List News
គ្រូ Liverpool សរសើរកូនក្រុមក្រោយយកឈ្នះ Man City ដល់ក្នុងទឹកដី
លោក Arne Slot គ្រូបង្វឹក Liverpool បានលើកសរសើរមិនដាច់ពីមាត់ទៅលើការលេងល្អរបស់កូនក្រុមខ្លួនក្រោយពីពួកគេអាចស៊ុតបាល់បញ្ចូលទីដើម្បីយកឈ្នះលើ Man City ដល់ក្នុងកីឡដ្ឋាន Etihad ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ស្ថិតិនៃការប្រកួតនេះ Man City អាចគ្រប់គ្រងទីលានបាន៦៦ភាគរយ ឱកាសស៊ុត១៦ដង ខណៈ Liverpool មានឱកាសស៊ុតតែ៨ដង។ ទោះយ៉ាងណា Liverpool បង្ហាញការលេងល្អជាង ហើយអាចរកគ្រាប់បាល់នាំមុខ២គ្រាប់មុននៅក្នុងវគ្គទី១ ដោយ Mohamed Salah ធ្វើបាននៅនាទី១៤ និង Dominik Szoboszlai ធ្វើបាននៅនាទី៣៧។ នៅក្នុងវគ្គទី២វិញ Liverpool ស្ទើរតែរកបាន១គ្រាប់ទៀតដោយ Curtis Jones ស៊ុតនៅនាទិ៥៦ តែត្រូវបាន VAR បដិសេធវិញ។ សម្រាប់ក្រុមម្ចាស់ផ្ទះ Man City មិនអាចរកគ្រាប់ពីសំណាញ់ទីក្រុមគូប្រជែងបានទេ ខណៈលទ្ធផល Man City ០ Liverpool ២ បន្តដល់ចប់ការប្រកួត។ ជាមួយនជ័យជំនះនេះត្រូវបានគ្រូបង្វឹក Liverpool លោក Arne Slot យល់ថា ជាជោគជ័យដ៏ធំមួយ ដែលក្រុមអាចធ្វើបាន គឺការស៊ុតបញ្ចូលទីក្នុងទឹកដីក្រុមជើងខ្លាំងដូចជា Man City ដែលធ្វើអោយភាពក្លៀវក្លានិងការប្រជែងជើងឯក Premier League របស់ក្រុមកាន់តែមានភាពរលូនឡើងបន្ថែមទៀត។ លោក Arne Slot បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ប្រសិនបើអ្នកលេងនៅកីឡដ្ឋាន Etihad ហើយឈ្នះនៅទីនោះទៀត វាតែងតែជាការឈ្នះដ៏ធំ ព្រោះអ្នកលេងជាមួយក្រុមខ្លាំងដូចជាក្រុមរបស់លោក Pep Guardiola វាស្ទើរតែមិនអាចមានបាល់ច្រើនជាងក្រុមរបស់គាត់នោះទេ។ ដូច្នេះ យើងដឹងថាយើងត្រូវតែការពារអោយបានច្រើន ហើយនោះជាអ្វីដែលយើងធ្វើបានយ៉ាងល្អ ហើយបន្ទាប់មកពេលវេលាដ៏ល្អមួយចំនួនក្នុងការវាយបកបាននាំអោយពួកយើងឈ្នះការប្រកួត។ វាជារឿងដ៏រីករាយសម្រាប់ពួកយើង។” ឆ្លងកាត់២៧ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រុម Liverpool ឈ្នះ១៩ ស្មើ ៧ ចាញ់ ១ មាន ៦៤ពិន្ទុ បង្កើនការនាំមុខលើក្រុមលេខ២ Arsenal ដល់ទៅ ១១ពិន្ទុ។ រីឯក្រុមការពារជើងឯក Man City វិញនៅលេខ៤ មាន ៤៤ពិន្ទុ៕
7 months ago
ខ្សែប្រយុទ្ធ Matheus Cunha ថា ខ្លួនមិនពិចារណាចាកចេញពី Wolverhampton ទេ
ខ្សែប្រយុទ្ធ Matheus Cunha បាននិយាយថា រូបគេមិនបានពិចារណាក្នុងការចាកចេញពីក្លិប Wolverhampton ទេក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។ កីឡាករប្រេស៊ីល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីកីឡដ្ឋាន Molineux ក្នុងខែមករា ដោយក្លិបដូចជា Arsenal, Tottenham Hotspurs និង Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ Matheus Cunha បានបញ្ចប់ពាក្យចចាមអារ៉ាមអំពីការផ្ទេរចេញ ដោយបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំកន្លះនៅដើមខែកុម្ភៈ។ Cunha បាននិយាយថា “Wolves បាន បើកទ្វារ សម្រាប់ខ្ញុំនៅពេលដែលក្លិបបានចុះហត្ថលេខាលើរូបខ្ញុំដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid ។ ខ្ញុំមិនដែលគិតអំពីការចាកចេញទេនិយាយដោយស្មោះត្រង់។ ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំតែងតែនិយាយថានេះគឺជាក្លិបដែលផ្តល់ឱកាសអោយខ្ញុំ ហើយខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំចង់ប្រគល់អ្វីគ្រប់យ៉ាងអោយក្លិបវិញ ដូច្នេះការចាកចេញក្នុងស្ថានភាពបែបនេះគឺពិបាកណាស់។ ខ្ញុំសប្បាយចិត្តដែលបាននៅទីនេះ។ ខ្ញុំសង្ឃឹមថានឹងបន្តធ្វើរឿងល្អៗ។” Matheus Cunha គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ Wolverhampton នៅរដូវកាលនេះ ដោយរកបាន ១៣ គ្រាប់ក្នុង ២៥ ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ តួយ៉ាង កីឡាករវ័យ២៥ឆ្នាំ ទើបតែរកបានគ្រាប់បាល់ជួយអោយ Wolverhampton ឈ្នះ Bournemouth ១-០ ក្នុងការប្រកួត Premier League ចុងសប្តាហ៍កន្លងទៅ។ ទោះយ៉ាងណា Wolverhampton មិនទាន់មានសុវត្ថិភាពទាំងស្រុងនោះទេ ដោយពួកគេកំពុងឈរលេខ ១៧ មាន ២២ពិន្ទុ ពីលើតំបន់កាត់ចោលតែ៥ពិន្ទុ៕
7 months ago
លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្លិប Feyenoord
ក្លិបហូឡង់ Feyenoord បានបញ្ជាក់ថា លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ដែលជាការវិលត្រឡប់ទៅកាន់ក្លិបដែលលោកបានចាប់ផ្តើម និងបញ្ចប់អាជីពលេងជាកីឡាករ។ បុរសសញ្ជាតិហូឡង់វ័យ ៤១ ឆ្នាំ បានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ហើយនឹងត្រូវបានចូលរួមដោយជំនួយការគ្រូបង្វឹក Rene Hake ដែលបានធ្វើការរយៈពេលខ្លីក្រោមការដឹកនាំរបស់លោក Erik ten Hag នៅ Man UTD មុនពេលរូបលោកត្រូវបានបណ្តេញចេញពីកីឡដ្ឋាន Old Trafford។ លោក Van Persie បានប្រាប់គេហទំព័ររបស់ក្លិបថា “អ្នករាល់គ្នាដឹងថាចំណងមិត្តភាពរបស់ខ្ញុំជាមួយនឹង Feyenoord គឺពិសេស។ ខ្ញុំកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំង ដើម្បីធ្វើការជាមួយក្រុមកីឡាករនៅទីនេះ ដើម្បីស្វែងរកភាពជោគជ័យជាមួយគ្នា។" សម្រាប់ថ្នាក់ដឹកនាំរបស់ក្លិប Feyenoord លោក Dennis te Kloese បាននិយាយថា លោក Van Persie សមនឹងទម្រង់គ្រូបង្វឹកដែលពួកគេកំពុងស្វែងរក។ លោក Te Kloese បាននិយាយថា “យើងពិតជារីករាយណាស់ដែលជាមួយវត្តមានរបស់លោក Robin van Persie នាមជាគ្រូបង្វឹកថ្មីរបស់ Feyenoord ។ លោក Robin ស្គាល់ក្លិបបានយ៉ាងល្អមិនគួរអោយជឿ ហើយដឹងច្បាស់ពីអ្វីដែលត្រូវការដើម្បីសម្រេចបានលទ្ធផល។ ជាមួយនឹងបទពិសោធន៍អន្តរជាតិដ៏ធំធេងលោក Robin អាចជួយកីឡាករអភិវឌ្ឍបន្ថែមទៀតនៅទីនេះ។ លើសពីនេះទៅទៀត ចក្ខុវិស័យបាល់ទាត់របស់គាត់សមឥតខ្ចោះជាមួយនឹងអ្វីដែលយើងមាននៅក្នុងចិត្តនៅ Feyenoord ។” លោក Robin Van Persie បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់អាជីពនៅក្នុងឆ្នាំ ២០០១ ជាមួយ Feyenoord នេះដោយស៊ុតបញ្ចូលទីបាន ៤៦ គ្រាប់ពីការបង្ហាញខ្លួន ១២៣ ប្រកួត ក្នុងការចូលលេងចំនួន ២លើក គឺចាប់ពីឆ្នាំ ២០០១-២០០៤ និង ២០១៧-២០១៩។ លោក Robin Van Persie ក៏ធ្លាប់លេងអោយក្លិបធំៗដទៃទៀតដូចជា Arsenal, Manchester United និង Fenerbahce ។ លោក Van Persie បានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Heerenveen ក្នុងនាមជាគ្រូបង្វឹកនៅដើមរដូវកាលនេះ។ យ៉ាងណា Feyenoord បានទិញផ្តាច់កុងត្រារបស់លោក Van Persie ដើម្បីនាំយករូបលោកមកចូលរួម ៕
7 months ago
Man UTD ប្រកាសការខាតបង់ប្រាក់ចំណូលប្រមាណ៦,២ លានផោន
ក្លិប Man UTD បានរាយការណ៍ពីការខាតបង់ចំណូលចំនួន ៦,២ លានផោន នៅក្នុងត្រីមាសទី២ដែលរងផលប៉ះពាល់ដោយសារការទទួលបានប្រាក់ចំណូលទាប ខណៈដែលក្លិបបានលេងត្រឹមពានរង្វាន់ UEFA Europa League ដែលមិនសូវទទួលបានប្រាក់រង្វាន់ច្រើន ជំនួសអោយការប្រកួតពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។ ក្លិបបិសាចក្រហមបានប្រកាសថាប្រាក់ចំណូលបានធ្លាក់ចុះមកត្រឹមចំនួន១៩៨,៧លានផោនសម្រាប់រយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៤ ដោយធ្លាក់ចុះមកពីចំនួន ២២៥,៨លានផោន សម្រាប់រយៈពេលដូចគ្នាកាលពី ១២ ខែមុន។ សរុបមក ក្លិប Man UTD ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៣,១លានផោន ដែលជាការធ្លាក់ចុះពី ២៧,៥ លានផោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ បន្ទាប់ពីចំណាយ ១៤,៥ លានផោនលើការបណ្តេញគ្រូបង្វឹកលោក Erik ten Hag និងក្រុមបុគ្គលិកគ្រូបង្វឹករបស់លោករួមទាំងការចំណាយលើការជួល និងបណ្តេញអតីតនាយកកីឡា លោក Dan Ashworth ក្នុងរយៈពេល ៥ខែ ដែលចំណាយអស់ ៤,១ លានផោន។ សេចក្តីប្រកាសរបស់ ក្លិប Man UTD ចំពេលដែលក្លិបបានធ្វើការកាត់បុគ្គលិកបន្ថែមជិត២០០នាក់ រួមទាំងជាការឆ្លើយតបទៅនឹងការរិះគន់របស់អ្នកគាំទ្រអំពីការដំឡើងថ្លៃសំបុត្រដល់ ៦៦ផោន ក្នុងមួយប្រកួត មិនលើកលែងទាំងអ្នកគាំទ្រចូលនិវត្តន៍ ឬ កុមារនោះឡើយ។ ការសម្រេចចិត្តនេះក៏ត្រូវបានក្លិប Man UTD អះអាងថា ជាការធ្វើឡើងយ៉ាងលំបាក ហើយក្លិបមិនចង់ប្រឈមនឹងការបំពានច្បាប់ប្រាក់ចំណេញនិងនិរន្តរភាពរបស់ Premier League ។ ទោះជាយ៉ាងណាក៏ដោយ ក្លិប Man UTD បានព្យាករណ៍ថាប្រាក់ចំណេញស្នូលប្រចាំឆ្នាំដែលត្រូវបានកែសម្រួលពី ១៤៥ លានផោនទៅ ១៦០ លានផោន នឹងនៅតែរក្សាការព្យាករណ៍ ពេញមួយឆ្នាំមិនផ្លាស់ប្តូរ៕
8 months ago
ខ្សែការពារ Takehiro Tomiyasu នឹងអវត្តមានដល់ចប់រដូវកាលព្រោះរបួសជង្គង់
ខ្សែការពារ Takehiro Tomiyasu នឹងអវត្តមានការប្រកួតជាមួយក្រុម Arsenal រហូតដល់ចប់រដូវកាលនេះ ព្រោះរបួសជង្គង់ស្តាំដែលតម្រូវអោយរូបគេធ្វើការវះកាត់ព្យាបាល។ កីឡាករជប៉ុន បានបង្ហាញខ្លួនត្រឹមតែ១ប្រកួតសម្រាប់ក្រុមកាំភ្លើងធំនៅរដូវកាល ២០២៤-២៥ ដោយការបង្ហាញខ្លួននោះរូបគេចូលលេងក្នុងនាមជាកីឡាករបម្រុងថែមទៀត ក្នុងជំនួបដែល Arsenal ឈ្នះ Southampton ៣-១ កាលពីដើមខែតុលាកន្លងទៅ។ ដំបូងឡើយ Takehiro Tomiyasu បានព្យាបាលរបួសរបស់ខ្លួន នៅមុនការប្រកួតបើករដូវកាល ហើយត្រូវវះកាត់នៅខែសីហា ប៉ុន្តែរូបគេត្រូវការវះកាត់បន្ថែមទៀត បន្ទាប់ពីបញ្ហាជង្គង់នៅតែបន្តកើតមាន។ កីឡាករវ័យ២៦ឆ្នាំ បានចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទា ដែល Arsenal បាននិយាយថា ត្រូវបានរំពឹងថានឹងមានរយៈពេលរហូតដល់ចុងឆ្នាំនេះ។ ជុំវិញបញ្ហានេះ Tomiyasu បានបង្ហោះនៅលើ Instagram ថា “វាជារយៈពេលដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្ញុំ ហើយវាបន្តទៅមុខទៀត ប៉ុន្តែខ្ញុំនឹងមិនបោះបង់។ អរគុណសម្រាប់ការគាំទ្រ និងជួបគ្នាឆាប់ៗនៅលើទីលាន។” ក្រុម Arsenal របស់គ្រូបង្វឹក លោក Mikel Arteta បានជួបប្រទះបញ្ហាកីឡាករសំខាន់ៗរងរបួស ជាច្រើនរូបក្នុងរដូវកាលនេះ ដោយខ្សែប្រយុទ្ធ Kai Havertz និង Gabriel Jesus ត្រូវអវត្តមានសម្រាប់យុទ្ធនាការដែលនៅសល់ ខណៈដែលខ្សែបម្រើស្លាប Bukayo Saka និង Gabriel Martinelli និងខ្សែការពារស្តាំ Ben White ក៏រងរបួសផងដែរ៕
8 months ago
Arsenal ប្រកាសប្រាក់ចំណូលរបស់ក្លិបចំនួន ៦១៦,៦ លានផោន
ក្លិប Arsenal បានប្រកាសប្រាក់ចំណូលរបស់ក្លិបចំនួន ៦១៦,៦ លានផោន ប៉ុន្តែបានខាតបង់សរុបចំនួន ១៧,៧ លានផោន សម្រាប់ការប្រកាសហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤។ Arsenal បានវិលត្រឡប់ទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League កាលពីរដូវកាលឆ្នាំ ២០២៣-២៤ ដោយឈានដល់វគ្គ ៨ក្រុមចុងក្រោយ ដែលបានរួមចំណែកឆ្ពោះទៅរកការកើនឡើងចំណូល ៧១,១ លានផោននៅក្នុងការប្រកាសប្រាក់ចំណូល និងការកើនឡើង២៩,១ លានផោននៅក្នុងប្រាក់ចំណូលរកបានក្នុងថ្ងៃប្រកួត។ ក្រុមរបស់គ្រូបង្វឹកលោក Mikel Arteta បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Premier League ខណៈដែលក្រុមនារី Arsenal ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Women's Super League និងបានឈ្នះពានរង្វាន់ League Cup ផងដែរ កាលពីរដូវកាលមុន។ ប្រាក់ចំណូលកំណត់ត្រារបស់ Arsenal តំណាងអោយការកើនឡើង ៣២,១ភាគរយ ឬ ៤៦៦,៧ លានផោនដែលបានប្រកាសក្នុងខែឧសភា ឆ្នាំ ២០២៣ ខណៈការខាតបង់សរុប ១៧,៧ លានផោនមុនការបង់ពន្ធគឺជាការថយចុះ ៦៦ភាគរយ លើការខាតបង់ប្រមាណ៥២,១លានផោនរបស់ក្លិបក្នុងយុទ្ធនាការរដូវកាល ២០២២-២៣។ ការទទួលបានកៅអីចូលលេងពានរង្វាន់ UEFA Champions League របស់ Arsenal បានរួមចំណែកដល់ការបង្កើនប្រាក់ចំណូលពី ១៩១,២ លានផោនដល់ ២៦២,៣ លានផោន និងប្រាក់ចំណូលប្រចាំការប្រកួតពី ១០២,៦ លានផោនដល់ ១៣១,៧ លានផោន។ Arsenal បានរាយការណ៍ថា តម្លៃប្រាក់ចំណូលបានកើនឡើងយ៉ាងខ្លាំង កើនឡើងស្ទើរតែ ៤០ភាគរយ គឺពី ២៣៤,៨ លានផោនដល់ ៣២៧,៨លានផោន ដែលត្រូវបានជំរុញដោយការវិនិយោគលើប្រាក់ឈ្នួលរបស់កីឡាករទាំងក្នុងក្រុមបុរស និងក្រុមនារី។ ប្រាក់ចំណេញលើការលក់ និងប្រាក់បានពីការកម្ចីកីឡាករបានកើនឡើងដល់ ៥២,៤ លានផោន កើនឡើងពី ១២,២ លានផោន ប៉ុន្តែថ្លៃកម្រៃជើងសារបានកើនឡើងពី ៦,២ លានផោនដល់ ១៨,៤ លានផោន។ Arsenal បាននិយាយថា ប្រាក់ចំណេញនៃការជួញដូរកីឡាករបន្តជះឥទ្ធិពលយ៉ាងសំខាន់លើប្រាក់ចំណេញសរុប ហើយសមត្ថភាពរបស់ក្លិបក្នុងការយល់ដឹងពីប្រាក់ចំណេញក្នុងកំឡុងរដូវកាលឆ្នាំ ២០២៣-២៤ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរម្តងទៀតដោយលក្ខខណ្ឌទីផ្សារ ជាមួយនឹងការថយចុះនៃសាច់ប្រាក់សរុប ខណៈដែលថវិការបស់ក្លិបបន្តរងឥទ្ធិពលដោយសម្ពាធហិរញ្ញវត្ថុ។ ក្លិបកាំភ្លើងធំក៏បានអះអាងដែរថា ការបន្តកិច្ចព្រមព្រៀងរបស់ក្លិបជាមួយក្រុមហ៊ុន Emirates បានជួយដល់ប្រាក់ចំណូលពាណិជ្ជកម្ម កើនឡើងពី ១៦៩,៣ លានផោនដល់ ២១៨,៣ លានផោន៕
8 months ago
គ្រូ Liverpool ខកចិត្តក្រោយមិនអាចរកបានជ័យជំនះទល់នឹង Aston Villa
ក្រុម Liverpool បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹង ក្រុម Aston Villa នៅក្នុងជំនួបក្របខណ្ឌ Premier League ដែលធ្វើឡើងនាកីឡដ្ឋាន Villa Park កាលពីយប់មិញ។ ជាក់ស្តែង ការប្រកួតនោះ Mohamed Salah ជាអ្នករកគ្រាប់បាល់បើកឆាក អោយក្រុមភ្ញៀវ Liverpool មុនក្នុងនាទី២៩ ប៉ុន្តែនាទី៣៨ Youri Tielemans បានតាមសងស្មើអោយក្រុមម្ចាស់ផ្ទះ Aston Villa។ នៅនាទី ៤៥+៣ Ollie Watkins បានរកគ្រាប់បាល់អោយ Aston Villa នាំមុខវិញមុនចប់វគ្គទី១។ ចូលមកដល់វគ្គទី២ ការវាយសម្រុករបស់ក្រុមទាំងសងខាង នៅតែកើតមាន ប៉ុន្តែនៅនាទី៦១ Trent Alexander-Arnold ក៏បានរកគ្រាប់បាល់តាមស្មើអោយ Liverpool ដោយលទ្ធផលនេះក៏បន្តដល់ចប់ការប្រកួត។ ទទួលបានត្រឹមលទ្ធផលស្មើគ្នាដូចនេះ បានធ្វើអោយគ្រូបង្វឹក Liverpool លោក Arne Slot មានការខកចិត្ត ព្រោះលោកបានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ ចំពោះការលេងរបស់កូនក្រុម។ លោក Arne Slot បានថ្លែងថា “ យើងលេងបានល្អ និង មានឱកាសពិសេសៗជាច្រើន ប៉ុន្តែយើងបែរជាមិនអាចទទួលបានជ័យជំនះទៅវិញ។ វាជាការប្រកួតដ៏អស្ចារ្យ ប៉ុន្តែខ្ញុំខកចិត្តជាមួយនឹងលទ្ធផលដែលយើងទទួលបាន។” ចែកគ្នា១ពិន្ទុក្នុងការប្រកួតនេះក៏ពិតមែន ប៉ុន្តែ Liverpool នៅតែរក្សាកំពូលតារាងលីគកំពូលអង់គ្លេស ដោយមាន៦១ពិន្ទុ ពីលើក្រុមលេខ២ Arsenal ៨ពិន្ទុ ។ រីឯ Aston Villa នៅលេខ៩ មាន ៣៩ពិន្ទុ៕
8 months ago
គ្រូ Real Madrid ថា Kylian Mbappe អាចមានកម្រិតស្មើ Cristiano Ronaldo ក្រោយស៊ុត Hat-Trick ក្នុងការប្រកួតឈ្នះ Man City
ក្រុម Real Madrid បានបន្តទទួលជ័យជំនះទៅលើក្រុម Man City នៅក្នុងជំនួបជើងទី២ វគ្គ Playoff នៃពានរង្វាន់ UEFA Champions League តាមរយៈលទ្ធផល ៣-១។ ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Real Madrid មានទម្រង់លេងយ៉ាងល្អ ដោយកែលបាល់ត្រឹមតែ៤នាទី ពួកគេក៏អាចរកគ្រាប់បើកឆាកនាំមុខដោយការស៊ុតរបស់ Kylian Mbappe។ នាទី៣៣ កីឡាករបារាំង ក៏បន្តរកបានគ្រាប់បាល់ទី២ មុនចប់វគ្គទី១។ ចូលដល់វគ្គទី២ ក្រុម Real Madrid នៅតែបន្តការលេងស៊ីចង្វាក់ ហើយ Kylian Mbappe ដដែល ក៏រកបានគ្រាប់ទី៣របស់ខ្លួន និង ជាគ្រាប់ទី៣របស់ក្រុម។ សម្រាប់ក្រុមភ្ញៀវ Man City វិញ មិនបានបោះបង់ការតស៊ូនោះទេ ដោយប្រឹងប្រែងវាយសម្រុកហើយតាមបាន១គ្រាប់មកវិញ នៅចុងម៉ោងនាទី៩០+២ ដោយ Nico González ប៉ុន្តែមិនអាចរារាំង Real Madrid មិនអោយទទួលជ័យជំនះនោះទេ។ កាលពីការប្រកួតជើងទី១ នៅកីឡដ្ឋាន Etihad ក្រុម Real Madrid បានឈ្នះ Man City ដោយលទ្ធផល ៣-២ បូកទាំងជើងទី២នេះទៀត Real Madrid បានឈ្នះ Man City ដោយលទ្ធផលសរុប ៦-៣ ដែលធ្វើអោយពួកគេជាក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ ជោគជ័យដ៏ធំដែលបានមកពីការលេងបានល្អរបស់កូនក្រុម និងជាពិសេសការស៊ុតបញ្ចូលទីជាបន្តបន្ទាប់របស់ Kylian Mbappe បានធ្វើអោយគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការពេញចិត្ត និង លើកសរសើរថា រូបគេនឹងអាចឈានដល់កម្រិតកំពូលដូចខ្សែប្រយុទ្ធ Cristiano Ronaldo។ លោក Carlo Ancelotti អោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ Kylian Mbappe មានគុណភាព និង សមត្ថភាពដល់កម្រិត Cristiano Ronaldo។ គេបានព្យាយាមណាស់ ដើម្បីសម្រេចដល់កម្រិត ដូចកាលពី Cristiano Ronaldo ធ្វើបានដែរ។ គេទើបតែរកឃើញទម្រង់លេងល្អជាមួយក្រុមក្នុងរយៈពេលខ្លី ហើយវាពិតជាពិសេស។ ខ្ញុំពេញចិត្តចំពោះការខិតខំរបស់គេ។” សម្រាប់ការឡើងទៅកាន់វគ្គ១៦ក្រុម UEFA Champions League នេះដែរ Real Madrid នឹងត្រូវរង់ចាំជួបក្រុម Atlético Madrid ឬក៏ Bayer Leverkusen ដែលនឹងធ្វើការចាប់ឆ្នោតផ្គូផ្គងនៅពេលឆាប់ៗ៕
8 months ago
ទោះបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តែគ្រូ Bayern Munich ត្អូញត្អែរការប្រកួតមមាញឹកពេក
ក្រុម Bayern Munich បានបញ្ចប់ការប្រកួតជើងទី២ វគ្គ Playoff ពានរង្វាន់ UEFA Champions League ដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹង ក្រុមស្កុតឡេន Celtic ដែលធ្វើឡើនាកីឡដ្ឋាន Allianz Arena។ ការប្រកួតកាលពីយប់មិញនេះ មិនមានគ្រាប់បាល់កើតឡើងនោះទេ នៅក្នុងវគ្គទី១។ ឈានដល់វគ្គទី២ នាទី៦៣ កីឡាករ Nicolas Kühn បានរកគ្រាប់បើកឆាក និងជាគ្រាប់បាល់នាំមុខសម្រាប់ Celtic។ យ៉ាងណា នៅនាទី ៩០+៤ Alphonso Davies បានរកគ្រាប់បាល់តាមស្មើអោយក្រុមម្ចាស់ផ្ទះ Bayern Munich វិញមុនចប់ការប្រកួត។ កាលពីការប្រកួតជើងទី១ Bayern Munich បានទទួលជ័យជំនះលើ Celtic ២-១ បូករួមលទ្ធផលជើងទី២នេះទៀត ធ្វើអោយ Bayern Munich ឈ្នះ Celtic លទ្ធផលសរុប ៣-២ ដែលធ្វើអោយពួកគេជាក្រុមទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ ទោះជាទទួលបានកៅអីទៅកាន់វគ្គបន្តក៏ពិតមែន ជាជាងរីករាយ ប៉ុន្តែគ្រូបង្វឹក Bayern Munich លោក Vincent Kompany បែរជាមានការត្អូញត្អែរ ពីកាលវិភាគប្រកួតដ៏មមាញឹក ដែលធ្វើអោយក្រុមរបស់លោកមានភាពនឿយហត់ជាខ្លាំង។ ជាក់ស្តែង ក្រោយចប់ការប្រកួតនេះហើយ ក្រុម Bayern Munich នឹងត្រូវបន្តការប្រកួតក្របខណ្ឌ Bundesliga ដោយត្រូវជួប Eintracht Frankfurt នៅ៣ថ្ងៃបន្ទាប់ពីនេះ។ លោក Vincent Kompany បានអោយដឹងយ៉ាងដូច្នេះ “យើងនៅទីក្រុង Glasgow កាលពីថ្ងៃពុធ ត្រលប់មកវិញនៅថ្ងៃព្រហស្បតិ៍្ត។ បន្ទាប់មកយើងត្រូវធ្វើដំណើរទៅ Leverkusen ប្រកួតបន្តទៀត។ យើងត្រូវចំណាយថាមពលច្រើនណាស់បន្ទាប់ពីការប្រកួតទី២ក្នុងរយៈពេលខ្លីបែបនេះ។ កីឡាករត្រូវចំណាយពេលមួយថ្ងៃដើម្បីសម្រាក ហើយយើងត្រូវបន្តការប្រកួតថែមទៀត។ វាជាការប្រកួតដ៏នឿយហត់ ហើយពួកយើងពិតជាត្រូវធ្វើការធ្ងន់ខ្លាំងណាស់។” ដោយឡែក សម្រាប់ការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នេះដែរ ក្រុម Bayern Munich នឹងត្រូវចាំជួបអ្នកឈ្នះរវាង Bayer Leverkusen ឬក៏ Atlético Madrid ៕
8 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright 369Sport