List News
UEFA បើកការស៊ើបអង្កេតកីឡាករ Real Madrid ៤រូបទាក់ទិនរឿងប្រើកាយវិការអបអរមិនសមរម្យ
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានបើកការស៊ើបអង្កេតទៅលើកីឡាករ Real Madrid ចំនួន ៤រូបទាក់ទិនរឿងប្រើកាយវិការអបអរមិនសមរម្យអំឡុងការប្រកួតទល់នឹង Atletico Madrid នៅវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League កាលពីពេលកន្លងទៅ។ កីឡាករទាំង៤រូបនោះរួមមាន Antonio Rudiger, Kylian Mbappe, Vinicius Junior និង Dani Ceballos ដោយពួកគេបានប្រើកាយវិការអបអរគ្រាប់បាល់បញ្ចូលទី ដោយមិនមានភាពសមរម្យទៅកាន់អ្នកគាំទ្រ ក្រុមម្ចាស់ផ្ទះ Atlético Madrid ពេលពួកគេបានស៊ុតបញ្ចូលទីនៅវគ្គទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ បានសម្រេច។ ការឈានដល់ការទាត់បាល់កាត់សេចក្តី១១ម៉ែត្ររវាងក្រុមទាំង២ ដោយសារ Real Madrid បានឈ្នះដោយលទ្ធផល ១-០ កាលពីការប្រកួតជើងទី១ ហើយការប្រកួតជើងទី២ នាកីឡដ្ឋាន Riyadh Air Metropolitano រយៈពេល១២០នាទី ពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ ការទាត់បាល់កាត់សេចក្តី១១ម៉ែត្របញ្ចប់ដោយ Real Madrid ឈ្នះ Atlético Madrid ៤-២។ នៅក្នុងការអបអរ ខ្សែការពារ Antonio Rudiger បានបង្ហាញកាយវិការអបអរ ដោយយកមេដៃធ្វើចលនាកាត់បំពង់ក ទៅកាន់អ្នកគាំទ្រ Atletico Madrid ក្រោយរូបគេទាត់បាល់បានសម្រេច រីឯ Kylian Mbappe វិញ អបអរដោយប្រើកាយវិការចាប់ប្រដាប់ភេទខ្លួនឯង ខណៈកីឡាករ២រូបទៀតគឺ Vinicius Junior និង Dani Ceballos ក៏រួមចំណែកក្នុងការអបអរមិនសមរម្យនោះដែរ។ សារពត៌មាននៅអេស្ប៉ាញរាយការណ៍ថា Atletico Madrid បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ UEFA កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ UEFA បានសម្រេចធ្វើការស៊ើបអង្កេត ហើយ កីឡាករទាំង៤រូបអាចប្រឈមមុខនឹងការដាក់ពិន័យមិនអោយចូលរួមការប្រកួត។ យ៉ាងណា វានៅមិនទាន់ច្បាស់ទេថា បើសិនជាត្រូវរងការពិន័យនោះពួកគេនឹងមិនអោយចូលរួមការប្រកួតក្នុងវគ្គណានៃការប្រកួត UEFA Champions League នោះទេ ខណៈ Real Madrid បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ត្រូវជួប Arsenal ហើយការប្រកួតធ្វើឡើងចំនួន២ជើង នាខែមេសា ៕
6 months ago
Real Madrid ត្រៀមប្រកាសកិច្ចព្រមព្រៀងខ្សែការពារ Trent Alexander-Arnold រយៈពេល៥ឆ្នាំ
អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់អោយដឹងថាក្រុម Real Madrid ត្រៀមនឹងប្រកាសការចុះហត្ថលេខាផ្លូវការដល់ខ្សែការពារស្លាបស្តាំរបស់ក្រុម Liverpool គឺកីឡាករ ចចច ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ខណៈដែលសាមីខ្លួនមិនចង់ធ្វើការទាក់ទងជាមួយក្រុមផ្សេងទៀតនោះឡើយ។ ការផ្ទេរកីឡាករអង់គ្លេស វ័យ២៦ឆ្នាំ នឹងធ្វើឡើងដោយគ្មានតម្លៃខ្លួនតែម្ដង បន្ទាប់ពីរូបគេផុតកុងត្រានៅកីឡដ្ឋាន Anfield ក្រោយចប់រដូវកាលនេះ។ Trent Alexander-Arnold ចាប់ចិត្តចង់ទៅកាន់ទឹកដីអេស្ប៉ាញខ្លាំង ហើយរំពឹងថា នឹងបានចូលរួមជាមួយក្រុមរបស់លោក Carlo Ancelotti ដែលនឹងក្លាយទៅជាការចាប់ផ្តើមទំព័រថ្មីនៅក្នុងអាជីពរបស់គេ។ ទោះយ៉ាងណា ការផ្ទេរផ្លូវការមិនទាន់កើតឡើងនៅឡើយទេ ព្រោះគ្រប់យ៉ាងនៅរង់ចាំការជជែកបន្ថែមរវាង Liverpool និង សាមីកីឡាករ ដើម្បីបិទបញ្ចប់កុងត្រាសិន។ ក្នុងនោះដែរប្រភពពីអេស្ប៉ាញបានទម្លាយថា Real Madrid បានដាក់កិច្ចសន្យាមានរយៈពេល៥ឆ្នាំ អោយទៅ Alexander-Arnold និងបានទុកពេលអោយរូបគេធ្វើការងារដែលនៅសល់បញ្ចប់កិច្ចសន្យាជាមួយ ក្លិបចាស់របស់គេ ក្នុងការទទួលបានឱកាសទៅលេងនៅអេស្ប៉ាញ។ Alexander-Arnold បច្ចុប្បន្ននៅតែមានឱកាសលេងស្ទើរតែគ្រប់ការប្រកួតអោយ Liverpool ហើយក៏ធ្វើបានល្អដែរក្នុងរដូវកាលនេះ តែយ៉ាងណាគេនៅមិនទាន់ទទួលបានការប្រកាសការបន្តកុងត្រាថ្មីពី Liverpool នៅឡើយ ទោះជាកុងត្រាចាស់នឹងផុតនៅចុងរដូវកាលនេះក្តី។ បើតាមរបាយការណ៍ពី talkSPORT អោយដឹងថា បើសិនជាការផ្លាស់ទៅ Real Madrid ទទួលបានភាពជោគជ័យ នោះ Trent Alexander-Arnold នឹងទទួលបានប្រាក់ពលកម្មប្រមាណ ២២០,០០០ផោន ក្នុង១សប្តាហ៍ នៅកីឡដ្ឋាន Santiago Bernabéu៕
6 months ago
Liverpool រកឃើញបេក្ខភាពទុកជំនួស ខ្សែការពារ Trent Alexander-Arnold
ក្រុម Liverpool បានរកឃើញបេក្ខភាពខ្សែការពារស្លាបស្តាំមកជំនួស Trent Alexander Arnold ហើយ បន្ទាប់ពីកីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំកាន់តែកៀកក្នុងការផ្លាស់ទៅកាន់ Real Madrid នៅរដូវក្តៅខាងមុខ។ នៅដំណាច់រដូវកាល ២០២៤-២៥ នេះ Alexander Arnold ទំនងនឹងត្រូវចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវផុតកំណត់ ខណៈភាគីខាងកីឡាករ គឺមិនមានឆន្ទៈបន្តកិច្ចសន្យាថ្មីឡើយ។ ប្រភពពីសារពត៌មាន Team Talk បានធ្វើការចុះផ្សាយថា Alexander Arnold បានព្រមព្រៀងលក្ខខណ្ឌផ្លាស់ទៅកាន់ Real Madrid ហើយ បន្ទាប់ពីក្រុមយក្សអេស្ប៉ាញ បានដាក់សំណើនៃការចរចាផ្ទេរជាផ្លូវការមកដល់រូបគេ។ ងាកមកកាន់ Liverpool វិញ ពួកគេក៏បានត្រៀមផែនការ ដើម្បីចុះកុងត្រានាំយកកីឡាករថ្មី មកជំនួស Trent Alexander Arnold រួចរាល់ហើយដែរ។ ក្នុងនោះ Liverpool បានសម្លឹងឃើញខ្សែការពារស្លាបស្តាំរបស់ក្រុម Bayer Leverkusen កីឡាករ Jeremie Frimpong។ កីឡាករជនជាតិហូឡង់វ័យ២៤ឆ្នាំ គឺជាកីឡាករសំខាន់មួយរូបរបស់ Bayer Leverkusen ដែលបានរួមចំណែកជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Bundesliga រដូវកាលមុន។ ដោយមានល្បឿនលឿន និងសមត្ថភាពដណ្តើមយកបាល់ផងនោះ Frimpong ត្រូវបានដាក់អោយលេងជាខ្សែការពារស្លាបស្តាំសម្រាប់ Bayer Leverkusen នៅរដូវកាលនេះ។ មែនទែនទៅ Jeremie Frimpong ក៏ធ្លាប់ជាគោលដៅរបស់ Real Madrid ដែរ ហើយសាមីកីឡាករក៏មានក្តីស្រមៃចង់ទៅលេងអោយក្រុមអេស្ប៉ាញដូចគ្នា ប៉ុន្តែនៅពេលឱកាសនៃការផ្លាស់ទៅកាន់ កីឡដ្ឋាន Santiago Bernabéu ហាក់មិនអាចកើតឡើងនោះ ការផ្លាស់ទៅកាន់ Liverpool នឹងក្លាយជាជម្រើសល្អមួយដែរ សម្រាប់រូបគេ។ ប្រភពខាងដើមដដែលបានបន្ថែមថា ក្រៅពី Jeremie Frimpong គឺក្រុម Liverpool បាននឹងកំពុងចង់បានកីឡាករមួយចំនួនទៀតមកពង្រឹងក្រុម ស្របតាមការចង់បានរបស់គ្រូបង្វឹក លោក Arne Slot ដូចជា Alexander Isak របស់ Newcastle, Milos Kerkez របស់ Bournemouth និងខ្សែបម្រើការពារ Calos Baleba របស់ Brighton៕
6 months ago
Chelsea សម្លឹងឃើញអ្នកចាំទី Mike Maignan របស់ AC Milan មកដោះស្រាយបញ្ហាដែលកំពុងកើតមាន
ក្រុម Chelsea មិនទាន់អាចដោះស្រាយបញ្ហាអ្នកចាំទីរបស់ពួកគេបានទេ ទោះជាមានការចុះហត្ថលេខាជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្វីៗច្រើនទៀតអាចនឹងកើតមាននៅឆ្នាំ២០២៥ ដោយគោលដៅថ្មីត្រូវបានមើលឃើញ។ អ្នកចាំទី Robert Sanchez មានកំហុសច្រើន ខណៈពេលដែលអ្នកចាំទីបម្រុង Filip Jorgensen ដែលទើបតែបានចុះហត្ថលេខាពី Villarreal កាលពីរដូវក្តៅមុននោះ ក៏ពិបាកក្នុងការសម្របខ្លួននៅកីឡដ្ឋាន Stamford Bridge ដែរ។ ព្រោះតែរឿងនេះ Chelsea កំពុងពិចារណាលើការចូលខ្លួនក្នុងទីផ្សាររដូវក្តៅ ដើម្បីស្វែងរកអ្នកចាំទីថ្មីមកដោះស្រាយបញ្ហាដែលកំពុងកើតមាន។ តួយ៉ាង គោលដៅចុងក្រោយរបស់ពួកគេក៏បង្ហាញអោយឃើញដែរនោះគឺអ្នកចាំទី Mike Maignan របស់ក្រុម AC Milan។ ដូចដែលបានរាយការណ៍ដោយ TEAM Talk ក្រុម Chelsea កំពុងពិចារណាលើការផ្លាស់ប្តូររដូវក្តៅសម្រាប់ Mike Maignan ដែលជាវីរបុរសរបស់ក្រុមជម្រើសជាតិបារាំង ដោយបានការពារសំណាញ់ទីពីការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដែលបានជួយបារាំងឈ្នះក្រូអាតក្នុងការប្រកួតក្របខណ្ឌ UEFA Nations League ។ កីឡាករវ័យ ២៩ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះគេអាចនឹងបន្តអាជីពដ៏ភ្លឺស្វាងរបស់គេនៅក្របខណ្ឌ Premier League ។ Mike Maignan ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Man UTD នាពេលកន្លងមក បច្ចុប្បន្នគឺជាអ្នកចាំទីដៃទី១ ដ៏លេចធ្លោនៅ AC Milan ប៉ុន្តែបែបនេះក្តី វានៅតែមានឱកាសដែលក្រុមនៅក្របខណ្ឌ Serie A ដាក់លក់រូបគេស្វែងរកប្រាក់ចំណេញ។ នៅរដូវក្ដៅនេះ Mike Maignan អាចមានតម្លៃដល់ទៅ ៤០ លានអឺរ៉ូ ឯណោះ។ Mike Maignan នឹងក្លាយជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីបញ្ចប់បញ្ហាអ្នកចាំទីរបស់ Chelsea ហើយការផ្លាស់ប្តូរដ៏គួរអោយចាប់អារម្មណ៍អាចនឹងកើតឡើងនៅពេលខាងមុខ៕
6 months ago
ខ្សែបម្រើ Kevin De Bruyne ស្ថិតក្នុងគោលដៅផ្ទេររបស់ក្លិប River Plate
ខ្សែបម្រើ Kevin De Bruyne អាចនឹងបញ្ចប់ការស្នាក់នៅរបស់គេរយៈពេល ១០ ឆ្នាំនៅ Man City នារដូវក្តៅខាងមុខ ប៉ុន្តែរូបគេនៅតែស្ថិតក្នុងរ៉ាដារបស់ក្លិបនានា បើទោះបីជាមានការធ្លាក់ចុះកម្រិតនៃការលេងក្នុងរយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះក្តី។ កីឡាករបែលហ្ស៊ីក ត្រូវបានបង្ខំអោយកំណត់នាទីលេងសម្រាប់ Man City នៅរដូវកាលនេះ ក្រោយមានបញ្ហារបួសសរសៃពួរ ហើយលោក Pep Guardiola ក៏ពឹងផ្អែកលើកីឡាករផ្សេងទៀតដូចជា Phil Foden និងកីឡាករចំណូលថ្មី Omar Marmoush ។ យ៉ាងណា De Bruyne ត្រូវបានរំពឹងថានឹងដឹកនាំក្រុមរបស់លោក Pep Guardiola អោយមានភាពខ្លាំងក្លាឡើងវិញនៅរដូវកាល ២០២៥-២៦ ក្រោយមានការខកចិត្តនៅរដូវកាល ២០២៤-២៥។ ក្នុងប៉ុន្មានខែថ្មីៗនេះ De Bruyne ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបនានានៅ Major League Soccer និង Saudi Pro Leauge។ ឥឡូវនេះ មានក្លិបមួយនៅក្របខណ្ឌ Primera División របស់អាហ្សង់ទីន គឺ River Plate បានបង្ហើបអោយដឹងពីគម្រោងដ៏គួរអោយភ្ញាក់ផ្អើលគឺចង់ចូលរួមប្រជែងនាំយក Kevin De Bruyne ទៅចូលរួមជាមួយពួកគេដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ River Monumental អតីតវីរបុរសរបស់ River Plate លោក Carlos Morete ក៏បានជំរុញអោយក្លិបអាហ្សង់ទីននេះ ធ្វើការផ្លាស់ប្តូរសម្រាប់ De Bruyne នៅពេលដែលគេចាកចេញពី Man City។ លោក Carlos Morete អោយដឹងដូច្នេះថា “River Plate នឹងមានគម្រោងដ៏អស្ចារ្យជាមួយ De Bruyne។ ក្លិបអាចចំណាយ២០ លានដុល្លារ ដើម្បីនាំយករូបគេមក ហើយក្លិបនឹងអាច ដោះស្រាយបញ្ហាទាំងអស់បាន។” វានឹងក្លាយជារឿងគួរអោយចាប់អារម្មណ៍ក្នុងការមើលពីក្លិបដែល Kevin De Bruyne នឹងលេងជាមួយនៅចុងរដូវក្តៅនេះ។ រូបគេ ជាកីឡាករពោរពេញដោយទេព្យកោសល្យមួយរូប ប៉ុន្តែគេប្រហែលជានឹងមិនល្អគ្រប់គ្រាន់សម្រាប់ក្រុមមេឃខៀវទៀតទេ។ យ៉ាងណា នៅតែមានការរំពឹងទុកថា មានក្លិបជាច្រើនដែលនឹងចាំទទួលយក Kevin De Bruyne ហើយនឹងធ្វើអោយរូបគេ នៅតែជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបបានដដែល៕
6 months ago
គ្រូ Barcelona ថា ក្រុមខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតទោះកីឡាករមួយចំនួនអវត្តមាន
គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា ក្រុមខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតទល់នឹងក្រុមនានា ទោះកីឡាករមួយចំនួនអវត្តមានដោយសារត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរបស់ពួកគេក្តី។ ជាការពិត Barcelona នឹងត្រូវជួបប្រកួតជាមួយ Osasuna ក្នុងក្របខណ្ឌ La Liga ដែលធ្វើឡើង នាពាក់កណ្តាលសប្តាហ៍នេះ។ វាជាការប្រកួតសាជាថ្មី រវាងក្រុមទាំង២ បន្ទាប់ពីការប្រកួតលើកមុន កាលពីថ្ងៃទី៨ខែមីនា ត្រូវបានផ្អាក ដោយសារ បុគ្គលិកពេទ្យរបស់ក្រមអ្នកមានបុណ្យ លោក Carles Minarro Garcia បានទទួលមរណភាព ។ សម្រាប់ការប្រកាសកាលបរិច្ឆេទការប្រកួតថ្មីនេះដែរ ខាងក្រុម Barcelona មិនមានការពេញចិត្តនោះទេ ដោយពួកគេនឹងត្រូវអវត្តមានកីឡាករសំខាន់២រូបគឺ Raphinha និង Ronald Araujo ដែលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងខ្លួនក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាមេរិកខាងត្បូង CONMEBOL។ យ៉ាងណា ចុងក្រោយ ពួកគេបានសម្រេច ទទួលយកការប្រកាសពីសំណាក់ ស្ថាប័ន La Liga។ នៅក្នុងការត្រៀមខ្លួនចូលរួមការប្រកួត លោក Hansi Flick បានយល់ឃើញថា ក្រុមរ Barcelona បស់លោក នៅតែមានសមត្ថភាពគ្រប់គ្រាន់ ទោះជាអវត្តមានកីឡាករមួយចំនួន។ លោក Hansi Flick បានអោយដឹងដូច្នេះ “ ខ្ញុំគិតថាយើងជាក្រុមមានគុណភាពធំមួយ ហើយយើងអាចឈ្នះលើក្រុមដទៃផងដែរ ប្រសិនបើមានកីឡាករខ្លះដែលមិននៅក្នុងក្រុម។ ដូច្នេះសម្រាប់ខ្ញុំ យើងផ្តោតលើរឿងនេះ យើងកំពុងទន្ទឹងរង់ចាំ ការប្រកួតជាមួយ Osasuna ហើយមានភាពវិជ្ជមានខ្លាំងអំពីរឿងនោះ។” ឆ្លងកាត់២៧ប្រកួតកន្លងមក Barcelona នៅឈរកំពូលតារាងក្របខណ្ឌ La Liga មាន៦០ពិន្ទុ ស្មើពិន្ទុក្រុមលេខ២ Real Madrid តែ Real Madrid លេងមុន១ប្រកួត។ រីឯគូប្រជែងរបស់ពួកគេគឺក្រុម Osasuna នៅឈរលេខ ១៤ មាន ៣៣ពិន្ទុ៕
6 months ago
គ្រូអង់គ្លេសសរសើរខ្សែការពារ Reece James ក្រោយរួមចំណែកស៊ុតយកឈ្នះក្រុមឡេតូនី
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Thomas Tuchel បានធ្វើការលើកសរសើរខ្សែការពារ Reece James ចំពោះសមត្ថភាពដ៏ខ្លាំង ក្រោយរូបគេបានរួមចំណែកជួយ ស៊ុតបញ្ចូលទី ជួយក្រុមយកឈ្នះក្រុមឡេតូនី ៣-០ ក្នុងជុំទី២ពូល K នៃការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប។ លោក Thomas Tuchel អះអាងថា Reece James គឺជាកីឡាករមានគុណភាពខ្ពស់បំផុតក្នុងក្រុម។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Wembley កាលពីយប់មិញ Reece James ជាអ្នករកគ្រាប់បើកឆាក សម្រាប់ក្រុមម្ចាស់ផ្ទះអង់គ្លេស តាមរយៈការទាត់បាល់ Free Kick កោងបញ្ចូលទីបានយ៉ាងស្រស់ស្អាត នៅក្នុងនាទី៣៨។ ចូលដល់វគ្គទី២ ទើបមានគ្រាប់បាល់កើតឡើងទៀត ដែលធ្វើបានដោយ Harry Kane នៅនាទី៦៨ និង Eberechi Eze នាទី៧៦ ដែលលទ្ធផលអង់គ្លេស ៣ ឡេតូនី ០ បន្តដល់ចប់ការប្រកួត។ សម្រាប់ Reece James ភាគច្រើនត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងនៅក្លិប Chelsea នៅរដូវកាលនេះ ដោយបង្ហាញខ្លួន បានតែ១៤ប្រកួតគ្រប់កម្មវិធី។ រូបគេក៏ជួបបញ្ហារបួសដែលធ្វើអោយខកខានការប្រកួតជាច្រើននៅ២រដូវកាលចុងក្រោយ។ ប៉ុន្តែបើទោះជាមិនមានឱកាសលេងច្រើនក្តី ក៏កីឡាករ វ័យ២៥ឆ្នាំ នៅតែមានសមត្ថភាពខ្ពស់ ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ដែលធ្វើអោយលោក Thomas Tuchel មានការពេញចិត្តយ៉ាងខ្លាំង។ មើលឃើញពីកម្លាំងចិត្ត និងការខិតខំរបស់កីឡាករបែបនេះ លោក Thomas Tuchel បានកោតសរសើរ Reece James ថា ជាកីឡាករដែលមានគុណភាពខ្ពស់បំផុតមួយរូប។ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានអោយដឹងថា “ខ្ញុំមិនមានការសង្ស័យអំពីគុណភាពរបស់ Reece James នោះទេ។ រូបគេមានកម្រិតលេងខ្ពស់បំផុត។ យើងច្បាស់ណាស់ថាគេហ្វឹកហាត់ដោយមិនសម្រាក ហើយប្រសិនបើគេមិនលេង វាគឺជាជម្រើសរបស់គេតែ យើងបានដឹងថាគាត់ស្ថិតក្នុងចន្លោះដ៏ល្អខាងផ្លូវចិត្ត។” អង់គ្លេសបច្ចុប្បន្ន កំពុងឈរកំពូលតារាងពូល K នៃការប្រកួតវគ្គជម្រុះ FIFA World Cup ២០២៦ តំបន់អឺរ៉ុប មាន៦ពិន្ទុ ខណៈក្រុមអាល់បានីនៅលេខ២ ឡេតូនីនៅលេខ៣ មាន៣ពិន្ទុដូចគ្នា។ សែបនៅលេខ៤ ហើយអង់ដូរានៅបាតតារាង មាន០ពិន្ទុ៕
6 months ago
ខ្សែការពារ Manuel Akanji បង្ហើបបំណងចាកចេញពី Man City ទៅចូលរួម Real Madrid
ខ្សែការពារ Manuel Akanji របស់ Man City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចាកចេញពីកីឡដ្ឋាន Etihad នៅរដូវក្តៅនេះ ហើយមានបំណងចង់ចូលរួមជាមួយ Real Madrid វិញ។ កីឡាករស្វីស បានក្លាយជាកីឡាករកំពូលសម្រាប់ Man City ចាប់តាំងពីផ្ទេរពី Borussia Dortmund នៅរដូវក្តៅឆ្នាំ ២០២២។ រូបគេបានលេងជាខ្សែការពារស្តាំ ខ្សែការពារកណ្តាល និងខ្សែបម្រើ ហើយជាទូទៅគេធ្វើតួនាទីខ្លួនបានយ៉ាងល្អ។ យ៉ាងណាក៏ដោយ នេះប្រហែលជាមិនគ្រប់គ្រាន់សម្រាប់កីឡាករវ័យ២៩ឆ្នាំ ក្នុងការបន្តនៅ Man City ទេ។ បច្ចុប្បន្ន Akanji កំពុងអវត្តមានសម្រាប់ Man City បន្ទាប់ពីរងរបួសទល់នឹង Real Madrid ក្នុងក្របខណ្ឌ UEFA Champions League ហើយខណៈការវិលត្រឡប់របស់គេ គួរតែកើតឡើងមុនពេលបញ្ចប់នៃរដូវកាលនេះ ដោយគេអាចលេង ២ ឬ ៣ ប្រកួតចុងក្រោយរបស់ខ្លួន។ ដូចដែលបានរាយការណ៍ដោយ MARCA នោះ Manuel Akanji បានដាក់សំណើសុំចូលរួមជាមួយ Real Madrid ។ រូបគេបានមើលឃើញថា ក្រុមរបស់គ្រូបង្វឹក លោក Carlo Ancelotti មានបញ្ហារបួសនៅតំបន់ការពារកណ្តាលក្នុងរយៈពេល១៨ ខែចុងក្រោយនេះ ហើយចំពេលមានរបាយការណ៍ថា ពួកគេកំពុងស្វែងរកការចុះហត្ថលេខាលើ Dean Huijsen ពី Bournemouth ទៀតសោត ទើប Manuel Akanji ជឿជាក់ថា គេអាចជាដំណោះស្រាយរបស់ Real Madrid ។ បែបនេះក្តី ក្តីសង្ឃឹមរបស់ Manuel Akanji ត្រូវបានអសាបង់ទៅវិញ ដោយ Real Madrid បាននិយាយថា ពួកគេមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេទេ ដោយកីឡាករស្ថិតនៅក្រោមកិច្ចសន្យានៅ Man City ចំនួន២ឆ្នាំទៀត។ Real Madrid មិនចង់បាន Akanji ទេ ប៉ុន្តែវានៅតែត្រូវមើលថា តើកីឡាកររូបនេះពិតជាចង់ចាកចេញពី Man City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឬយ៉ាងណា។ Manuel Akanji ពិតជាកីឡាករដ៏ល្អមួយរូបដែល គ្រូបង្វឹក លោក Pep Guardiola មានក្នុងក្រុម ប៉ុន្តែសាមីកីឡាករចង់ស្វែងរកការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គេ៕
6 months ago
West Ham United ដាក់តម្លៃលក់ខ្សែបម្រើ Luis Guilherme នៅទីផ្សាររដូវក្តៅខាងមុខ
ខ្សែបម្រើ Luis Guilherme ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅឯ West Ham United ហើយរូបគេអាចនឹងធ្វើការផ្លាស់ប្តូរចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ Caught Offside បានផ្សព្វផ្សាយថា West Ham United បានត្រៀមលក់កីឡាករប្រេស៊ីល ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ល្អ អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ក្លិបដូចជា Wolves, Crystal Palace, Flamengo, Napoli, Atletico Madrid និង Shakhtar Donetsk សុទ្ធតែកំពុងតាមដានស្ថានភាពរបស់ Luis Guilherme ប៉ុន្តែក្លិបទាំងនោះចង់ចុះហត្ថលេខាលើរូបគេក្នុងលក្ខខណ្ឌខ្ចីដោយគ្មានកាតព្វកិច្ចទិញយកនោះទេ។ ទន្ទឹមនឹងនេះដែរ West Ham United បានសម្រេចដាក់តម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករវ័យ១៩ឆ្នាំ ហើយវានឹងគួរអោយចាប់អារម្មណ៍ថា តើក្លិបណាមានឆន្ទៈក្នុងការនាំយករូបគេទៅចូលរួមជាអចិន្ត្រៃយ៍។ Luis Guilherme បានចាកចេញពី Palmeiras មកចូលរួម West Ham United នៅក្នុងខែមិថុនា កន្លងទៅ ប៉ុន្តែរូបគេមានឱកាសលេងតិចតួចមែនទែន នៅកីឡដ្ឋាន London Stadium។ Guilherme ត្រូវបានដឹងថា បានផ្តោតលើការអភិវឌ្ឍន៍ខ្លួន ហើយគេគួរតែចូលរួមក្លិបមួយដែលផ្តល់ឱកាសលេងដល់គេជាទៀងទាត់។ ការអង្គុយលើកៅអីបម្រុងដូចនៅ West Ham United ទំនងជាមិនផ្តល់ប្រយោជន៍ដល់រូបគេទេ។ មែនទែនទៅ កីឡាករវ័យ ១៩ ឆ្នាំ គឺជាយុវជនដែលមានទេពកោសល្យមួយរូប ហើយគេអាចអភិវឌ្ឍខ្លួនទៅជាកីឡាករឆ្នើមនាពេលអនាគត បើសិនជាបានចូលរួមជាមួយក្លិបត្រឹមត្រូវ ដែលផ្តល់ឱកាសដល់រូបគេ។ ជាមួយនឹងវត្តមានកីឡាករដូចជា Mohammed Kudus និង Jarrod Bowen រួចហើយនោះ West Ham United នឹងមិនអាចផ្តល់ឱកាសច្រើនដល់ Luis Guilherme នៅរដូវកាលក្រោយទេ ហើយវាសមហេតុផលដែលក្លិបត្រូវតែលក់គេចេញ និងយកប្រាក់ដែលបានមកពីការលក់រូបគេទោវិនិយោគទៅក្នុងក្រុមដែលកំពុងលេងនៅពេលនេះវិញ៕
6 months ago
Man UTD កំពុងសម្លឹងមើលការវិវឌ្ឈរបស់ខ្សែប្រយុទ្ធ Victor Osimhen
Napoli អាចនឹងលក់ខ្សែប្រយុទ្ធ Victor Osimhen ទៅកាន់ក្លិបណាដែលហ៊ានដាក់ការដេញថ្លៃខ្ពស់បំផុតនៅទីផ្សាររដូវក្តៅនេះ។ កីឡាករនីហ្សេរីយ៉ាហៀបនឹងផ្ទេរទៅកាន់ Chelsea កាលពីរដូវក្ដៅមុនទៅហើយ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេច ធ្វើអោយរូបគេត្រូវទៅចូលរួមក្រុមតួកគី Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជំនួសវិញ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងទម្រង់លេងរបស់ Victor Osimhen តែ Napoli បានត្រៀមខ្លួនដើម្បីចែកផ្លូវជាមួយកីឡាករវ័យ២៦ឆ្នាំ រួចទៅហើយ។ Napoli សង្ឃឹមថា ថ្លៃផ្តាច់កុងត្រា ៧៥ លានអឺរ៉ូរបស់ Osimhen នឹងត្រូវបានទិញយកដោយក្លិបណាមួយ។ យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថា Man UTD អាចនឹងស្ថិតក្នុងទីតាំងដ៏រឹងមាំមួយក្នុងការទាញយកអត្ថប្រយោជន៍ពីស្ថានការណ៍នេះ ខណៈក្រុមបិសាចក្រហមកំពុងសម្លឹងមើលការពង្រឹងជម្រើសនៃការវាយលុក ដោយទាំង Rasmus Hojlund និង Joshua Zirkzee ហាក់ពិបាកក្នុងការបង្ហាញទម្រង់លេងរៀងខ្លួន។ ភាពងាយស្រួលនឹងកាន់តែកើនឡើងសម្រាប់ Man UTD ដ្បិត Paris Saint-Germain ដែលធ្លាប់ជាគូប្រជែងសម្រាប់ការចុះហត្ថលេខារបស់ Victor Osimhen បានដកខ្លួនចេញទៅវិញ។ តួយ៉ាង គ្រូបង្វឹក លោក Luis Enrique បាននិយាយថា លោកមិនជឿជាក់លើ Osimhen នឹងស័ក្តិសមសម្រាប់ក្រុមរបស់លោកទេ។ ដោយឡែក Victor Osimhen ក៏បានបង្ហាញពីបំណងជាយូរមកហើយសម្រាប់ការផ្លាស់ទៅលេងនៅ ក្របខណ្ឌ Premier League ហើយមិត្តរួមក្រុមជម្រើសជាតិនីហ្សេរីយ៉ារបស់គេគឺ William Troost-Ekong បានបញ្ជាក់ថាការផ្លាស់ទៅអង់គ្លេសទំនងជាមានប្រសិទ្ធភាពបន្ថែមទៀតដល់អាជីពរបស់ Osimhen ។ ហើយជាមួយនឹងគ្រូបង្វឹកលោក Ruben Amorim កំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីជួយដល់ទម្រង់ 3-4-2-1 របស់លោកអោយមានភាពរស់រវើកទៀតនោះ របាយការណ៍ពី Caught Offside អោយដឹងថា Man UTD កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរបស់ Victor Osimhen ។ បច្ចុប្បន្ន Victor Osimhen កំពុងលេងខ្ចីជើងនៅ Galatasaray ហើយរូបគេបានបង្ហាញទម្រង់លេងក្នុងកម្រិតខ្ពស់ថ្មី ដោយលេង៣០ប្រកួត រកគ្រាប់បាល់បញ្ចូលទីបានដល់ទៅ២៦គ្រាប់ឯណោះ៕
6 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport