List News
គ្រូ Celtic ចង់អោយកូនក្រុមបង្កើនភាពក្លាហានវាយបកយកឈ្នះ Bayern Munich វិញនៅ UEFA Champions League
គ្រូបង្វឹក Celtic លោក Brendan Rodgers បាននិយាយថា លោកចង់អោយកូនក្រុមបង្កើនភាពក្លាហានដើម្បីវាយបកយកឈ្នះ Bayern Munich វិញពេលពួកគេត្រូវជួបគ្នាសាជាថ្មីនៅក្នុងការប្រកួត UEFA Champions League វគ្គ Playoff ជើងទី២។ កាលពីការប្រកួតជើងទី១ ដែលធ្វើឡើងនាទឹកដីខ្លួនឯង Celtic Park ក្រុម Celtic បានចាញ់ក្រុម Bayern Munich ២-១។ លទ្ធផលនេះបានធ្វើអោយ Celtic ស្ថិតក្នុងភាពប្រផុតប្រផើយការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ Playoff នេះ។ មែនទែនទៅ Celtic កំពុងសម្លឹងឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតពានអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ ។ ប៉ុន្តែវាជារឿងពិបាកមួយសម្រាប់ក្រុមស្កុតឡេននេះដ្បិត ពួកគេមិនដែលទទួលបានជ័យជំនះក្រៅដីទល់នឹងក្រុមរបស់អាល្លឺម៉ង់ដែរ ហើយក៏មិនដែលបានឈានទៅវគ្គបន្តនៅពានរង្វាន់អឺរ៉ុបដែរបន្ទាប់ពីចាញ់ជើងទី១ក្នុងផ្ទះរបស់ខ្លួនរួច។ បែបនេះក្តី គ្រូបង្វឹក លោក Brendan Rodgers បានលើកទឹកចិត្តកូនក្រុម អោយមានភាពក្លាហាន និង ប្រឹងប្រែងកាន់តែខ្លាំងដើម្បីអាចយកឈ្នះ Bayern Munich បើទោះជាពួកគេនឹងត្រូវលេងក្រោមសម្ពាធដ៏ធំក្តី។ គ្រូបង្វឹកវ័យ៥២ឆ្នាំ បានអោយដឹងដូច្នេះ “ អ្នកដឹងទេ នៅពេលដែលអ្នកលេងការប្រកួត២ជើង វាជារឿងសំខាន់ដែលអ្នកចូលមកក្នុងជើងទី២ ហើយអ្នកមានឱកាសធ្វើរឿងអស្ចារ្យបាន។ ដូច្នេះហើយ យើងត្រូវតែឆ្លាត ក្នុងការប្រកួត។ យើងមានកីឡាករដែលអាចរកគ្រាប់បាល់បាន។ ខ្ញុំគិតថាសម្រាប់ក្រុមរបស់យើង មានការការពារបានល្អ។ ដូច្នេះហើយ យើងដឹងថាយើងអាចការពារបាននៅកម្រិតនេះ ហើយបន្ទាប់មកយើងគ្រាន់តែមានភាពក្លាហាន ដើម្បីចូលទៅលេងការប្រកួតរបស់យើង ហើយនោះនឹងក្លាយជាគន្លឹះសម្រាប់ពួកយើងក្នុងការវាយបកឈ្នះគូប្រកួតវិញ។” សូមបញ្ជាក់ថា ការប្រកួត UEFA Champions League វគ្គ Playoff ជើងទី២រវាង Celtic និង Bayern Munich នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Allianz Arena ដែលជាការប្រកួតកាត់ក្តីស្វែងរកក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៕
8 months ago
កីឡាករ Real Madrid ៤ រូប ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធករណី ចែកចាយវីដេអូអាសអាភាស
ខ្សែការពារ Raul Asencio របស់ Real Madrid កំពុងត្រូវបានស៊ើបអង្កេតជាមួយកីឡាករ ៣នាក់ផ្សេងទៀតទាក់ទងនឹងការចោទប្រកាន់ក្នុងការចែកចាយវីដេអូអាសអាភាស ហើយមួយក្នុងចំណោមនោះត្រូវបានគេរាយការណ៍ថាមានពាក់ព័ន្ធនឹងអនីតិជន។ តុលាការអេស្ប៉ាញបានច្រានចោលសំណើសុំទម្លាក់ការស៊ើបអង្កេតលើ Raul Asencio ដែលមានន័យថា រូបគេអាចត្រូវបានកាត់ទោស និងនាំយកទៅតុលាការ ប្រសិនបើរកឃើញថា មានកំហុស ។ ករណីនេះ បានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ២០២៣ ដោយឃើញមាន Raul Asencio និងកីឡាករ Real Madrid ៣ នាក់ផ្សេងទៀតដូចជា Ferran Ruiz Juan Rodriguez និង Andres Garcia ត្រូវបានចោទប្រកាន់ពីបទចែករម្លែកវីដេអូរសើបតាមរយៈ WhatsApp ។ ប៉ូលិសបានបង្ហាញថា នារីម្នាក់ក្នុងចំណោមអ្នកថតវីដេអូនោះមានអាយុក្រោម១៦ឆ្នាំ ។ អាជ្ញាធរបានចាប់ខ្លួន Ruiz, Rodriguez និង Garcia ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយដំបូងកំណត់អត្តសញ្ញាណ Asencio ជាសាក្សីប៉ុណ្ណោះ។ យ៉ាងណា ស្ថានភាពរបស់កីឡាករវ័យ២២ឆ្នាំ ក្រោយមកបានផ្លាស់ប្តូរទៅជាជនសង្ស័យ និងជំរុញអោយមានការស៊ើបអង្កេតបន្ថែមទៀត៕
8 months ago
ផាកពិន័យ Arsenal ករណីបរាជ័យគ្រប់គ្រងអាកប្បកិរិយាកីឡាករ
ក្រុម Arsenal ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ផាកពិន័យជាទឹកប្រាក់ប្រមាណ ៦៥០០០ ផោន សម្រាប់ការបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយាកីឡាកររបស់ពួកគេ។ ជាការពិត អំឡុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៣ កាលពីចុងខែមករា Arsenal បានយកឈ្នះ Wolverhampton ដោយលទ្ធផល ១-០ នាកីឡដ្ឋាន Molineux Stadium។ ក្នុងការប្រកួតនោះ ខ្សែបម្រើ Myles Lewis-Skelly របស់ Arsenal ត្រូវបានពិន័យកាតក្រហម នៅនាទី៤៣ ដោយសារការបង្កកំហុសលើកីឡាករម្ចាស់ផ្ទះ Matt Doherty ខណៈការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលលោក Michael Oliver ក៏បានធ្វើឡើងក្រោយ VAR គាំទ្រថា Myles Lewis-Skelly ពិតជាបង្កកំហុសពិតមែន។ យ៉ាងណាមិញ ក្រោយពីការសម្រេចចិត្តបណ្តេញកីឡាករវ័យ១៨ឆ្នាំចេញពីទីលាន ស្រាប់តែក្រុមកីឡាករ Arsenal បាននាំគ្នាមកចោមរោមតវ៉ាជាមួយអាជ្ញាកណ្តាលវ័យ៣៩ឆ្នាំ ទាំងមិនសមរម្យ ដែលទង្វើនេះធ្វើអោយ FA ចោទប្រកាន់ក្រុមកាំភ្លើងធំតែម្តង ពីបទមិនអាចគ្រប់គ្រងកីឡាកររបស់ពួកគេបាន។ ចំពោះ Arsenal វិញ បានទទួលស្គាល់កំហុសនៃការមិនអាចគ្រប់គ្រងកីឡាករនេះ នៅមុនពេលគណៈកម្មការនិយតកម្មឯករាជ្យមួយបានដាក់ទណ្ឌកម្មលើពួកគេ ប៉ុន្តែក្លិបក៏នឹងធ្វើការដាក់បណ្តឹងឧទ្ធរណ៍ ប្តឹងតវ៉ាប្រឆាំងនិងកាតក្រហម និង ការពិន័យ៣ប្រកួតលើកីឡាករ Myles Lewis-Skelly វិញដែរ។ ដោយឡែក មន្ត្រីអាជ្ញាកណ្តាលលោក Michael Oliver ក្រោយការកាត់សេចក្តីការប្រកួតរវាង Arsenal ទល់នឹង Wolverhampton ហើយនោះ រូបលោកនិងក្រុមគ្រួសារក៏ត្រូវបានរងការគម្រាមកំហែង ពីជនអនាមិកជាច្រើន។ បញ្ហានេះ បានធ្វើអោយស្ថាប័នអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL ក្របខណ្ឌ Premier League និងមន្ត្រីប៉ូលីសអង់គ្លេស បើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកជនបង្កហេតុមកកាត់ទោសតាមច្បាប់៕
8 months ago
ខ្សែបម្រើ Amad Diallo របស់ Man UTD នឹងអវត្តមានដល់ចប់រដូវកាលព្រោះរបួសកជើង
ខ្សែបម្រើ Amad Diallo របស់ Man UTD នឹងត្រូវអវត្តមានការប្រកួតដល់ចប់រដូវកាលនេះ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរកជើង។ កីឡាករអន្តរជាតិកូតឌីវ័ បានទទួលរងរបួស នៅក្នុងអំឡុងពេលនៃការហ្វឹកហាត់របស់គេកាលពីពេលថ្មីៗនេះ។ ជុំវិញបញ្ហារបួស Diallo បានបង្ហោះសារនៅក្នុងគណនី Instagram ថា “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយជាអកុសល ខ្ញុំនឹងអវត្តមានជាច្រើនខែព្រោះរបួស។ ប៉ុន្តែខ្ញុំនឹងត្រលប់មកវិញខ្លាំងជាងពេលណាៗទាំងអស់។ អវត្តមានរបស់កីឡាកររវ័យ២២ឆ្នាំ បានប៉ះទង្គិចយ៉ាងខ្លាំងដល់រដូវកាលដ៏លំបាកសម្រាប់ក្រុមបិសាចក្រហម ដោយកីឡាកររូបនេះ ជាកម្លាំងសំខាន់មួយរបស់គ្រូបង្វឹកលោក Ruben Amorim ដោយបានស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងចែកបាល់សម្រេចទី៦ដង ក្នុងការលេង ២២ ប្រកួតនៅក្នុងក្របខណ្ឌ Premier League ។ បញ្ហារបស់ Amad Diallo កើតឡើងចំពេលដែល Man UTD កំពុងមានកីឡាកររបួសច្រើនរូបដែលមានដូចជា Lisandro Martinez និង Kobbie Mainoo ជាដើម។ លោក Ruben Amorim ត្រូវបង្ខំចិត្តនាំយកកីឡាករយុវជនមួយចំនួនដូចជា Chido Obi, Ayden Heaven, Sekou Kone, Harry Amass និង Jack Fletcher មកជាកីឡាករបម្រុងសម្រាប់ការប្រកួតជាបន្ត។ ទោះយ៉ាងណា សម្រាប់ការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍កន្លងទៅ Man UTD នៅតែជួបប្រទះលទ្ធផលមិនល្អដោយបានចាញ់ Tottenham Hotspur ១-០។ Man UTD បានរអិលចុះទៅដល់លេខ១៥ ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេស ដោយមាន ២៩ពិន្ទុ ពីលើតំបន់កាត់ចោល១២ពិន្ទុ៕
8 months ago
ខ្សែប្រយុទ្ធ Kylian Mbappe នឹងវិលមកកាន់ក្រុមជម្រើសជាតិបារាំងវិញនៅខែមីនា
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង ខ្សែប្រយុទ្ធ Kylian Mbappe នឹងវិលមកចូលរួមជាមួយក្រុមវិញ នៅខែមីនា ខាងមុខពេលពួកគេត្រូវចូលរួមការប្រកួត UEFA Nations League។ នេះបើតាមការប្រកាសពីគ្រូបង្វឹកលោក Didier Deschamps ។ កីឡាករវ័យ២៦ឆ្នាំ Mbappe ដែលបានបង្ហាញខ្លួនចំនួន ៨៦ដង ស៊ុតបាន ៤៨គ្រាប់ អោយក្រុមរហស្សនាមមាន់គកនោះ មិនត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមសម្រាប់លការប្រកួត UEFA Nations League កាលពីខែតុលា និង វិច្ឆិកា ទេ ក្រោយរូបគេបានចាកចេញពីក្លិបបារាំង Paris Saint-Germain ទៅចូលរួមក្លិបអេស្ប៉ាញ Real Madrid រួចមក។ ទោះយ៉ាងណា ឥឡូវនេះ Kylian Mbappe ត្រូវបានដឹងថា នឹងវិលមករួមក្រុមជម្រើសជាតិបារាំងវិញសម្រាប់ការប្រកួតចាប់ពីខែមីនាទៅ។ ជុំវិញរឿងនេះ គ្រូបង្វឹក លោក Didier Deschamps បានអោយដឹងក្នុងកិច្ចសម្ភាសជាមួយសារពត៌មាន L'Equipe ថា “ជាការពិតណាស់ Mbappe នឹងនៅទីនោះជាមួយពួកយើ សម្រាប់ហេតុផលជាក់លាក់យើងមិនដឹងនោះទេ ប៉ុន្តែគេនឹងមកចូលរួមជាមួយពួកយើង ប្រសិនបើគ្មានអ្វីកើតឡើងចំពោះរូបគេនៅចន្លោះពេលនោះ។” ដោយឡែក ប្រតិទិននៃការប្រកួតបាល់ទាត់បានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កីឡាករដែលរួមមានទាំង Mbappe ផងដែរ ជាមួយនឹងការកើនឡើងចំនួននៃការប្រកួតដែលអាចនាំអោយកីឡាកត្រូវជួបប្រទះភាពនឿយហត់រាងកាយ និងងាយប្រឈមការមានរបួស។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe បាននិយាយកាលពីខែធ្នូថា រូបគេប្តេជ្ញាចិត្តទៅជួយក្រុមជម្រើសជាតិបារាំងបើទោះបីពីមុនគេបានអវត្តមាន ក៏ដោយ។
8 months ago
គ្រូ Real Madrid ថា ខ្លួនមានមោទនភាពបំផុតក្រោយវាយបកឈ្នះ Man City នៅ UEFA Champions League
គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា លោកពិតជាមានភាពរីករាយនិងមោទនភាព ដែលកូនក្រុមរបស់លោកបានប្រឹងប្រែងរហូតអាចវាយបកយកឈ្នះក្រុម Man City ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ Playoff កាលពីយប់មិញ។ ជាការពិត Real Madrid បានវាយបកឈ្នះ Man City ដោយលទ្ធផល ៣-២ ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Etihad។ Erling Haaland ជាអ្នករកគ្រាប់បាល់សម្រាប់ ម្ចាស់ផ្ទះ Man City មុនក្នុងនាទី១៩ នៃវគ្គទី១។ នៅក្នុងវគ្គទី២ នាទី៦០ Kylian Mbappé បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀវ Real Madrid ប៉ុន្តែនទី៨០ Erling Haaland បានទាត់បាល់ពិន័យ១១ម៉ែត្រ ផ្តល់ការនាំមុខដល់ Man City ជាថ្មី។ បែបនេះក៏ដោយ Real Madrid នៅតែបន្តការវាយលុក រហូតតាមបាន២គ្រាប់បន្ថែមទៀត ដោយ Brahim Díaz នៅនាទី៨៦ និង Jude Bellingham នៅនាទី៩០+២។ ជាមួយនឹងជ័យជំនះនេះ លោក Ancelotti បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំ Real Madrid ទៅកាន់ភាពជោគជ័យជាលើកដំបូងរបស់ពួកគេនៅឯកីឡដ្ឋាន Etihad ដែលជាជ័យជំនះដែលលោកគិតថាសមនឹងទទួលបានដោយសារតែការព្យាយាម និងឱកាសដែលក្រុមបានបង្កើត។
8 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport