានធ្វើអោយអ្នកគាំទ្រកាន់តែបង្ហាញការមិនពេញចិត្តចំពោះរូបគេ។ ដោយមើលឃើញពីទម្រង់លេងមិនល្អរបស់ Garnacho ពេញមួយរដូវកាល ពាក្យចចាមអារ៉ាមបានចាប់ផ្តើមកើនឡើងថា រូបគេអាចត្រូវបានលក់ចេញដោយ Man UTD នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅរដូវក្តៅ។ Alejandro Garnacho ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Chelsea និង ក្រុមនៅ Serie A Napoli ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ ប៉ុន្តែដោយ Marcus Rashford និង Antony បានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង គ្រូបង្វឹក លោក Ruben Amorim បានសម្រេចចិត្តរក្សា Garnacho រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ៕
6 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport