List News
🚨 Gonzalo Garcia : ពេលខ្ញុំនៅក្នុងប្រអប់គ្រោះថ្នាក់របស់ដៃគូរប្រកួត
🚨 Gonzalo Garcia : ពេលខ្ញុំនៅក្នុងប្រអប់គ្រោះថ្នាក់របស់ដៃគូរប្រកួត ខ្ញុំមិនខ្វល់ថាខ្ញុំស៊ុតជាមួយនឹងអ្វីទេ មិនថាជាក្បាលរបស់ខ្ញុំ ជើងឆ្វេង ជើងស្តាំ ជង្គង់របស់ខ្ញុំ ឬក៏អ្វីក៏ដោយ ខ្ញុំគ្រាន់តែចង់រកគ្រាប់បាល់ឱ្យបាន។ ខ្ញុំសប្បាយចិត្តនឹងការស៊ុតបញ្ចូលទីរបស់ខ្ញុំ ប៉ុន្តែខ្ញុំរឹតតែសប្បាយចិត្តនៅពេលដែលក្រុមឈ្នះការប្រកួត។ ការប្រកួតនៅ Club World Cup នេះ គឺជាឱកាសពេញមួយជីវិតសម្រាប់ខ្ញុំ។ ការ​បញ្ជូន​របស់ Trent Alexander Arnold គឺ​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ។ នោះគឺជាបាល់​ដ៏​ល្អ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ទទួល៕
3 months ago
Everton កៀកនាំយកខ្សែការពារ Kenny Tete ពី Fulham
Everton ជិតទទួលបានកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពារស្តាំ Kenny Tete របស់ Fulham លើការផ្ទេរដោយឥតគិតថ្លៃ។ គ្រូបង្វឹកលោក David Moyes បានដាក់គោលដៅអទិភាពកីឡាករថ្មីមួយក្នុងរដូវក្តៅ បន្ទាប់ពីខ្សែការពារ Ashley Young វ័យ ៣៩ ឆ្នាំមិនត្រូវបានផ្តល់កុងត្រាថ្មី ហើយជាមួយនឹងប្រធានក្រុម Seamus Coleman ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។ សម្រាប់ Kenny Tete នឹងផុតកុងត្រានៅចុងខែនេះហើយ Fulham សង្ឃឹមថា រូបគេនឹងបន្តរួមរស់ជាមួយក្រុម។ ប៉ុន្តែកីឡាករវ័យ ២៩ ឆ្នាំ បានក្លាយជាគោលដៅសំខាន់របស់ Everton ហើយការចរចាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំគឺមានភាពរហ័សរហួន ។ កីឡាករ Jake O’Brien ដែលត្រូវបានចុះហត្ថលេខាពី Lyon ក្នុងតួនាទីជាខ្សែការពារកណ្តាលបានលេងជាប់លាប់នៅខ្សែការពារស្តាំបន្ទាប់ពីការចូលកាន់តំណែងរបស់លោក David Moyes កាលពីខែមករា បន្ទាប់ពីរូបគេហាក់មិនត្រូវបានអើពើដោយគ្រូបង្វឹកចាស់លោក Sean Dyche ខណៈដែលខ្សែការពារស្កុតឡែន Nathan Patterson ក៏ស្ថិតក្នុងគម្រោងរបស់លោក David Moyes ផងដែរ។ ទោះជាយ៉ាងណាក៏ដោយលោក David Moyes មានបំណងចង់ធានាបាននូវទម្រង់លេងល្អនៅក្របខណ្ឌ Premier League ហើយ Everton ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករជើងចាស់អង់គ្លេស Kyle Walker របស់ Manchester City, Kyle Walker-Peters របស់ Southampton និង Vladimir Coufal នៅពេលដែលលោក នៅដឹកនាំ West Ham United ប៉ុន្តែ អតីតសមាជិក Ajax និង Lyon កីឡាករ Kenny Tete គឺជាជម្រើសដែលលោក David Moyes ពេញចិត្ត នឹងត្រៀមនាំមកចូលរួម Everton នាពេលឆាប់ៗ៕
3 months ago
Man UTD ពិចារណាយក Jadon Sancho ចរចាជាមួយ Napoli ប្តូរយក Victor Osimhen
ក្លិបអង់គ្លេស Man UTD កំពុងពិចារណាជ្រើសយកខ្សែបម្រើ Jadon Sancho ធ្វើជាលក្ខខណ្ឌមួយ ដើម្បីចរចាជាមួយក្លិបអ៊ីតាលី Napoli អំពីការផ្ទេរយកខ្សែប្រយុទ្ធកណ្តាល Victor Osimhen។ ការដែល Man UTD បានគិតគូរបែបនេះ បន្ទាប់ពី Napoli ចាប់អារម្មណ៍លើ Jadon Sancho ដើម្បីមកជំនួសតំណែង Khvicha Kvaratskhelia ដែលបានចាកចេញទៅ Paris Saint-Germain។ ចំណែកឯក្លិបបិសាចក្រហមខ្លួនឯងវិញក៏កំពុងចាប់អារម្មណ៍លើ Victor Osimhen ស្រាប់ ដើម្បីមកបំពេញចំណុចខ្សោយក្រុមនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។ យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Gianluca Di Marzio បានអោយដឹងថា Napoli មានបំណងចង់ចុះកិច្ចសន្យាយក Jadon Sancho នៅរដូវក្តៅនេះ ដើម្បីមកជំនួសតំណែង Kvaratskhelia។ ដោយឡែកខាង Man UTD វិញ ក៏មិនចង់ទុក កីឡាករវ័យ២៥ឆ្នាំ អោយនៅបន្តដែរ ដូច្នេះពួកគេគ្រោងនឹងឆ្លៀតឱកាសនេះ ដើម្បីយក Jadon Sancho ដាក់ជាលក្ខខណ្ឌទៅចរចាជាមួយ Napoli អំពីការផ្ទេរ Victor Osimhen វិញម្តង៕
3 months ago
គ្រូ PSG រិះគន់ស្មៅ ទោះបានឈ្នះការប្រកួតឡើងវគ្គបន្ត FIFA Club World Cup 2025
គ្រូបង្វឹក Paris Saint Germain លោក Luis Enrique បានធ្វើការរិះគន់គុណភាពស្មៅ នៃទីលានមួយចំនួនក្នុងការប្រកួត FIFA Club World Cup 2025 បន្ទាប់ពីក្រុមរបស់ខ្លួនបានយកឈ្នះក្រុមម្ចាស់ផ្ទះអាមេរិក Seattle Sounders ក្តី។ ជាការពិត Paris Saint Germain បានយកឈ្នះក្រុម Seattle Sounders ដោយលទ្ធផល ២-០ ក្នុងការប្រកួតនាទីលាន Lumen Field ស្ថិតក្នុងទីក្រុង Seattle ដោយ២គ្រាប់របស់ក្រុមមកពីបារាំង ធ្វើបានដោយ Khvicha Kvaratskhelia នៅនាទី៣៥ និង Achraf Hakimi នៅនាទី៦៦។ ក្រុមម្ចាស់ជើងឯក Ligue 1 បានរងបរាជ័យដ៏គួរអោយភ្ញាក់ផ្អើលដោយក្រុមប្រេស៊ីល Botafogo កាលពីចុងសប្តាហ៍មុន ប៉ុន្តែជាមួយនឹងជ័យជំនះលើក្រុម Seattle Sounders ធ្វើអោយពួកគេធានាកៅអីទៅកាន់ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ FIFA Club World Cup 2025។ ទោះបានទទួលជ័យជំនះក៏ពិតមែន ប៉ុន្តែគ្រូបង្វឹក Paris Saint Germain លោក Luis Enrique នៅតែបង្ហាញការមិនពេញចិត្តជាមួយនឹងស្ថានភាពស្មៅលើទីលាន ដែលធ្វើអោយកូនក្រុមរបស់ខ្លួនពិបាកលេង។ តួយ៉ាង គ្រូបង្វឹកជនជាតិអេស្ប៉ាញបាននិយាយបែបនេះថា “ស្មៅលើទីលានដែលកូនក្រុមបានលេងក្នុងការប្រកួតរហូតមកដល់ពេលនេះ វាពិតជាមានភាពខុសប្លែកគ្នាទៅនឹងស្មៅលើទីលាននៅអឺរ៉ុប ។ វាពិតជាពិបាកសម្រាប់កូនក្រុមរបស់ខ្ញុំក្នុងការប្រដេញបាល់ ដោយវាបានលោត ដូចជាសត្វទន្សាយអញ្ចឹងនៅកីឡដ្ឋាន Lumen Field នោះ។” លោក Enrique បានបន្ថែមថា FIFA គួរតែយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការប្រកួត និងទីលានហ្វឹកហាត់ ប្រសិនបើពួកគេចង់អោយការប្រកួតមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ ចំពោះការលើកឡើងរបស់លោក Luis Enrique ក៏កើតឡើងបន្ទាប់ពីខ្សែបម្រើ Real Madrid កីឡាករ Jude Bellingham បានអំពាវនាវអោយមានការកែលម្អទីលាន ដើម្បីការពារកីឡាករបន្ទាប់ពីការទទួលជ័យជំនះលើក្រុម Pachuca រួចមក៕ អ្នកអាចចែករំលែកដោយ៖
3 months ago
អ្នកវាយកូនបាល់ Casper Ruud ដកខ្លួនចេញពីកម្មវិធី Wimbledon ដោយសាររបួសអ្នកវាយកូនបាល់ Casper Ruud ដកខ្លួនចេញពីកម្មវិធី Wimbledon ដោយសាររបួស
អ្នកវាយកូនបាល់ Casper Ruud បានប្រកាសដកខ្លួនចេញពីការប្រកួតកម្មវិធី Wimbledon 2025 ដោយសាររូបគេនៅតែតស៊ូក្នុងការព្យាបាលអោយជាសះស្បើយនូវបញ្ហារបួសជង្គង់ ។ កីឡាករជនជាតិន័រវេស ដែលកំពុងឈរចំណាត់ថ្នាក់លេខ១៥ ពិភពលោក បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២ដ៏គួរអោយភ្ញាក់ផ្អើលនៅក្នុងកម្មវិធី French Open 2025 កាលពីខែឧសភា ដោយចាញ់កីឡាករ Nuno Borges របស់ព័រទុយហ្គាល់ ។ បន្ទាប់មក Casper Ruud បាននិយាយថា រូបគេបានមានបញ្ហារបួសជង្គង់ ហើយគេនឹងមិនបានចូលរួមក្នុងការប្រកួតចាប់តាំងពីពេលនោះមក ។ ជុំវិញរឿងនេះ អ្នកចាត់ការរបស់ Casper Ruud លោក Tina Falster បានអោយដឹងថា “Casper Ruud នឹងត្រលប់មកទីលានវិញ ហើយអ្វីៗដំណើរការល្អ ប៉ុន្តែវាមើលទៅដូចជាលឿនពេកក្នុងការចូលរួមកម្មវិធី Wimbledon ។ ដូច្នេះ Casper Ruud នឹងមិនអាចចូលរួមការប្រកួតដ៏ធំនេះបានទេ។” ការលេងបានល្អបំផុតរបស់ Casper Ruud នៅក្នុងការប្រកួតពានរង្វាន់ Wimbledon គឺរូបគេបានឡើងដល់ជុំទី២បានចំនួន៣ ដង។ សូមបញ្ជាក់ដែរថា កម្មវិធី Wimbledon គឺជាការប្រកួតវាយកូនបាល់កម្រិតខ្ពស់បំផុត Grand Slam ទី៣ ក្នុងចំណោម៤ប្រចាំរដូវកាល។ ការប្រកួតវាយកូនបាល់ទីលានវាលស្មៅដ៏ធំសម្រាប់ឆ្នាំ ២០២៥ នេះ នឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ខាងមុន នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ប្រាក់រង្វាន់សម្រាប់កម្មវិធីមួយនេះ មានច្រើនខ្លាំងណាស់គឺប្រមាណជា ៧លានដុល្លារឯណោះ៕
3 months ago
ប្រធានចាស់ IOC លោក Thomas Bach សម្រេចការផ្ទេរតំណែងរបស់ខ្លួន
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach នឹងប្រគល់តំណែងរបស់លោកទៅអោយលោកស្រី Kirsty Coventry បន្ទាប់ពីរូបលោកបានកាន់តំណែងជាងមួយទសវត្សក្នុងនាមជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងវិស័យកីឡា។ លោក Bach ដែលជាមេធាវីជនជាតិអាល្លឺម៉ង់ និងជាអតីតជើងឯកកីឡាចាក់សាបអូឡាំពិក បានចូលកាន់តំណែងជាប្រធាន IOC ក្នុងឆ្នាំ ២០១៣។ វត្តមានរបស់បុរសវ័យ ៧១ឆ្នាំ បានណែនាំការកែទម្រង់យ៉ាងទូលំទូលាយ ទាក់ទងនឹងការប្រកួតកីឡាអូឡាំពិក និងការរៀបចំស្ថាប័ន IOC ខ្លួនឯង រួមទាំងការកាត់បន្ថយទំហំនិងការចំណាយ ដើម្បីធ្វើអោយការប្រកួតកីឡាព្រឹត្តិការណ៍អូឡាំពិក កាន់តែទាក់ទាញសម្រាប់ប្រទេសនានា មកប្រជែងគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាដ៏ធំនេះ។ ការកាន់តំណែងជាប្រធានរបស់លោក Thomas Bach ពេលខ្លះក៏មានភាពរង្គោះរង្គើដែរ ដោយព្រឹត្តិការណ៍អូឡាំពិកធ្លាប់បានរងការវាយប្រហារដោយរឿងអាស្រូវការប្រើប្រាស់សារធាតុហាមឃាត់ ដែលគាំទ្រដោយរដ្ឋរបស់រុស្ស៊ី នោះគឺកាលពីព្រឹត្តិការណ៍អូឡាំពិករដូវរងា Sochi Games ឆ្នាំ២០១៤ ដែលនាំអោយអត្តពលិករុស្ស៊ីចូលរួមការប្រកួតនាពេលក្រោយៗមក ក្នុងនាមជាអត្តពលិកអព្យាក្រឹត ជាច្រើនលើក។ លោក Thomas Bach ក៏ត្រូវដោះស្រាយភាពតានតឹងផ្នែកនយោបាយនៅលើឧបទ្វីបកូរ៉េមុនការប្រកួតអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang របស់កូរ៉េខាងត្បូង ហើយលោកក៏ត្រូវបានបង្ខំអោយពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មួយឆ្នាំផងដែរ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ការប្រកួតអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ក៏ត្រូវបានប្រារព្ធឡើងដោយគ្មានអ្នកគាំទ្រដោយសារតែការរាតត្បាតជំងឺដែរ។ កាលពីព្រឹត្តិការណ៍ Paris 2024 មានការចូលរួមពីអត្តពលិករុស្ស៊ីម្តងទៀតក្នុងនាមជាអត្តពលិកអព្យាក្រឹតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ លោក Thomas Bach ក៏នឹងលាលែងពីសមាជិកភាព IOC ផងដែរ ទោះបីជារូបលោកបានក្លាយជាប្រធានកិត្តិយសនៃស្ថាប័ននេះក៏ដោយ។ អ្នកបន្តតំណែងរបស់លោក Thomas Bach គឺលោកស្រី Kirsty Coventry ជនជាតិហ្ស៊ីមបាវ៉េ ដោយលោកស្រីបានក្លាយជា ជាជនជាតិអាហ្វ្រិកដំបូងគេដែលត្រូវបានជ្រើសរើសជាប្រធាននៃស្ថាប័នគ្រប់គ្រងអូឡាំពិក៕
3 months ago
លោក Carlo Ancelotti នឹងចាកចេញពី Real Madrid ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល
លោក Carlo Ancelotti នឹងចាកចេញពីក្លិបអេស្ប៉ាញ Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីទៅកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ បុរសសញ្ជាតិអ៊ីតាលី នឹងចូលកាន់តំណែងជាផ្លូវការនៅក្រុមប្រេស៊ីលនាថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីបញ្ចប់ការប្រកួត La Liga របស់ Real Madrid ដោយលោកនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងនាមជាគ្រូបង្វឹកជោគជ័យបំផុតរបស់ក្លិប។ កិច្ចសន្យាបច្ចុប្បន្នរបស់ លោក Ancelotti ជាមួយ Real Madrid ត្រូវបានកំណត់ថានឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦ ។ លោក Ancelotti បានឈ្នះពានរង្វាន់ចំនួន ១៥ដង ដោយឆ្លងកាត់ការដឹកនាំចំនួន២លើក ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid ។ ការចាកចេញរបស់បុរសវ័យ ៦៥ ឆ្នាំ ពី Real Madrid កើតឡើងបន្ទាប់ពីការចាញ់ការប្រកួត El Clasico កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានធ្វើអោយ Real Madrid បង្កើនគម្លាត ៧ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ដោយនៅសល់៣ប្រកួតទៀត។ បើសិនជាបរាជ័យក្នុងការរារាំង Barcelona មិនអោយឈ្នះជើងឯក La Liga នោះ មានន័យថា Real Madrid នឹងបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ ដោយឡែក ខាងសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានចេញសេចក្តីថ្លែងការណ៍ថា លោក Ancelotti នឹងក្លាយជាគ្រូបង្វឹកថ្មី ហើយបានទទួលស្គាល់ពីសារៈសំខាន់របស់លោកដែលទទួលបន្ទុកដឹកនាំក្រុម។ CBF ក៏បានថ្លែងអំណរគុណដល់ ប្រធានក្លិប Real Madrid លោក Florentino Perez ដែលយល់ព្រមអោយ លោក Ancelotti ចាកចេញពីក្លិបដោយរលូន។ លោក Carlo Ancelotti នឹងចូលដឹកនាំក្រុមប្រេស៊ីល បន្ទាប់គ្រូបង្វឹកលោក Dorival Junior ត្រូវបានបណ្តេញចេញកាលពីខែមីនា បន្ទាប់ពីចាញ់ក្រុមអាហ្សង់ទីន ៤-១ ក្នុងការប្រកួតជម្រុះ World Cup 2026។ ប្រេស៊ីលកំពុងឈរនៅលេខរៀងទី ៤ ក្នុងវគ្គជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង ដោយបានចាញ់ ៥ ប្រកួតក្នុងចំណោម ១៤ ប្រកួត ។ ការប្រកួតដំបូងរបស់លោក Ancelotti ជាគ្រូបង្វឹកក្រុមប្រេស៊ីល គឺជាការប្រកួតជម្រុះ World Cup ទល់នឹងប៉ារ៉ាហ្គាយ និងអេក្វាឌ័រនៅខែក្រោយ។ ក្នុងអាជីពជាគ្រូបង្វឹករយៈពេល ៣០ ឆ្នាំមកនេះ លោក Carlo Ancelotti បានដឹកនាំក្លិបធំៗមួយចំនួននៃបាល់ទាត់អឺរ៉ុបរួមមាន Juventus, AC Milan, Paris St-Germain និង Bayern Munich ហើយបានជួយក្លិបទាំងនោះឈ្នះពានរង្វាន់ជាហូរហែផងដែរ៕
5 months ago
Man UTD នឹងអោយសំបុត្រឥតគិតថ្លៃតែ២សន្លឹកប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ៗ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League
កីឡាកររបស់ Man UTD នឹងត្រូវដាក់កំហិត ដោយផ្តល់អោយសំបុត្រឥតគិតថ្លៃចំនួន២សន្លឹកប៉ុណ្ណោះ ចំពោះកីឡាករម្នាក់ៗ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Bilbao សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ទល់នឹង Tottenham Hotspur ។ ទទួលបានសំបុត្រឥតគិតថ្លៃតែ២សន្លឹកមែន តែកីឡាកររបស់ Man UTD អាចចំណាយថវិកាទិញសំបុត្របានរហូតដល់ ១០ សន្លឹកបន្ថែមទៀត ដើម្បីចែកអោយក្រុមគ្រួសារ មិត្តភក្តិ ចូលទស្សនាការប្រកួតបាន។ ការដាក់កំហិតចែកសំបុត្រឥតគិតថ្លៃបានតែ២សន្លឹកសម្រាប់កីឡាកររបស់ខ្លួននេះ ត្រូវបានខាងក្លិប Man UTD អះអាងថា ពួកគេចង់ប្តេជ្ញាធានានូវសំបុត្រអោយបានច្រើនតាមដែលអាចធ្វើទៅបានពីការបែងចែកសំបុត្រ១ម៉ឺន៥ពាន់សន្លឹក ទៅកាន់អ្នកគាំទ្រ។ រីឯក្រុមបុគ្គលិករបស់ក្លិប នឹងមិនទទួលបានសំបុត្រឥតគិតថ្លៃសម្រាប់ការប្រកួតដូចពីមុនទេ ហើយ វិធានការនេះគឺដើម្បីការកាត់បន្ថយការចំណាយរបស់ Man UTD ដែលរួមបញ្ចូលទាំងការលុបចោលអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃសម្រាប់បុគ្គលិកផងដែរ។ ងាកទៅខាង Tottenham Hotspur វិញមិនទាន់ប្រកាសពីផែនការលំអិតរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ឡើយ ប៉ុន្តែរំពឹងថា ពួកគេនឹងមានក្បួនដង្ហែរដ៏ធំបើសិនជាបានឈ្នះជើងឯក។ Man UTD មិនបានប្រារព្ធពិធីដង្ហែពានរង្វាន់ចាប់តាំងពីឆ្នាំ ២០១៣ ។ មែនទែនទៅ ក្លិបបិសាចក្រហម ធ្លាប់បានឈ្នះពានរង្វាន់ធំមួយគឺពានរង្វាន់ UEFA Europa League នេះឯង នៅឆ្នាំ២០១៧ អំឡុងពេលដែលលោក Jose Mourinho នៅកាន់តំណែងជាគ្រូបង្វឹក ប៉ុន្តែកាលណោះ Man UTD នៅមានការប្រកួតដ៏មមាញឹក នៅក្នុងក្របខណ្ឌ Premier League។ បន្ទាប់ពីនោះ Man UTD ក៏ត្រូវធ្វើដំណើរមកកាន់ អាស៊ីសម្រាប់ការប្រកួតក្រោយចប់រដូវកាលចំនួន២ប្រកួត ទល់នឹងក្រុមក្នុងស្រុកនៅម៉ាឡេស៊ី និងហុងកុង។ ពួកគេបានត្រឡប់ទៅទីក្រុង Manchester នៅចុងខែឧសភា ហើយកីឡាករត្រូវចាកចេញពីក្លិបភ្លាមៗដែរ ដើម្បីបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិរៀងៗខ្លួន ដែលពេលវេលាស្ទួនៗគ្នានោះ ធ្វើអោយ Man UTD មិនអាចរៀបចំការដង្ហែរពានរង្វាន់ធំបានទេ។ ដោយឡែក វគ្គផ្តាច់ព្រ័ត្រ UEFA Europa League 2024-25 រវាង Man UTD ទល់នឹង Tottenham Hotspur នឹងត្រូវធ្វើឡើង នាកីឡដ្ឋាន San Mamés ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ៕
5 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport