List News
លោក Pep Guardiola សរសើរខ្សែបម្រើ Jack Grealish ក្រោយជួយស៊ុតអោយ Man City យកឈ្នះ Leicester City យប់មិញ
គ្រូបង្វឹកលោក Pep Guardiola បានធ្វើការលើកសរសើរដល់ខ្សែបម្រើ Jack Grealish ក្រោយពីរូបគេបានជួយស៊ុតបញ្ចូលទីអោយ Man City យកឈ្នះ Leicester City នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះ Man City បានយកឈ្នះតាំងពីនាទី២ ដោយ Jack Grealish ជាអ្នកស៊ុតបើកឆាក។ នេះជាគ្រាប់បាល់នៅ Premier League ដំបូងរបស់កីឡាករវ័យ២៩ឆ្នាំក្រោយខ្សត់គ្រាប់បាល់ជិត១៦ខែមកហើយ។ នាទី២៩ Omar Marmoush ក៏បានរកគ្រាប់បាល់ទី២សម្រាប់ Man City មុនចប់វគ្គទី១។ សម្រាប់ការប្រកួតវគ្គទី២វិញមិនមានគ្រាប់បាល់បញ្ចូលទីទេ គឺលទ្ធផល Man City ២ Leicester City ០ បន្តដល់ចប់ការប្រកួត។ ជាមួយការរកបានគ្រាប់បាល់ឡើងវិញរបស់ Jack Grealish បានធ្វើអោយគ្រូបង្វឹក Man City លោក Pep Guardiola មានការពេញចិត្ត និងថាគេចាប់ផ្តើមរកឃើញទម្រង់លេងល្អមកវិញ។ លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ Jack Grealish ជាកីឡាករដែលមិនគួរអោយជឿចំពោះកាយវិការរបស់គេ។ គេមានចិត្តទូលាយនិងស៊ុតបាល់បញ្ចូលទី បង្កើតការប្រកួតបានល្អ។ នេះគឺជាបុរសម្នាក់ដែលធ្លាប់លេងដោយសេរី ហើយមានសមត្ថភាពក្នុងការគ្រប់គ្រងបាល់ និងចែកបាល់។ ខ្ញុំសប្បាយចិត្តសម្រាប់គេ។” សម្រាប់ជ័យជំនះនេះបានធ្វើអោយ Man City ឡើងមកឈរលេខ៤ ក្នុងតារាងពិន្ទុ Premier League ដោយមាន ៥១ពិន្ទុ ពីលើក្រុមលេខ៥ Newcastle United ១ពិន្ទុ។ រីឯ Leicester City កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយឈរលេង១៩ ក្នុងតំបន់កាន់ចោល មាន១៧ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិតភាព ១២ពិន្ទុ៕
6 months ago
គ្រូ Real Madrid ចូលផ្តល់សក្ខីកម្មនៅតុលាការរឿងក្តីក្លែងបន្លំពន្ធ
លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានបង្ហាញខ្លួននៅតុលាការ សម្រាប់ដំណើរការថ្ងៃដំបូងនៃការកាត់ក្តីដែល លោកត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធចំនួន ១ លានអឺរ៉ូ លើប្រាក់ចំណូលពីសិទ្ធិរូបភាពក្នុងអំឡុងពេលការដឹកនាំដំបូងជាមួយក្រុមអធិរាជស។ បុរសជនជាតិអ៊ីតាលី បុគ្គលល្បីឈ្មោះក្នុងវិស័យបាល់ទាត់ចុងក្រោយបង្អស់ដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរពន្ធដា អេស្ប៉ាញពីបទក្លែងបន្លំពន្ធ។ រឿងពន្ធដា សម្រាប់បាល់ទាត់នៅអេស្ប៉ាញ គឺជាបញ្ហាស្មុគស្មាញមួយ ដោយក្នុងនោះមានករណីជាច្រើនបានកើតឡើង ដែលរួមមានដូចជា អតីតខ្សែប្រយុទ្ធ Real Madrid Cristiano Ronaldo និង Diego Costa របស់ Atlético Madrid ក៏ធ្លាប់ត្រូវបានជាប់ពាក់ព័ន្ធ ហើយរងការពិន័យយ៉ាងច្រើន។ សម្រាប់ករណីរបស់លោក Carlo Ancelotti ព្រះរាជអាជ្ញាកំពុងស្វែងរកការដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ និងពិន័យជាប្រាក់ចំនួន ៣,២ លានអឺរ៉ូសម្រាប់ការគេចមិនបង់ពន្ធចំនួន២ដង ក្នុងឆ្នាំ ២០១៤ និង ២០១៥។ លោក Ancelotti ត្រូវបានចោទប្រកាន់ថា លោកបានរាយការណ៍តែប្រាក់ឈ្នួលដែលលោកត្រូវបានបង់ដោយ Real Madrid ហើយមិនបានរាយការណ៍ប្រាក់ចំណូលពីសិទ្ធិរូបភាពរបស់លោកនៅក្នុងការប្រកាសពន្ធ។ ទោះកំពុងជួបការចោទប្រកាន់បែបនេះក្តី តែបុរស វ័យ៦៥ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមានទំនុកចិត្តទាំងស្រុងលើប្រព័ន្ធយុត្តិធម៌អេស្ប៉ាញ ហើយថាលោកកំពុងទន្ទឹងរង់ចាំការផ្តល់សក្ខីកម្មនៅក្នុងតុលាការ។ មុនពេលសវនាការ ព្រះរាជអាជ្ញាបាននិយាយថា អាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញបានរឹបអូសបំណុល បូកនឹងការប្រាក់ពីលោក Ancelotti ។ ការកាត់ក្តីនេះគ្រោងនឹងធ្វើឡើងនៅក្នុងតុលាការទីក្រុង Madrid តែភាគីពាក់ព័ន្ធអាចឈានដល់កិច្ចព្រមព្រៀងក្រៅតុលាការ មុនពេលសវនាការចាប់ផ្តើម ឬនៅចំណុចណាមួយក្នុងដំណើរការនៃការកាត់ក្តី។ លោក Carlo Ancelotti បានត្រលប់មក Real Madrid វិញសម្រាប់តំណែងជាគ្រូបង្វឹកទី២ក្នុងឆ្នាំ ២០២១ បន្ទាប់ពីធ្លាប់ដឹកនាំដំបូងក្នុងឆ្នាំ ២០១៣-១៤។ រូបលោកបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៥ដង ក្នុងនាមជាគ្រូបង្វឹក, ដោយក្នុងនោះឈ្នះ ២ដងជាមួយ AC Milan និង៣ដងទៀត ជាមួយ Real Madrid ៕
6 months ago
ខ្សែប្រយុទ្ធ Antony បង្ហើបថា មិនចង់វិលត្រឡប់ទៅ Man UTD វិញទេ
្រពភពីសារពត៌មាន The Mirror អោយដឹងថា ខ្សែប្រយុទ្ធ Antony បានបង្ហើបអំពីបំណងមិនចង់វិលត្រលប់ទៅកាន់ Man UTD វិញ បន្ទាប់ពីចប់ភារកិច្ចខ្ចីជើងនៅ Real Betis ដោយរូបគេបង្ហាញអំពីជីវិតដ៏រីករាយរបស់ខ្លួននៅលើទឹកដីអេស្ប៉ាញ។ Antony បានបាត់ប្រជាប្រិយនៅ Man UTD បើទោះបីជារូបគេបានផ្លាស់ទៅក្លិបនៅលីគកំពូលអង់គ្លេស ក្នុងតម្លៃខ្លួនថ្លៃរហូតដល់ ៩៩លានដុល្លារ ពី Ajax Amsterdam ក្នុងខែសីហា ឆ្នាំ ២០២២។ ធ្លាក់ទម្រង់លេងតាំងពីក្រោមការដឹកនាំរបស់លោក Erik ten Hag នារដូវកាលមុន បានធ្វើអោយរូបគេ រងការរិះគន់ខ្លាំងពីអ្នកគាំទ្រ។ យ៉ាងណា កីឡាករប្រេស៊ីល រកឃើញភាពភ្លឺស្វាងឡើងវិញ នៅក្នុងការប្រកួតនៅក្របខណ្ឌ La Liga បន្ទាប់ពីបានផ្ទេរចេញពី Man UTD ក្រោមលក្ខខណ្ឌខ្ចីជើងទៅក្លិប Real Betis អំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល។ Antony បានបង្ហាញអារម្មណ៍គោរពដល់ Man UTD នឹងមិនមានការខឹងសម្បា គុំគួនអ្វីទេ ប៉ុន្តែបាននិយាយថា រូបគេ និងគ្រួសារ សប្បាយចិត្តនឹងការរស់នៅប្រទេសអេស្ប៉ាញជាង បើប្រៀបធៀបនឹងការរស់នៅ Manchester។ ការបង្ហាញទំរង់លេចធ្លោនៅ Real Betis នឹងធ្វើអោយតម្លៃខ្លួនរបស់គេកើនឡើងសារជាថ្មី។ កីឡាករវ័យ ២៤ឆ្នាំ រំពឹងថា រូបគេនឹងបន្តបង្ហាញទម្រង់លេង ល្អនៅទឹកដីអេស្ប៉ាញ រហូតចប់រដូវកាល។ យ៉ាងណា នៅរដូវកាលក្រោយគេនឹងត្រូវវិលត្រឡប់ទៅកាន់អង់គ្លេសវិញ ដែលជាទីកន្លែងធ្វើអោយរូបគេជាប់គាំងសមត្ថភាព ព្រោះតែលក្ខខណ្ឌខ្ចីជើង គ្មានជម្រើសទិញដាច់នោះឡើយ។ គ្រូបង្វឹក Man UTD បច្ចុប្បន្ន លោក Ruben Amorim ហាក់ស្ទាក់ស្ទើរក្នុងការនាំយក Antony ទៅរួមក្រុមវិញ ដោយលោកគិតថា កាយសម្បទារបស់គេមិនទាន់ល្អគ្រប់គ្រាន់ ប៉ុន្តែត្រូវបានច្រានចោលដោយភ្នាក់ងាររបស់ Antony។ បច្ចុប្បន្នការចាកចេញពី Old Trafford ជាចិន្ត្រៃយ៍ទំនងជាមានភាគរយខ្ពស់ ខណៈមានក្លិបធំៗ ជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់ Antony ផងដែរ៕
6 months ago
លោក Andoni Iraola ថា ពេញចិត្តការដឹកនាំនៅ Bournemouth ជាជាងការផ្លាស់ទៅ Tottenham Hotspur
គ្រូបង្វឹកលោក Andoni Iraola បាននិយាយថា រូបលោកពេញចិត្ត និង សប្បាយរីករាយជាមួយការដឹកនាំនៅ Bournemouth ជាជាងការផ្លាស់ទៅកាន់តំណែងនៅ Tottenham Hotspur។ ជាការពិត បុរស វ័យ ៤២ឆ្នាំ គឺជាបេក្ខភាពលេចធ្លោមួយរូប ដែលត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅដឹកនាំ Tottenham Hotspur ជំនួសលោក Ange Postecoglou ។ លោកAnge Postecoglou កំពុងស្ថិតក្នុងសម្ពាធយ៉ាងខ្លាំងជាមួយ Tottenham Hotspur នៅរដូវកាលនេះ ក្រោយដឹកនាំក្រុមមិនទទួលលទ្ធផលល្អ។ អ្នកគាំទ្រក្រុមមាន់ខ្នាយមាសមានការខកចិត្តជាមួយលោក Ange Postecoglou ហើយរបាយការណ៍ចុងក្រោយអោយដឹងថា ក្រុមប្រឹក្សារបស់ក្លិប បានចាប់ផ្តើមពិចារណា ពីការងាររបស់គ្រូបង្វឹកជនជាតិអូស្រ្តាលី រួមទាំងរំពឹងរកមើលជម្រើសគ្រូបង្វឹកថ្មីផងដែរ ហើយលោក Andoni Iraola គ្រូបង្វឹករបស់ Bournemouth មួយដែល Tottenham Hotspur កំពុងតាមដាន។ បែបនេះក្តី លោក Andoni Iraola ហាក់បង្ហាញចេតនាមិនចង់ចាកចេញពី Bournemouth ជាក្រុមដែលលោកកំពុងដឹកនាំនាពេលបច្ចុប្បន្នទេ និងចង់ជួយក្រុមសម្រេចសមិទ្ធផល លេចធ្លោណាមួយសិន។ ប្រភពពីសារពត៌មាន Daily Mail បានសម្រង់សម្តីរបស់លោក Andoni Iraola អំពីការងារជាមួយ Bournemouth យ៉ាងដូច្នេះថា “ ខ្ញុំចង់ធ្វើការងាររបស់ខ្ញុំអោយអស់ពីសមត្ថភាព។ ខ្ញុំមិនដឹងថាតើយើងអាចទៅបានដល់កម្រិតណាទេ តើយើងនឹងបញ្ចប់នៅទីណានោះទេ ប៉ុន្តែចង់បានភាពល្អប្រសើរជាមួយ Bournemouth ។ យ៉ាងណា ពេលនេះ ខ្ញុំពិតជារីករាយជាមួយ Bournemouth ហើយយើងកំពុងព្យាយាមអភិវឌ្ឈន៍ខ្លួន ទៅជាក្រុមដ៏ល្អមួយ។ ខ្ញុំចង់នៅទីនេះជាជាងការទៅដឹកនាំក្រុមដទៃទៀត។” លោក Iraola បានបង្ហាញពីការផ្លាស់ប្តូរដ៏គួរអោយចាប់អារម្មណ៍នៅឯ Bournemouth ចាប់តាំងពីបានចូលរួមជាមួយក្លិបនៅដើមរដូវកាលមុន។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងជាមួយ Bournemouth មានន័យថា Tottenham Hotspur នឹងត្រូវបង់ប្រាក់ ១០ លានផោន ប្រសិនបើពួកគេចង់បានរូបលោកទៅដឹកនាំ៕
6 months ago
RB Leipzig បណ្តេញគ្រូបង្វឹកលោក Marco Rose ចេញពីតំណែង
RB Leipzig បានប្រកាសថា ពួកគេបានបណ្តេញលោក Marco Rose ចេញពីតំណែងគ្រូបង្វឹកហើយ។ ការឈានដល់ការបណ្តេញបុរសជនជាតិអាល្លឺម៉ង់ វ័យ៤៨ឆ្នាំ គឺបន្ទាប់ពី RB Leipzig បានរងបរាជ័យក្រោមថ្វីជើង នៅទឹកដីរបស់ Borussia Mönchengladbach ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Bundesliga កាលពីចុងសប្តាហ៍កន្លងទៅ។ តំណែងរបស់លោក Marco Rose បានឡើងកម្តៅមួយរយៈមកហើយ ហើយការបរាជ័យក្រោមថ្វីជើងរបស់អតីតក្រុមដែលលោកដឹកនាំ បានកំណត់វាសនារបស់លោក ជាមួយនឹង RB Leipzig បញ្ចប់ត្រឹមនេះ។ ជំនួយការរបស់លោក Marco Rose ដែលមានដូចជា លោក Alexander Zickler, Marco Kurth, Frank Geideck, និង Frank Aehlig ក៏ត្រូវបានបញ្ចប់តំណែងនៅ RB Leipzig ដែរ។ លោក Marco Rose បានចូលដឹកនាំ RB Leipzig កាលពីខែកញ្ញា ឆ្នាំ២០២២ ដោយបានជួយក្រុម ឈ្នះពាន DFB-Pokal និង DFL-Supercup កាលពីឆ្នាំ២០២៤។ យ៉ាងណា ក្រោយជួយក្រុមឈ្នះពានរង្វាន់ទាំង២នេះរួចមក លោក Marco Rose បានដឹកនាំ RB Leipzig ធ្លាក់ទម្រង់លេងចុះទន់ខ្សោយ មិនអាចឈានដល់កម្រិតដែលក្លិបចង់បាន។ RB Leipzig បច្ចុប្បន្ន កំពុងឈរលេខ៦ ក្នុងតារាងពិន្ទុ Bundesliga ដោយ មាន ៤២ពិន្ទុ។ ការប្រកួតជាបន្តរបស់ពួកគេគឺត្រូវប៉ះ TSG Hoffenheim នៅថ្ងៃទី ៥ ខែមេសា ខាងមុខ៕
6 months ago
ប្រធានក្លិប Real Madrid ផ្តល់ប្រាក់រង្វាន់ខ្ពស់ដល់កីឡាករក្រោយឈ្នះ Atlético Madrid នៅ UEFA Champions League
ក្រោយទម្លាក់ Atlético Madrid បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ កីឡាករទាំងអស់របស់ Real Madrid ត្រូវបានទម្លាយថាទទួលបានប្រាក់រង្វាន់ម្នាក់ ២៥ម៉ឺនអឺរ៉ូពីប្រធានក្លិបលោក Florentino Pérez ។ Real Madrid យកឈ្នះ Atlético Madrid នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តាមរយៈការទាត់បាល់១១ម៉ែត្រកាត់សេចក្តីដោយលទ្ធផល ៤-២ ក្រោយសរុបលទ្ធផលទាំង២ជើងស្នើគ្នា ២-២។ ក្រុមរបស់លោក Carlo Ancelotti បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុម Arsenal ដោយធ្វើការប្រកួត២ជើងនា ខែមេសា។ យ៉ាងណាមិញ យោងតាមសារពត៌មាននានានៅអេស្ប៉ាញ បានទម្លាយថា ប្រធានក្លិប Real Madrid លោក Florentino Pérez បានផ្តល់ជូនកីឡាករ ទាំងអស់ជាមួយប្រាក់រង្វាន់ម្នាក់២៥ម៉ឺនអឺរ៉ូ ក្រោយទម្លាក់ Atlético Madrid ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League រដូវកាល ២០២៤-២៥។ នេះជារឿងពិសេសមួយ ដោយជាធម្មតាការផ្តល់ប្រាក់រង្វាន់លុះត្រាតែក្រុមឈ្នះពានរង្វាន់ណាមួយតែប៉ុណ្ណោះ៕
6 months ago
West Ham United រងការចោទប្រកាន់ពី FA ដោយសារបញ្ហាអ្នកគាំទ្រ
ក្រុម West Ham United ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ ជុំវិញការស្រែកជេរប្រមាថចេញពីអ្នកគាំទ្ររបស់ពួកគេទៅលើអ្នកគាំទ្រក្រុមគូប្រជែង អំឡុងពេលនៃការប្រកួតក្របខណ្ឌ Premier League ដែលចាញ់ក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល ២-១ កាលពីដើមកុម្ភៈ។ FA បាននិយាយថា ក្រុមញញួរយក្សត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងការគ្រប់គ្រងអ្នកគាំទ្ររបស់ពួកគេ។ ជុំវិញរឿងនេះ FA បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ “ក្លិបបានបរាជ័យក្នុងការធានាថាអ្នកគាំទ្ររបស់ពួកគេមិនមានអាកប្បកិរិយាមិនសមរម្យ ប្រមាថមើលងាយ ដោយយោងទៅលើនិន្នាការផ្លូវភេទ។” ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតទល់នឹង ក្រុម Chelsea បានបញ្ចប់នោះ ក្រុម West Ham United បានចេញសេចក្តីថ្លែងការណ៍ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការស្រែកច្រៀងបែបរើសអើង និងប្រមាថមើលងាយការស្រឡាញ់ភេទដូចគ្នា ដែលចម្រៀងនោះមានគោលបំណងសំដៅទៅលើអ្នកគាំទ្ររបស់ក្រុមគូប្រជែង។ West Ham United បានបន្ថែមថា “ការច្រៀងនេះគឺមិនអាចទទួលយកបានទាំងស្រុង ហើយវាមិនត្រូវអោយមានសកម្មភាពបែបនេះនៅក្នុងបាល់ទាត់ ឬកន្លែងណាផ្សេងទៀតទេ ហើយ វាជាបទល្មើសព្រហ្មទណ្ឌ។” សម្រាប់ការចោទប្រកាន់ពី FA នេះដែរ ខាងក្រុម West Ham United នៅមានពេលរហូតដល់ថ្ងៃ ទី ១ ខែមេសា ដើម្បីឆ្លើយតបទៅវិញ ៕
6 months ago
ខ្សែបម្រើ Bukayo Saka អាចមានវត្តមានក្នុងជំនួប Arsenal ទល់នឹង Fulham
ខ្សែបម្រើស្លាប Bukayo Saka របស់ ក្រុម Arsenal អាចនឹងមានឈ្មោះក្នុងក្រុមដើម្បីជួបជាមួយក្រុម Fulham ក្នុងការប្រកួតក្របខណ្ឌ Premier League នៅសប្តាហ៍ក្រោយ។ កីឡាករអន្តរជាតិអង់គ្លេស បានទទួលរងរបួសសរសៃពួរក្នុងការប្រកួតដែល Arsenal យកឈ្នះ Crystal Palace ដោយលទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងខែធ្នូកន្លងទៅ ដែលរបួសនោះតម្រូវអោយរូបគេត្រូវធ្វើការវះកាត់ព្យាបាល និងបានខកខានការប្រកួតតាំងពីពេលនោះមក។ Bukayo Saka ត្រូវរំពឹងថា នឹងអាចត្រឡប់មកទីលានវិញនៅខែមីនាតាមការគ្រោងទុក ហើយឥឡូវនេះ រូបគេបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពជាសះស្បើយ បន្ទាប់ពីបានត្រលប់មកកាន់ការហ្វឹកហាត់ ពង្រឹងសមត្ថភាពឡើងវិញ។ បើមិនមានបញ្ហាបន្ថែមទេ កីឡាករវ័យ ២៣ឆ្នាំ គួរតែអាចមានវត្តមានជាមួយមិត្តរួមក្រុម Arsenal ដទៃទៀតដើម្បីជួបប្រកួតទល់នឹងក្រុម Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ក្នុងខែមេសាខាងមុខ។ កាលពីសប្តាហ៍មុន BBC Sport បានបង្ហាញថា Arsenal គ្រោងនឹងបើកការពិភាក្សាកិច្ចសន្យាជាផ្លូវការជាមួយ Bukayo Saka ដែលកំពុងឈានចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ។ ដោយឡែក ក្រុម Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខ២ នៃតារាងពិន្ទុក្របខណ្ឌ Premier League មាន៥៨ពិន្ទុ ក្រោយឆ្លងកាត់ ២៩ប្រកួត។ ពួកគេ ហាក់នៅឃ្លាតឆ្ងាយ ក្នុងការប្រជែងតំណែងជើងឯកលីគកំពូលអង់គ្លេស ដោយមានគម្លាតដល់ទៅ១២ពិន្ទុពេញ ពីក្រុមកំពូលតារាង Liverpool។ ក្រោយការសម្រាកអន្តរជាតិ ក្រុម Arsenal នឹងវិលមកកាន់ការប្រកួត Premier League ដោយត្រូវប៉ះក្រុម Fulham នៅថ្ងៃទី១ ខែមេសា នាកីឡដ្ឋាន Emirates Stadium ៕
6 months ago
Premier League នឹងបើកអោយមានទីផ្សារដោះដូរកីឡាករ២ដងនៅរដូវក្តៅនេះ
ស្ថាប័ន Premier League បានប្រកាសថា ពួកគេនឹងបើកអោយមានទីផ្សារដោះដូរកីឡាករចំនួន២ដងនៅរដូវក្តៅនេះ ដើម្បីអនុញ្ញាតអោយ Man City និង Chelsea អាចចុះហត្ថលេខាលើកីឡាករមុនការប្រកួត FIFA Club World Cup 2025។ ទីផ្សារដោះដូរកីឡាកររដូវក្តៅលើកទី១ នឹងបើកនៅចន្លោះថ្ងៃទី១ខែមិថុនា និងថ្ងៃទី ១០ខែមិថុនា បន្ទាប់មកបិទរយៈពេល ៥ថ្ងៃ មុនពេលដំណើរការម្តងទៀតចាប់ពីថ្ងៃទី ១៦ ខែមិថុនា រហូតដល់ថ្ងៃទី ១ខែកញ្ញា។ ទីផ្សាររដូវក្តៅនេះមានលក្ខណៈពិសេសដោយសារ FIFA Club World Cup 2025 បានបង្កើនចំនួនក្រុមប្រកួតជាលើកដំបូងដល់៣២ក្រុម។ ជាការពិត Man City និង Chelsea ជាក្លិបតែ២គត់ នៅក្របខណ្ឌ Premier League ដែលនឹងទៅចូលរួម FIFA Club World Cup 2025 ដែលធ្វើឡើងនៅទឹកដីអាមេរិក។ ជាមួយនឹងទម្រង់នៃការប្រកួត Club World Cup ថ្មី ខាងស្ថាប័ន FIFA បានអនុញ្ញាតអោយកីឡាករថ្មីចុះឈ្មោះសម្រាប់ការប្រកួត ចាប់ពីថ្ងៃទី ១-១០ ខែមិថុនា ហើយម្តងទៀតចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា សម្រាប់វគ្គជម្រុះ។ សម្រាប់មូលហេតុនៃការអនុញ្ញាតអោយក្រុមអាចចុះឈ្មោះកីឡាករថ្មីបាន ព្រោះវានឹងនាំមកនូវសណ្តាប់ធ្នាប់ដល់ប្រព័ន្ធចុះឈ្មោះកីឡាករជាសកល តែស្ថាប័ន FIFA នឹងអោយទីផ្សារនៅក្នុងប្រទេសនីមួយៗបើកសម្រាប់រយៈពេល ១៦ សប្តាហ៍ ក្នុងប្រតិទិនប្រកួត ។ នៅតំបន់អ៊ឺរ៉ុប ទីផ្សារដោះដូរកីឡាកររដូវរងា មានតែ៤សប្តាហ៍ តែវាមាន១២សប្តាហ៍សម្រាប់ទីផ្សាររដូវក្តៅ។ នៅឆ្នាំ ២០២៤ ទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ Premier League បានបើកនៅថ្ងៃទី ១៤ ខែមិថុនា និងបិទនៅថ្ងៃទី ៣០ ខែសីហា។ យ៉ាងណា នៅក្នុងខែតុលា FIFA បានអនុម័តរយៈពេលបន្ថែមចាប់ពីថ្ងៃទី ១-១០ ខែមិថុនាដែលនឹងអនុញ្ញាតអោយក្លិបចំនួន ៣២ ដែលប្រកួតប្រជែងក្នុង Club World Cup ចុះឈ្មោះកីឡាករថ្មីមុនពេលការប្រកួត។ ក៏ដូចជា Man City និង Chelsea, ក្លិប Real Madrid, Atletico Madrid, Inter Milan, Juventus, Paris St-Germain, Bayern Munich, Borussia Dortmund និង Al-Hilal របស់អារ៉ាប៊ីសាអូឌីត គឺស្ថិតក្នុងចំណោមក្លិបជើងខ្លាំង ផ្សេងទៀតដែលលេងក្នុងការប្រកួតនេះ។ ដូច្នេះដើម្បីធានាថា Man City និង Chelsea មិនចាញ់ប្រៀប ក្លិបកំពូលទាំង ១៨ ផ្សេងទៀត ស្ថាប័ន Premier League បានអនុម័តការបើកទីផ្សារនេះ។ ទោះយ៉ាងណា ក្របខណ្ឌ Premier League ក៏ចង់អោយពេលវេលាស្របគ្នាទៅនឹងលីគធំៗនៅអឺរ៉ុបផ្សេងទៀត នៅពេលដែលទីផ្សាររដូវក្តៅបិទដែរ ដោយលីគទាំងនោះចូលចិត្តបិទទីផ្សារ នៅចុងខែសីហា៕
6 months ago
ក្រោយឈ្នះ Osasuna គ្រូ Barcelona ថា ក្រុមខ្លួននៅតែលេងបានល្អ ទោះអវត្តមានកីឡាករមួយចំនួន
លោក Hansi Flickគ្រូបង្វឹក Barcelona បានបង្ហាញការពេញចិត្តទៅលើការលេងរបស់កូនក្រុមខ្លួន ក្រោយពីពួកគេបានបន្តឈ្នះការប្រកួតលើ Osasuna ក្នុងជំនួបក្របខណ្ឌ La Liga។ ការប្រកួតនេះ ជាការប្រកួតសាជាថ្មី រវាងក្រុមទាំង២ បន្ទាប់ពីការប្រកួតលើកមុន កាលពីថ្ងៃទី៨ខែមីនា ត្រូវបានផ្អាកដោយសារ បុគ្គលិកពេទ្យរបស់ក្រមអ្នកមានបុណ្យ លោក Carles Minarro Garcia បានទទួលមរណភាព ។ សម្រាប់ការប្រកាសកាលបរិច្ឆេទការប្រកួតថ្មីនេះដែរ ខាងក្រុម Barcelona មិនមានការពេញចិត្តនោះទេ ដោយពួកគេនឹងត្រូវអវត្តមានកីឡាករសំខាន់២រូបគឺ Raphinha និង Ronald Araujo ដែលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងខ្លួនក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL។ យ៉ាងណា ចុងក្រោយ ពួកគេបានសម្រេច ទទួលយកការប្រកាសពីសំណាក់ ស្ថាប័ន La Liga។ ទោះអវត្តមានកីឡាករមួយចំនួនតែ Barcelona នៅតែធ្វើបានល្អ ដោយនាំមុខ២គ្រាប់តាំងពីវគ្គទី១ ដោយ Ferran Torres នៅនាទី ១១ និង Dani Olmo នៅនាទី២១។ នៅក្នុងវគ្គទី២ Barcelona ក៏រកបាន១គ្រាប់ទៀត ដោយ Robert Lewandowski រកបាននៅនាទី៧៧ ។ សម្រាប់ក្រុម Osasuna វិញ មិនមានឱកាសស៊ុតគ្រាប់បាល់នោះទេ។ លទ្ធផល Barcelona ៣ Osasuna ០ ក៏រក្សាដល់ចប់ការប្រកួត។ អវត្តមានកីឡាករសំខាន់តែក្រុមនៅតែទទួលបានលទ្ធផលល្អបែបនេះ ធ្វើអោយលោក Hansi Flick មានភាពរីករាយនឹងកោតសរសើរការលេងកីឡាកររបស់ខ្លួន។ លោក Hansi Flick បានអោយដឹងដូច្នេះ “ ខ្ញុំគិតថាថ្ងៃនេះយើងធ្វើបានល្អបំផុតអំពីស្ថានភាពដែលយើងមាន ដូច្នេះហើយ ខ្ញុំបាននិយាយហើយថា វាមិនមែនជាកាលបរិច្ឆេទត្រឹមត្រូវសម្រាប់ការលេងការប្រកួតនេះ តែយើងនៅតែធ្វើបានល្អ និងមានបីពិន្ទុបន្ថែមទៀត។” ទោះយ៉ាងណា ក្រៅពីការទទួលបានជ័យជំនះនេះ លោក Hansi Flick ក៏នៅតែមានការសោកស្តាយ ដោយកីឡាករសំខាន់មួយរូបគឺ Dani Olmo បានរងរបួស ហើយលោកសង្ឃឹមថា របួសនោះនឹងមិនធ្ងន់ធ្ងរ សម្រាប់ការប្រកួតសំខាន់ UEFA Champions League ទល់នឹង Borussia Dortmund នាខែមេសាខាងមុខនេះ។ ដោយឡែក សម្រាប់ជ័យជំនះនេះបានធ្វើអោយ Barcelona នៅតែឈរកំពូលតារាង La Liga ដដែល ដោយមាន ៦៣ពិន្ទុ ពីលើក្រុមលេខ២ Real Madrid ។ រីឯក្រុម Osasuna នៅលេខ៤ មាន៣៣ពិន្ទុ៕
6 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport